ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 28 ខែ កញ្ញា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

សុខ​ មួយ​ហ្គេច​៖ បញ្ហា​យេនឌ័រ​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​ស្រ្តី​ក្នុង​វិស័យ​ស្ថាបត្យកម្ម​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
សុខ​ មួយ​ហ្គេច​៖ បញ្ហា​យេនឌ័រ​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​ស្រ្តី​ក្នុង​វិស័យ​ស្ថាបត្យកម្ម​
អ្នក​នាង​សុខ​ មួយ​ហ្គេច​ ស្ថាបត្យករ​ស្រ្តី​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សម្លេង​ក្នុង​អាជីព​ស្ថាបត្យកម្ម​។ KT/ព្រី នេរុ

អ្នក​នាង​សុខ​ មួយ​ហ្គេច​ ស្ថាបត្យករ​ស្រ្តី​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សម្លេង​ក្នុង​អាជីព​ស្ថាបត្យកម្ម​។ KT/ព្រី នេរុ
បើ​ទោះ​បី​ជា​ទស្សនៈ​បែង​ចែក​អាជីព​សម្រាប់​បុរស​និង​ស្រ្តី​ត្រូវ​បាន​ប្រែប្រួល​យ៉ាង​ណា​ក្តី​ ប៉ុន្តែ​ផ្នត់​គំនិត​ទាំង​នេះ​មិន​ទាន់​សាប​រលាប​នៅ​ឡើយ​សម្រាប់​សង្គម​ខ្មែរ​។ អ្នក​នាង​សុខ​ មួយ​ហ្គេច​ ស្ថាបត្យករ​ស្រ្តី​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សម្លេង​ក្នុង​អាជីព​ស្ថាបត្យកម្ម​ គឺ​ជា​គំរូ​ស្រ្តី​មួយ​រូប​ដែល​បាន​ជំនះ​រាល់​ឧបសគ្គ​ជា​ច្រើន​ ហើយ​បាន​កសាង​ស្នាដៃ​ជា​ច្រើន​ក្នុង​វិស័យ​ស្ថាបត្យកម្ម​ក្នុង​ស្រុក​។ ប៉ា​ សុ​ខេង​ នៃ​កម្មវិធី​ Ignite​ the​ Youth​ របស់​ Youth​ Today​ បាន​ជួប​ជាមួយ​អ្នក​នាង​ មួយ​ហ្គេច​ដើម្បី​ជីក​កកាយ​ពី​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​វិស័យ​ស្ថាបត្យកម្ម​៖

តើ​ហេតុអ្វី​អ្នក​នាង​ជ្រើសរើស​ជំនាញ​ស្ថាបត្យកម្ម​ដូច​នេះ​?

មួយ​ហ្គេច​៖ ពីមុន​ខ្ញុំ​មិនបាន​ដឹង​ទេ​ថា​ជំ​នា​ញស្ថា​បត្យ​កម្ម​ជា​អ្វី​ទេ​ តែ​មិត្តភក្តិ​នៅ​វិទ្យាល័យ​បបួល​រៀន​ ពេល​ហ្នឹង​ខ្ញុំ​គិតថា​ទំនង​ដែរ​ ហើយក៏​ស្រាវជ្រាវ​ពី​ជំនាញ​ហ្នឹង​តិចតួច​ដើម្បី​ស្វែងយល់​បន្ថែម​ ព្រោះ​ខ្លួនឯង​ជា​សិស្ស​ពូកែ​គណិត​ក្នុង​សាលា​ស្រាប់​ផង​។ ក្រោយពេល​បាន​សិក្សា​ពី​ជំនាញ​នោះ​ ទើប​ដឹង​ថា​ពិតជា​ស្រឡាញ់​មុខជំនាញ​ហ្នឹង​ខ្លាំង​។ ដំ​បូ​ងប៉ា​ម៉ាក់​សួរ​ថា​ កូន​ជំនាញ​ហ្នឹង​ដូចជា​ជំនាញ​របស់​មនុស្ស​ប្រុស​ទេ​? ជា​កូនកាត់​ចិន​ភាគច្រើន​គេ​ឱ្យ​តម្លៃ​កូនប្រុស​ជាង​ តែ​ខ្ញុំ​ចង់​បញ្ជាក់​ថា​កូនស្រី​មិន​អន់​ទេ​ ហើយ​កូនស្រី​អាច​ធ្វើ​បាន​។ ឧបសគ្គ​រឿងស្រី​ប្រុស​មិនបាន​រារាំង​សមត្ថភាព​ និង​ការ​ប្រឹងប្រែង​របស់ខ្ញុំ​ឡើយ​។

