សុខភាពរបស់ យូរ ឌីស្កូ ប្រសើរឡើងវិញ បន្ទាប់ពីទទួលការព្យាបាល នៅមន្ទីរពេទ្យប្រទេសឥណ្ឌា អស់រយៈពេល២ខែ!
(ភ្នំពេញ)៖ មហាជនបានដឹងស្រាប់ហើយថា តារាសម្ដែងលោក យូ ឌីស្កូ បានដេកសម្រាកព្យាបាលអស់រយៈពេលជាច្រើនខែ នៅប្រទេសកម្ពុជា ប៉ុន្តែតែមិនជាសះស្បើយ ក្រោយមកក៏សម្រេចចិត្ត បញ្ចូនព្យាបាលបន្តនៅប្រទេសឥណ្ឌា។ យ៉ាងណាមិញ បន្ទាប់ពីចូលបន្ទប់វះកាត់ និង សម្រាលលើគ្រែអ្នកជំងឺ អស់រយៈពេល២ខែ រួចមក កាលពីពេលថ្មីៗនេះ ស្ថានភាពជំងឺរបស់លោក យូរ ឌីស្កូ បានធូរស្រាលឡើងវិញហើយ ដោយស្ថិតក្រោមការមើលថែពីសំណាក់ ក្រុមគ្រូពេទ្យនៅទីនោះ។
បើតាមការបង្ហើបឲ្យដឹង ពីប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ឲ្យដឹងថា នៅពេលនេះ លោក យូ ឌីស្កូ បានចេញពីបន្ទប់សង្រ្គោះបន្ទាន់ (ICU) ព្រមទាំងមានសុខភាពល្អប្រសើរឡើងវិញហើយ។ គ្រាន់តែដឹងដំណឹងមួយនេះភ្លាម អ្នកគាំទ្រជាច្រើនមានក្តីរំភើប ហើយសង្ឃឹមថា ក្រោយទទួលការព្យាបាលហើយ លោក យូ ឌីស្កូ នឹងអាចត្រឡប់មកកាន់វិថីសិល្បៈវិញ បានដូចដើម។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែកន្លងមក លោក យូរ ឌីស្កូ បានហោះទៅដល់ប្រទេសឥណ្ឌា ដើម្បីធ្វើការព្យាបាលក្រលៀន និង ជំងឺទឹកនោះប្រៃ ដែលតម្រូវឲ្យរូបលោក វះកាត់ប្តូរក្រលៀនថ្មី និង ត្រូវចំណាយទឹកប្រាក់អស់ខ្ទង់ម៉ឺនដុល្លារ ដែលបានពីការរៃអង្គាសទឹកប្រាក់ពីសប្បុរសជន និង អ្នកនៅក្នុងរង្វង់សិល្បៈ៕
ប្រភព៖ Khmertalking