ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អាទិត្យ ទី 19 ខែ វិច្ឆិកា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

តារាចម្រៀង អ៊ុំ គន្ធា រងការរិះគន់ ក្រោយ​​ជាប់ពាក់ព័ន្ធករណី​​គ្រឿងញៀននិង​​ល្បែងខុសច្បាប់

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

មានការ​រិះគន់យ៉ាង​ខ្លាំង​បន្ទាប់ពីក្រុម​មន្ត្រី​​សមត្ថកិច្ច​នៅខណ្ឌឫស្សីកែវ​បាន​ចុះ​​បង្ក្រាប​​​​កន្លែងលេងល្បែង​បាញ់​​ត្រីមួយកន្លែង ​​ដែល​​​​ក្នុងពេល​ឆែកឆេនោះ ក៏​ឃើញមាន​​ប្រភេទគ្រឿង​ញៀន​​​នៅ​ជាប់ខ្លួននឹងមនុស្ស​​៣​នាក់​ផងស្រាប់តែ​​​​ក្នុងចំណោម​នោះ​ក៏មាន​​​​អតីតតារាចម្រៀង​​អ្នកនាង ​អ៊ុំ គន្ធា​ ម្នាក់ដែរ ​ដោយ​អ្នកនាងត្រូវ​បាន​​​​មន្ត្រីកង​រាជអាវុធហត្ថ​​​​​​​អះអាងថា​​មាន​ជាប់ពាក់ព័ន្ធ​នឹង​ករណី​​​​សេពគ្រឿង​​ញៀន​នេះ​​ក្នុងពេល​​ទៅលេង​ល្បែង​​ស៊ីសង​​​​​គឺហ្គេម​បាញ់​ត្រី​ខុស​ច្បាប់។ក្រោយការ​បញ្ជូន​​​​​​​ជន​ពាក់​ព័ន្ធ​​​​៣នាក់​ដែលរួម​អតីតតារាចម្រៀង​​​រូបនេះ ដែល​ត្រូវមហាជន​និងតារាសិល្បៈ​​​​ទើបតែរួមគ្នា​ជួយ​លុយ​ជួល​កាក់​ទៅផងនោះ​​បានធ្វើអោយមានការ​រិះគន់ចំពោះ​​​ទង្វើរបស់អ្នកនាង​​យ៉ាង​ខ្លាំង​​​។ ​

​យោង​​តាម​សេចក្តីរាយការណ៍​ដែល​​​ផ្ដល់ព័ត៌មានដោយ​​​​​​​មន្ត្រី​​​សមត្ថកិច្ចដែលបានចុះ​បង្ក្រាប​ករណី​​​ល្បែង​ស៊ីសង​​ខុស​ច្បាប់​គឺហ្គេម​​​បាញ់ត្រី​​ ​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ នេះ​គណៈបញ្ជាការ​​​​​ប្រចាំ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះ​បង្ក្រាប​ទីតាំង​ Game ​បាញ់​ត្រី​លួចលាក់​មួយ​កន្លែង​ស្ថិត​នៅ​​ផ្ទះ​លេខ​២៧៣ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ហើយចាប់​បានជន​សង្ស័យនឹងគ្រឿងញៀន​​​ចំនួន​​៣​​នាក់ ដោយ​​ក្នុងចំណោម​​៣នាក់ក៏មាន​អ្នកនាង ​​អ៊ុំ គន្ធា ដែលត្រូវគេស្គាល់ថា​ជាអតីតតារាចម្រៀង និងជា​​តារា​​​ទុរគត ដែលត្រូវ​បានគេ​​​​​​​យល់ថា​ក្រ​លំបាក និង​​​ខំ​អំពាវ​​នាវ​​​រកលុយ​រកកាក់​ជួយ​ដល់អ្នកនាង​​​​មុននោះ​។

លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ​ ដែលជាអ្នក​​ដឹកនាំ​ប្រតិបត្តិការណ៍​នោះ បានអះអាងថា​​​នោះជាទីតាំង​ Game បាញ់​ត្រី​លួចលាក់ ដែលជាល្បែងស៊ីសង​​ខុស​ច្បាប់ ដែល​​ខាង​សមត្ថកិច្ច​​​​​​​​​​ទើបនឹង​​បាន​រកឃើញ​ក្រោយការ​​ស្រាវ​​ជ្រាវ​អស់​រយៈពេលមួយរយៈ។ លោកថា ក្រុម​​សមត្ថកិច្ច​​ដកហូតបាន​ទូ​បាញ់​ត្រី​ចំនួន​២និង​ឃាត់ខ្លួន​បុរស​ម្នាក់ និង​ស្ត្រី​២​​នាក់​ដែល​ក្នុង​ចំណោម​ស្ត្រី​២​នាក់​នោះ​មាន​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​តារាចម្រៀង​ជើង​ចាស់​ឈ្មោះ អ៊ុំ គ​ន្ធា ​ហើយអ្នកទាំង​​៣​ក៏​​​ត្រូវ​សមត្ថកិច្ច​​​សង្ស័យថា​បាន​សេពគ្រឿ​​ងញៀនផង។