តើ​អ្នក​នាង​ធ្លាប់​ជួប​ឧបសគ្គ​ក្នុង​អាជីព​ដែរ​ឬទេ​?

មួយ​ហ្គេច​៖ ជា​ស្ថាបត្យករ​ស្ដ្រី​ ការ​លំបាក​ក្នុង​អាជីព​ពី​ដំបូង​ គឺថា​មិន​មាន​អ្នកជឿ​ជាក់​លើ​សមត្ថភាព​យើង​ទេ​ មានន័យថា​ការ​ឱ្យ​តម្លៃ​នៅ​មានកម្រិត​។ គេ​ប្រហែល​គិតថា​យើង​ជា​ស្ត្រី​ មិនសូវ​ដឹងរឿង​សំណង់​ច្រើន​ទេ។ ប៉ុន្តែ​ដើម្បី​ជោគជ័យ​ យើង​ត្រូវ​យក​ទំនុកចិត្ត​ពី​ភ្ញៀវ​ឱ្យ​បាន​ ដោយធ្វើ​ការ​ប្រកបដោយ​គុណភាព​ និង​គុណ​តម្លៃ​។ ចំណែក​ការ​លំបាក​ពេល​ធ្វើ​អាជីវកម្ម​វិញ​នោះ​គឺ​ និស្សិត​មួយចំនួន​មិនទាន់​ចេះ​លក់​ចំណេះដឹង​របស់​ខ្លួន​ ហើយ​ធ្វើការ​ឱ្យ​តែ​រួចពីដៃ​ ដោយ​មិនបាន​អភិវឌ្ឍន៍​ខ្លួនឯង​ឱ្យ​តប​ទៅកាន់​តម្រូវការ​។ ការពិត​ទៅ​ទីផ្សារ​ការងារ​មាន​មិនខ្វះទេ​ សំខាន់​បុគ្គល​មាន​សមត្ថភាព​ និង​ការ​ព្យាយាម​បន្តិច។​ ខ្ញុំ​យល់ថា​សិស្ស​មួយចំនួន​ មិន​យល់​ពី​តម្លៃ​នៃ​​ការងារ​ហាត់ការ​(Intern)។ ​ម្ដងទៀត​មិន​ចាំបាច់​បារម្ភ​រឿង​ខ្វះ​ទីផ្សារ​ឡើយ​ឱ្យ​តែ​មាន​សមត្ថភាព​ ជំ​នា​ញស្ថា​ប័ត្យករ​ កើត​ពី​បណ្ដុំ​នៃ​សិល្បៈ​ និង​វិទ្យាសាស្ត្រ​។ វា​ត្រូវការ​ភាព​ច្នៃប្រឌិត​ខ្ពស់​ និង​មិន​អាច​ត្រូវ​បាន​ជំនួស​ដោយ​មនុស្សយន្ត​ទេ​ ព្រោះ​ការ​ឌីហ្សា​ញកើ​តចេញពី​បទ​ពិសោធ​ ​និង​ខួរក្បាល​មនុស្ស​។

តើ​អ្នក​នាង​យល់​ឃើញ​ថា​ស្តង់ដារ​លំនៅ​ដ្ឋាន​នៅ​ក្នុង​ប្រទេស​បច្ចុប្បន្ន​មាន​លក្ខណៈ​យ៉ាង​ណា​ដែរ​?

