ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

អតីតអ្នករត់ម៉ូតូឌុប ចេញរកស៊ីរហូតជោគជ័យ និងជួយសង្គម ទទួលកិត្តិយសងារឧកញ៉ា ពីព្រះមហាក្សត្រកម្ពុជា

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ភិរម្យ វិចិត្រដារ៉ា

ភិរម្យ វិចិត្រដារ៉ា

ភិរម្យ វិចិត្រដារ៉ា

ភិរម្យ វិចិត្រដារ៉ា

លោកភិរម្យ វិចិត្រដារ៉ា បានផ្តើមចេញពីជីវិតអ្នករត់ម៉ូតូឌុប និងភាពតស៊ូអត់ធ្មត់ ពីសំណាក់ការមាក់ងាយពីមនុស្សដែលនៅជុំវិញខ្លួន ។ ទាំងនេះហើយធ្វើឲ្យយុវជនម្នាក់​នេះហ៊ានលះបង់ កម្លាំងកាយ និងកម្លាំងចិត្ត ជម្នះរាល់ឧបសគ្គទាំងឡាយដែលមាននៅចំពោះមុខ ។ រហូតមកដល់ពេលនេះបានក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយដោយផ្តោតលើវិស័យអចនទ្រព្យ ដីធ្លី បានទទួលជោគជ័យរហូតដល់សព្វថ្ងៃនេះ ។

រំលឹកអតីតកាល ជាជីវិតជាអ្នករត់ម៉ូតូឌុប ដឹកភ្ញៀវនៅព្រលានយន្តហោះ ខេត្តសៀមរាប បានមួយឆ្នាំនៅក្នុងអំឡុងឆ្នាំ២០០៥ ក៏ត្រឡប់មកភ្នំពេញវិញ ប្រកបរបរជាជាងភ្លើង នៅកន្លែងលក់គ្រឿងបរិក្ខាពេទ្យមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ។ ក្នុងរយៈពេលមួយឆ្នាំជីវិតជាអ្នករត់ម៉ូតូឌុប មិនអាចធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃល្អប្រសើរបានឡើយ ។ ម្យ៉ាងទៀតជាអ្នកនៅទីក្រុងភ្នំពេញផង មិនអាចសម្របខ្លួនទៅតាមអ្វីៗបានភ្លាមៗនោះឡើយ ហើយភាពស៊ីវិល័យនៅខេត្តសៀមរាប មិនទាន់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ នេះទេ ។

លោកភិរម្យ វិចិត្រដារ៉ា បានបញ្ជាក់ថា «ជីវិតរបស់ខ្ញុំទម្រាំមានថ្ងៃនេះ(ក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុន)។ លោកបានជួបឧបសគ្គជាច្រើនទាំងភាពជោគជ័យ និងបរាជ័យ កក្តាទាំងនេះហើយបានធ្វើឲ្យលោកចេះអភិវឌ្ឍន៍ខ្លួនតាមរយះការមើលសៀវភៅ គួបផ្សំនិងបទពិសោធន៍ដែលខ្លួនមានស្រាប់ ធ្វើឲ្យការងារមុខរបរសព្វថ្ងៃមានភាពរលូនទៅមុខជានិច្ច ។ អ្វីៗដែលកើតឡើងហើយយើងទទួលបានជោគជ័យដល់ថ្ងៃនេះ គឺកើតចេញពីកំលាំងញើសឈាមខិតខំតស៊ូគ្រប់បែបយ៉ាងទម្រាំឆ្លងផុតភាព លំបាកក្រខ្សត់នៃជីវិត»។

«បើគ្មានការតស៊ូជំនះគ្រប់ឧបសគ្គទេ យើងមិនអាចសម្រេចគោលដៅនិងបំណងរបស់ខ្លួនបានឡើយ យើងមិនអាច អង្គុយឈឺចាប់ នូវអ្វីៗដែលកំពុងកើតឡើងនៅក្នុងជីវិតយើងនោះទេ»។

លោកវិចិត្រដារ៉ា បានបន្ថែមថា ជាភ័ព្វសំណាងដោយសារការសេពគប់មនុស្សល្អៗ នៅក្នុងសង្គម បានធ្វើឲ្យលោកមានឱកាសបើកមុខរបរជំនួញមានលុយផ្ទាល់ខ្លួនតែ៤០០ដុល្លារអាមេរិក និងខ្ចីគេបន្ថែមបានមួយចំនួនទៀតដើម្បីបើកអាជីវកម្មខ្លួនឯង ដោយមានទំនាក់ទំនងល្អជាមួយជនជាតិចិន ពេលនោះហើយបានធ្វើឲ្យលោកមានឱកាសទៅទិញគ្រឿងសម្ភារៈ បរិក្ខាពេទ្យធ្មេញពីប្រទេសចិន មកលក់ឲ្យអតិថិជននៅរាជធានីភ្នំពេញ ។