លោកថា​​ម្ចាស់ផ្ទះដែល​​លួច​បង្កប់ ​Game ​បាញ់​ត្រី​ដោយខុស​​ច្បាប់​​​​នៅ​ទីតាំង​នោះ ​មានឈ្មោះ ទឹ​ន យូ​ឡង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ តែគេ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​​តាំង​ពីខាង​មន្ត្រី​សមត្ថកិច្ច​ចុះ​ទៅ​ដល់នោះ​​ម្ល៉េះ។ ​ទើប​​​ចាប់បានតែ​​​​​​​​ទូហ្គេម ​និង​សម្ភារៈមួយចំនួន ​​រួម​ជាមួយនឹងអ្នក​ពាក់ព័ន្ធ​។លោក​ថាសមត្ថកិច្ច​បានសម្រេច​​​​រឹបអូស​យក​ទូ​ Game ​បាញ់​ត្រី​ខាងលើ​យក​ទៅ​កម្ទេច​ចោល ​​ហើយ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ រួម​នឹង​តារាចម្រៀង​ជើង​ចាស់​ឈ្មោះ អ៊ុំ គ​ន្ធា ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​អង្វរ​កុំឱ្យ​បញ្ជូន​នាង​ទៅ​អធិការដ្ឋាន​នោះ ត្រូវ​បាន​សមត្ថកិច្ច​ប​ញ្ជួ​ន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំងអស់​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។

​ក្រោយការ​​​​ទម្លាយ​​អោយដឹង​ពីករណី​ចុះបង្ក្រាប​នេះហើយ ស្រាប់តែមានអតីតតារាចម្រៀង អ៊ុំ គន្ធា នៅក្នុង​ផងបានធ្វើ​​អោយម្នាក់​ៗ​ហួស​ចិត្ត​គ្រប់គ្នា ដែល​​​​​អ្នកនាង អ៊ុំ គន្ធា ទើបតែបានអំពាវនាវ​សុំជំនួយ​ឡើង​​ផ្អើលស្រទាប់មហាជន ​​ស្រាប់តែទៅជាប់ពាក់ព័ន្ធ​នឹង​ករណី​លេងល្បែងស៊ីសង​​ខុសច្បាប់ ហើយ​ថែមទាំងជាប់ពាក់ព័ន្ធនឹងករណី​សេពគ្រឿង​ញៀន​​​​​​​​ទៅ​ទៀត ​ដែល​នេះ​មិនគួរ​កើតឡើងចំពោះ​​អតីតតារាមួយរូប​ដែល​​​​​​​​តែងតែស្វែងរកជំនួយ​​នៅពេល​​​​ក្រលំបាកម្ដង​ៗ។

យ៉ាងណាមិញ ករណី​​ពាក់ព័ន្ធនឹង​គ្រឿងញៀនរបស់​អ្នកនាង​ អ៊ុំ គន្ធា ត្រូវបាន​ម្ដាយរបស់អ្នកនាង​​ប្រាប់​ថាមិនមែនជាលើកទី​១​នោះទេ គឺ​​តាំងពី​​អ្នកនាង​មាន​​​​ជំងឺ​​អេដស៍ដំបូង​ៗម្ល៉េះ ដោយ​ម្ដាយរបស់អ្នកនាងធ្លាប់បានផ្ដល់សម្ភាសន៍ប្រាប់​ថា​​​​​​​​​អ្នកនាង​ត្រូវបាន​​​​បញ្ជូនទៅកាន់មណ្ឌល​កែប្រែ​​​គ្រឿង​​ញៀនកាលពីមួយរយៈមុននោះ​​ផង​។តារា​​សិល្បៈដែល​បាន​​​ពាំនាំ​ជំនួយ​ជួយដល់អ្នកនាង​​​​​ក្នុងពេល​អ្នកនាង​​​​​​ដង្ហោយ​ហៅ​​បាន​​​​​​ករណីពាក់ព័ន្ធរបស់​អ្នកនាង​​​​ថា​ជា​​​​ទង្វើអស់​​កែ ដោយសារតែ​​​​​​ក្រោយចាកចេញពីមណ្ឌលកែប្រែ​អ្នកនាង ​អ៊ុំ គន្ធា បានប្រកាស​ចេញ​ពីមាត់របស់ខ្លួនហើយថា​​​​​​មិន​​​​​​ពាក់ព័ន្ធ​នឹង​ករណី​នេះជាថ្មី​ទៀតទេ ​​អោយ​តែមាន​ក្រុម​សប្បុរសជន​ជួយដល់អ្នកនាងអោយ​បានរស់និង​មាន​ម៉ូតូជិះ​ទុក​គ្រាន់​ទៅធ្វើការនឹងគេ។