មួយ​ហ្គេច​៖ បច្ចុប្បន្ន​នៅក្នុង​ក្រុងភ្នំពេញ​ ភាគច្រើន​សុទ្ធតែ​ជា​ផ្ទះល្វែង​មានតែ​ពីមុខ​ និង​ខាងក្រោយ​ ដើម្បី​ប្រកបរបរ​រកស៊ី​ធ្វើ​ដោយធ្វើ​បដា​រតាំង​ពីក្រោម​ឡើងលើ​ មិន​មាន​បង្អួច​ឆ្វេង​ស្ដាំ​ នៅ​ខាងក្នុង​ផ្ទះ​ត្រូវ​បើកភ្លើង​ និង​ប្រើ​អគ្គិសនី​ ម៉ាស៊ីន​ត្រជាក់​ មិនថា​យប់​ រឺ​ថ្ងៃ​ មានតែ​ផ្ទះល្វែង​សងខាង​ ចឹង​តើ​ខ្យល់​ និង​ពន្លឺ​ចូល​តាមណា​? ជា​ចំណុច​ដែល​គួរ​យកចិត្ត​ទុកដាក់​ គ្រប់​ផ្ទះ​គួរ​មាន​ទីធ្លា​គ្រប់គ្រាន់​។ យើង​គ្រប់គ្នា​ចង់​រស់នៅ​កន្លែង​មាន​ពន្លឺ​គ្រប់គ្រាន់​ មាន​ផាសុកភាព​ ដើម្បី​រីក​លូតលាស់​ ជា​ពិ​សេ​សក្មេងៗ​។ មិនមែន​ត្រឹមតែ​ផ្ទះ​ទេ​ សូម្បីតែ​កន្លែង​ការងារ​ក៏​យើង​ ត្រូវការ​ពន្លឺ​គ្រប់គ្រាន់​ទើប​មាន​ផលិតភាព​ការងារ​ល្អ​។ តាម​សង្កេតមើល​រាល់ថ្ងៃ​បញ្ហា​អាកាសធាតុ​ឡើង​កំ​ដៅ​ក៏​កើតឡើង​ដោយសារ​ការប្រើ​ប្រាស់​សម្ភាៈ​អគ្គិសនី​ហ្នឹង​ដែរ​ ចឹង​ហើយ​ខ្ញុំ​គិតថា​បើ​យើង​ប្រើ​តិកនិក​លើ​ការ​ឌីហ្សាញ​ឱ្យ​មាន​បម្រើបម្រាស់​ឧស្ម័ន​ធម្មជាតិ​ឱ្យ​ច្រើន​ ក៏អាច​ជួយ​កាត់បន្ថយ​ការប្រើ​អគ្គិសនី​ច្រើន​ដែរ។ មែនទែន​ទៅ​បើ​មិន​អ៊ីចឹង​ទេ​ វា​ប៉ះពាល់​ច្រើន​ ព្រោះ​ផ្ទះ​ មិនមែន​ត្រឹមតែ​ជា​ជម្រក​ ​តែ​ជា​ទ្រនំ​សុភមង្គល​។

តើ​និមិត្ត​រូប​របស់​អ្នក​នាង​ជា​អ្នក​ណា​ដែរ​?

