ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ល្បិចឆបោកធំៗ២ប្រើក្បួន Ponzi បោកពលរដ្ឋខ្មែរអស់ទឹកប្រាក់ជាង៥០លានដុល្លារ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ល្បិចឆបោកធំៗ២ប្រើក្បួន Ponzi បោកពលរដ្ឋខ្មែរអស់ទឹកប្រាក់ជាង៥០លានដុល្លារ

Ponzi Scheme គឺជាវិធីឆបោកដ៏ពេញនិយមបំផុតមួយ ដែលមានដើមដំបូងចេញពីជនជាតិអ៊ីតាលីម្នាក់ឈ្មោះ Charles Ponzi។ រូបមន្តរបស់ស្តេចឆបោករូបនេះគឺ ប្រើល្បិចសន្យាចំពោះអ្នកវិនិយោគថ្មីៗថា នឹងផ្តល់ការប្រាក់ដ៏ខ្ពស់មួយត្រឡប់មកវិញក្នុងរយៈពេលដ៏ខ្លី ជាមួយនឹងហានិ័យដ៏តិចតួចបំផុត ហើយល្បិចរបស់ស្តេចបោករូបនេះគេចាប់ផ្តើមឃើញវត្តមាននៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។

បើទោះបីជាលោក Charles Ponzi ម្ចាស់រូបមន្តឆបោកនេះបានស្លាប់ទៅហើយក៏ដោយចុះ គេនៅតែសង្កេតឃើញរូបមន្តមួយនេះ ត្រូវបានជនខិលខូចជាច្រើនបានយកទៅប្រើប្រាស់ពាសពេញពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ អ្វីដែលគួរឲ្យកត់សម្គាល់ ប៉ុន្មានឆ្នាំចុងក្រោយនេះ​ គេចាប់ផ្តើមប្រទះឃើញរូបមន្តរបស់ស្តេចល្បិច Charles Ponzi មានវត្តមាននៅប្រទេសកម្ពុជា និងមានករណីឆបោកបានសម្រេចដោយប្រើល្បិចមួយនេះជាហូរហែផងដែរ។

ថ្ងៃនេះខ្ញុំសូមលើកយកករណីឆបោកធំៗចំនួន២លើក ដោយជនខិលខូចទាំងនោះបានប្រើក្បួន Ponzi នេះ បោកប្រាស់ពលរដ្ឋកម្ពុជាអស់ទឹកប្រាក់សរុបប្រមាណជាង៥០លានដុល្លារអាមេរិក។

កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់របស់ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនជាតិចិនសឹង្ហបុរីម្នាក់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាប់ពាក់ព័ន្ធនិង បទឆបោកប្រាក់វិនិយោគរបស់អតិថិជនជាង៣លានដុល្លារអាមេរិក ប្រុងឡើងយន្តហោះគេចខ្លួន។

ជនសង្ស័យជនជាតិចិនសឹង្ហបុរីរូបនោះមានឈ្មោះ​ ENG WEI KHIONG ភេទប្រុស អាយុ៣៤ឆ្នាំ ជានាយកក្រុមហ៊ុន ស៊ីឃ្យូខម មេឌា ត្រូវបានជាប់ចោទពីបទ ឆបោកនិងរំលោភលើសេចក្តីទុកចិត្តរបស់អតិថិជនជាង១០០នាក់ ជាមួយនិងទឹកប្រាក់៣លាន២សែនដុល្លារអាមេរិក។

តាមដំណើររឿង អំឡុងខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុន ស៊ីឃ្យូខម មេឌា បានប្រកាសផ្សាយពាណិជ្ជម្មលក់ភាគហ៊ុនដែលមានទីតាំងស្ថិតនៅក្នុងក្រុមហ៊ុន FUGI។ បន្ទាប់ពីធ្វើការផ្សព្វផ្សាយមក ធ្វើឲ្យអតិថិជនជាច្រើនមានការជឿទុកចិត្ត ហើយក៏បើកគណនីនិងធ្វើការដាក់ប្រាក់ក្នុងក្រុមហ៊ុនខាងលើជាច្រើនលានដុល្លារអាមេរិក ដើម្បីធ្វើការវិនិយោគតាមការផ្សាយអះអាងរបស់ក្រុមហ៊ុន។

ដំណើរការមិនទាន់បានកន្លះឆ្នាំផង ក្រុមហ៊ុនខាងលើបានដកនាយកជាជនជាតិខ្មែរចេញ រួចដាក់ជំនួសវិញដោយជនជាតិចិនសឹង្ហបុរីរូបនេះ ហើយចាប់ផ្តើមផ្លាស់ប្តូរលក្ខន្តិកៈ និងគោលការណ៍ផ្ទៃក្នុងរបស់ក្រុមហ៊ុនជាច្រើនចំណុច ដែលផ្ទុយពីខ្លឹមសារដើមនៃកិច្ចព្រមព្រៀង។