​​ប៉ុន្តែផ្ទុយពីអ្វីដែល​បានសន្យា​​គឺអ្នកនាង​ទើបត្រូវគេ​ដឹង​​ថាមាន​សប្បុរសជន​​រួម​គ្នា​​ប្រមូលលុយ​ទិ​​ញ​ម៉ូតូ​ ស្កូបពី​អោយមួយគ្រឿង និង​​​​​ទទួលបានលុយ​កាក់​ឧបត្ថម្ភ​​យ៉ាងសន្ធឹកមុននេះ ស្រាប់តែ​​មានដំណឹង​ថា​​​ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីករណី​​លេងល្បែងស៊ីសង និង​​​​​ជាប់ពាក់ព័ន្ធ​នឹង​ការ​សេពគ្រឿងញៀន​​ផង​ក្នុងពេល​ចូ​លទៅលេងល្បែងខុស​ច្បាប់​​នោះ។ ​លោក ​សាវិន ហ្វីលីព ​​​តារាជើងចាស់ដែលអះអាងថា​​​ជាអ្នក​​​​​អំពាវ​រកលុយ​​​យកអោយអ្នកនាងទិញ​ម៉ូតូបានមួយគ្រឿង កាលពីអំឡុង​​​​កន្លះ​ខែមុន បាន​សម្ដែងអារម្មណ៍​ខកចិត្តដែល​អ្នកនាង​ទើបតែត្រូវបានមហាជន​អាណិតអាសូនិង​​រួមគ្នា​បេះពីមាត់​ពង្រាត់ពីករ​យកទៅជួយ ស្រាប់តែមាន​ដំណឹង​ថា​​​ទៅញៀនញ៉ាម​ល្បែងនិង​​មានពាក់ព័ន្ធ​​​​រឿងសេពគ្រឿង​ញៀន ដែ​​លលោកប្រាប់​​​​​នេះជាទង្វើ​ដែលអ្នក​សិល្បៈ និង​​​មហាជន​ទូទៅ​ស្អប់ខ្ពើម។

លោកថា​​ជារឿងអាម៉ាស់ណាស់ដែល​អ្នកនាងមិនព្រមភ្ញាក់ខ្លួន ហើយលោក​ក៏​​​​អស់ជំនឿចិត្ត​​ក្នុង​ការ​បន្ត​ស្វែងរកជំនួយ​​ទៅជួយ​ទៀត​ដែរ ប្រសិន​បើមានករណី​​​​ក្រខ្សត់ជាថ្មីម្ដងទៀត។ ​​មិនខុស​គ្នា​ដែរ ​​អ្នកនាង ​ខ្ញុង​​ បានហៅ​​​ការពាក់ព័ន្ធ​​របស់អ្នកនាង ​​អ៊ុំ គន្ធា ថា​ជាទង្វើដាំមិន​ដុះ និងថា​​​​ជា​​អ្វីដែល​​​​អ្នកសិល្បៈមិន​​អាចទទួលបាន​។អ្នកនាង​​​​​​បានលុយ​បានកាក់​ពី​ការ​​​​​ផ្ដល់ជំនួយ​គួរតែ​​​យក​​​ថវិកាទាំង​​​នោះទៅធ្វើដើមទុន និង​​​​​​​​​គិត​រឿង​អ្វីដែល​​មានតម្លៃសម្រាប់ជីវិត ​​​គឺមិនអាច​ទៅវក់នឹង​ការលេង​ល្បែង និងរឿង​​​ដែល​បំផ្លាញខ្លួនឯង​នោះទេ។ ​​​អ្នកនាងអំពាវនាវអោយអ្នកនាង ​អ៊ុំ គន្ធា ​​​​​លះបង់នូវ​ទង្វើទាំងនេះ ដោយអ្នកនាង​ប្រាប់ថា​អោយតែ​ក្រ​ពិតប្រាកដ​ អោយ​ខំ​ពិត​ប្រាកដ​ហើយនៅតែលំបាក គឺ​​​​ទាំងអ្នកនាង និងមហាជន ​មិនខ្លាចក្នុងការ​​រួមគ្នាជួយ​​​​សង្គ្រោះនោះទេ។

​​​​​​​​​​​​​ស្របគ្នានេះដែរតារា​សិល្បៈជាច្រើនផ្សេងទៀត ក៏បានបញ្ចេ​ញមតិរិះគន់ចំពោះ​អ្នកនាង ​អ៊ុំ គន្ធា ​​​ផងដែរ បើទោះជា​​មន្ត្រីមាន​សមត្ថកិច្ច​ទើបនឹង​ដាក់ការ​សង្ស័យថា​​អ្នកនាង​​​​​​​​​​នៅជាជន​សង្ស័យ​ពាក់ព័ន្ធនឹង​គ្រឿងញៀននៅឡើយ ហើយមិនទាន់មាន​​ការកំណត់​ដោយច្បាប់ណាមួយ​ថា​អ្នកនាង​ពិតជា​អ្នកទោស​​​ដែល​​​​បានសេពគ្រឿង​ញៀន​​អ៊ីចឹងមែន។ ក្រោយការ​ឃាត់​ខ្លួន ​ប្រព័ន្ធទូរស័ព្ទរបស់អ្នកនាង​ ​អ៊ុំ គន្ធា ​​​​​ត្រូវបានបិទ​មិនអាច​ធ្វើការ​​ទំនាក់ទំនង​​​​​សួរ​​​​​ព័ត៌មានបាន​នៅឡើយទេ៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់