ស៊ូ ស៊ីរីកា ៖ បង្កើតមុខរបរលក់នំចេក នំអន្សម មិនមែនជារឿងខ្មាសគេទេ...
តារាចម្រៀងរបស់ផលិតកម្ម ថោន កញ្ញា ស៊ូ ស៊ីរីកា បានបង្កើតមុខរបរថ្មីលក់នំខ្មែរមួយរយៈមកហើយ ដែលមាននំដូចជា នំអន្សម នំបត់ នំល្ពៅ នំចេក រួមនិងនំជាច្រើនមុខផ្សេងទៀតដែលមានប្រមាណជា១០មុខ។ ការរកស៊ីដែលអ្នកដទៃយល់ថាជាជំនួញតូចតាចនេះ ស៊ូ ស៊ីរីកា ប្រាប់ថា នាងមិនខ្មាសគេទេ ព្រោះនេះជារបររកស៊ី ជាចំណង់ចំណូលចិត្តរបស់នាង ហើយការងារនេះក៏បានរួមចំណែកលើកស្ទួយនំខ្មែរផងដែរ។
ស៊ូ ស៊ីរីកា បន្តថា ជំនួញនេះមិនចំណេញច្រើនទេ តែនាងស្រឡាញ់និងចង់ធ្វើ ព្រោះជារបរប្លែកពីគេ ដូច្នេះហើយនាងមានតែសុំការគាំទ្រពីបងប្អូនខ្មែរទូទាំងប្រទេស ដើម្បីជួយឲ្យជំនួញដ៏តូចតាចរបស់នាងដំណើរការបានរលូន។ កញ្ញាបន្តថា នាងក៏សូមអរគុណ ពីសំណាក់ទស្សនិកជនដែលបានគាំទ្រ និងកុម្ម៉ង់ទិញនាពេលកន្លងមក ហើយនាងនឹងខិតខំធ្វើការងារនេះបន្តទៀត លុះត្រាតែមិនមានការផ្ដល់កម្លាំងចិត្តពីបងប្អូន។តារាចម្រៀងល្បីឈ្មោះ ស៊ូ ស៊ីរីកា បានបញ្ជាក់បន្ថែមថា សម្រាប់សេវាផ្គត់ផ្គង់គឺនាងទទួលធ្វើគ្រប់កម្មវិធី និងគ្រប់ខេត្ត ដោយមានការដឹកជញ្ជូនដល់កន្លែងផ្ទាល់តែម្ដង៕
ផ្តល់សិទ្ធិដោយ៖ kqube