ចាប់តាំងពីក្រុមហ៊ុនផ្លាស់ប្តូរលក្ខន្តិកៈ និងគោលការណ៍ផ្ទៃក្នុងជាញឹកញាប់ផ្ទុយពីខ្លឹមសារកិច្ចព្រមមក ការប្រាក់ចំណេញ ដែលកាលពីមុនក្រុមហ៊ុនកំណត់ឲ្យដកក្នុងរយៈពេល១០ថ្ងៃម្តង ក្នុង១ខែ ក៏ពន្យាពេលលើសរយៈពេល១០ថ្ងៃ ដោយមិនកំណត់ពេលជាក់លាក់ទាល់តែសោះ ។ ជាងនេះទៅទៀត នាយកឈ្មោះ ENG WEI KHIONG ជនជាសឹង្ហបុរីនេះប្រើល្បិចកលលួងលោមអតិថិជន ដោយភូតកុហកថាក្រុមហ៊ុនធំនៅប្រទេសអង់គ្លេស មិនព្រមបង្វែរប្រាក់ឲ្យមកអតិថិជនទេ ដោយកំណត់ឲ្យអតិថិជនទាំងអស់បង្វែរប្រាក់ចំណេញ ទៅដាក់ជាហ៊ុនបន្ថែមនៅទីផ្សារធំប្រទេសអង់គ្លេស ហើយរង់ចាំស្ថានភាពនឹងនរ ទើបឲ្យដកប្រាក់មកឲ្យអតិថិជននៅពេលក្រោយវិញ ។

នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យព្យាយាមរត់គេចខ្លួនតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់ពេលវេលា។

ករណីធំមួយទៀត ដែលបានផ្ទុះខ្លាំងកាលពីឆ្នាំ២០១៦ ពលរដ្ឋ​រាប់រយ​នាក់ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ជាង៥​ពាន់​គ្រួសារមកពី​រាជធានី​ភ្នំពេញនិង​បណ្ដា​ខេត្ត​នានា បានដាក់​ញ្ញ​តិ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​តុលាការ រដ្ឋសភា និង​ក្រសួងយុត្តិធម៌ ដើម្បី​ទទួលបាន​ដំណោះស្រាយ​លើ​រឿង​ដែល​ពួកគាត់​ចោទក្រុមហ៊ុនមួយមានឈ្មោះថា Empire Big Capital Limited (EBC) បាន​ឆបោក​ប្រាក់អស់ប្រាក់សរុបប្រមាណ៤៦លាន​ដុល្លារអាមេរិក​។​

បើតាម​ពលរដ្ឋ​ដែល​ចូលរួម​ដាក់​ញ្ញត្តិ​លើ​ករណី​ខាងលើនេះ​បាន​ឲ្យ​ដឹង ពួកគាត់​បាន​ចាញ់បោក​ក្រុមហ៊ុន EBC ដែល​បាន​ប្រមូលប្រាក់​ដើមទុន​របស់​ពួកគាត់​ចាប់តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េស ដោយ​សន្យាថា​នឹង​ផ្ដល់​ផលចំណេញ​ជា​ភាគលាភ ១០​ភាគរយ​ក្នុង​មួយខែ ហើយក្រុមហ៊ុនសន្យាទៀតថា​នឹង​ឲ្យ​ប្រាក់​ដើម​ត្រឡប់​ទៅ​ពលរដ្ឋ​ជា​អ្នកវិនិយោគ​វិញ​ក្នុងរយៈពេល១៨ខែ។ ផ្ទុយពីការរំពឹងទុក បន្ទាប់ពីប្រមូលប្រាក់បានយ៉ាងច្រើន ក្រុមហ៊ុនចេះតែពន្យាពេលក្នុងការបង់ការប្រាក់ និងពន្យាពេលម្តងហើយម្តងទៀត រហូតដល់ចុងក្រោយក្រុមហ៊ុនមួយនេះបានប្រមូលប្រាក់ទាំងអស់រួចរត់គេចខ្លួនបាត់ស្រមោល។

ល្បិចឆបោកវិនិយោគេរបៀបនេះ ដែលអាចជាគតិសម្រាប់អ្នកចង់ធ្វើការវិនិយោគគួរសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់មុននិងសម្រេចចិត្តបោះទុនរកស៊ី។

ជាចុងក្រោយ មុននឹងសម្រេចធ្វើការបណ្តាក់ទុនទៅលើអ្វីមួយ សូមប្រុងប្រយ័ត្ន និងធ្វើការសិក្សាឲ្យបានច្បាស់លាស់ ចៀសវាងត្រូវគេបោកប្រាស់៕

អត្ថបទបទដោយ៖ សេរីនរៈវុឌ្ឍិ
ប្រភព៖ Business Cambodia

ពាក្យទាក់ទង ៖
 

មតិយោបល់