លោកវិចិត្រដារ៉ា បានឲ្យដឹងទៀតថា ចាប់ពេលនោះមក ធ្វើឲ្យមុខជំនួញរបស់លោកមានដំណើរការទៅមុខជានិច្ច រហូតមានលុយអាចបង្កើត ក្រុមហ៊ុនមួយឈ្មោះECC Reality ផ្តោតលើវិស័យអចលនទ្រព្យ វិនិយោគដីលំនៅដ្ឋាន ។

លោកបានបញ្ជាក់ថា ផ្តើមចេញរកស៊ីលើកដំបូង បានជួបការបរាជ័យពេលនោះហើយជីវិតរបស់លោកបាត់បង់កិតិ្តយស មនុស្សដែលគេធ្លាប់ឲ្យតម្លៃគេលែងឲ្យតម្លៃ មានការមើលងាយពីមនុស្សនៅជុំវិញខ្លួនគេលែងរាប់អាន គេលែងមើលមុខពេលនោះហើយធ្វើឲ្យជីវិតរបស់លោកមានការឈឺចាប់ ។ ហើយធ្វើឲ្យលោកសម្រេចចិត្តបើកអាជីវកម្មខ្លួនឯងដើម្បីធ្វើម្ចាស់ការខ្លួនឯង ដោយមើលឃើញថា បើចង់ជោគជ័យត្រូវតែបើក ធ្វើអាជីវកម្មខ្លួនឯង ។

ការផ្តល់តម្លៃលើការទំនាក់ទំនង និងសេពគប់បុគ្គលជោគជ័យ បានរុញច្រានឲ្យលោកហ៊ានផ្លាស់ប្តូរពីអ្នកធ្វើការស៊ីប្រាក់ខែគេ ងាកមកបើកជំនួញ វិញម្តងខណៈមនុស្សមួយចំនួនមិនហ៊ានប្រថុយ ដោយខ្លួនឯងមានលុយតែ៤០០ដុល្លារតែប៉ុណ្ណោះ ។ បញ្ហាជីវិតផ្ទាល់ខ្លួនលោកភិរម្យ វិចិត្រដារ៉ា កើតនៅឆ្នាំ១៩៨៥ ក្នុងរាជធានីភ្នំពេញ ។

លោកកំព្រាឪពុកតាំងពីអាយុបានមួយខួបកន្លះ ដែលមានម្តាយប្រកបមុខរបរលក់អូស ។ លោកមានបងប្អូន៣នាក់ស្រី២នាក់ លោកជាកូនទី២ក្នុងគ្រួសារ ចំពោះការសិក្សាវិញ លោកបានចូលសិក្សានៅសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានបន្តថ្នាក់វិទ្យាល័យ នៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល។ ជាបន្តបន្ទាប់មកទៀតបានសិក្សាថ្នាក់មហាវិទ្យាល័យ នៅសាកលវិទ្យាល័យន័រតុន ជំនាញ(I.T) អាយ ធី សិក្សាបាន២ឆ្នាំ ក៏បោះបង់ការសិក្សាចោល ហើយងាកមកស៊ីបើកមុខជំនួញវិញម្តង ។

លោកភិរម្យ វិចិត្រដារ៉ា បានរៀបការជាមួយលោកស្រីនង ស្រីពេជ្រ ជាអ្នករស់នៅរាជធានីភ្នំពេញ ។ បច្ចុប្បន្នមានកូន៣នាក់ក្នុងបន្ទុក ប្រុស១ ស្រី២។

ដោយសារតែការខិតខំប្រឹងប្រែងតស៊ូរកស៊ីទទួលបានជោគជ័យ និងចូលរួមជួយសង្គមជាច្រើន តាមរយៈកម្មវិធីសប្បុរសនានា លោកក៏ត្រូវបានព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជាផ្តល់កិត្តិយសឡាយព្រហស្តលេខាផ្តល់ងារ ជាឧកញ៉ា នៅពេលថ្មីៗនេះ៕

ប្រភព៖ Business Cambodia

 

មតិយោបល់