មួយ​ហ្គេច​៖ និមិត្តរូប​របស់​ខ្ញុំ​គឺ​លោក​តា​វ៉ាន់​ ម៉ូ​លី​វ៉ាន់​។ យើង​ដែល​ចាប់អារម្មណ៍​ទេ​? ​ស្ដា​តអូឡាំពិក​ធំ​មែនទែន​ ដាក់​មនុស្ស​បាន​យ៉ាងច្រើន​តែ​មិន​មាន​ម៉ាស៊ីន​ត្រជាក់​ទេ​ មិន​ក្តៅ​ មិន​សាចទឹក​។ វា​សមរម្យ​ទៅ​នឹង​អាកាសធាតុ​ខ្មែរយើង​។ ស្នាដៃ​លោកតា​ពិតជា​អស្ចារ្យ​ ចឹង​បាន​ខ្ញុំ​ចាត់ទុក​គាត់​ជា​ ​អាយ​ដល​ (idol​)។

អ្នក​នាង​បាន​រៀបការ​ មាន​គ្រួសារ​ហើយ​ តើ​អ្នក​នាង​ធ្លាប់​គិត​ថា​វា​ជា​ការ​លំបាក​ពេក​ទេ​សម្រាប់​ស្រ្តី​ដែល​មាន​តួនាទី​ជា​ម្តាយ​ផង​និង​ជា​ស្ថាបត្យករ​ផង​?

មួយ​ហ្គេច​៖ ធ្លាប់​មាន​គេ​សួរ​ខ្ញុំ​ថា​ ហេតុ​អី​ត្រូវ​ឈ្មុល​លើ​អាជីព​នេះ​ម្ល៉េះ​ បើ​វា​ជា​ការងារ​មនុស្ស​ប្រុស​? ខ្ញុំ​ប្រាប់​គេ​ថា​ ខ្ញុំ​ប្រឡូក​ក្នុង​ការងារ​នេះ​ព្រោះ​ចង់ឱ្យ​គេ​យល់​ពី​អារម្មណ៍​យើង​ជា​មនុស្ស​ស្រី​ថា​ចង់បាន​អី​។ ព្រោះ​បើ​ឱ្យ​បុរស​ធ្វើ​សុទ្ធ​ គេ​នឹង​ធ្វើ​ទៅតាម​អារម្មណ៍​គេ​មិន​យល់​ពី​ទស្សនៈ​យើង​ជា​ស្ត្រី​ឡើយ។​ឧទាហរណ៍៖ បើ​យើង​ឱ្យ​បុរស​គូស​បន្ទប់ទឹក​មនុស្ស​ស្រី​ គាត់​មិនដែល​ចូលបន្ទប់​ទឹក​មនុស្ស​ស្រី​ផង​ហ្នឹង​ គាត់​ម៉េច​នឹង​យល់​ពី​អារម្មណ៍​នៃ​ការប្រើ​ប្រាស់​របស់​មនុស្ស​ស្រី​? ចឹង​គេ​ក៏​ច្នៃ​ទៅតាម​ចិត្ត​គេ​។ ចឹ​ងយើង​ចង់ឱ្យ​គេ​យល់​ពី​តម្រូវការ​របស់​យើង​ដែរ​។ តាម​ពិត​ទៅ​ជា​ម្ដាយ​គេ​ផង​ ភរិយា​គេ​ផង​ហើយ​ជា​ស្ថាបត្យករ​ទៀត​វា​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ​។ ទោះបី​ការងារ​ធំ​ប៉ុណ្ណា​ ​ស្ដ្រី​មាន​តួនាទី​ជា​អ្នក​ពរ​ពោះ​ ចឹង​ហើយ​ធ្វើការ​ក្នុង​ការដ្ឋាន​គឺ​លំបាក​បន្តិច​ នេះ​គឺ​ខ្ញុំ​ចង់​ចែករំលែក​ដល់​ស្ដ្រី​ដទៃ​។ ពេលខ្លះ​ខ្ញុំ​ត្រូវ​គិត​ច្រើន​ ហើយ​ បែងចែក​ពេលវេលា​ឱ្យ​ត្រឹមត្រូវ​ កុំឱ្យ​តានតឹង​ពេក​។

តើ​ភាព​ជោគជ័យ​របស់​អ្នក​នាង​គឺ​ជា​អ្វី​?

មួយ​ហ្គេច​៖ ភាព​ជោគជ័យ​ដ៏​ធំ​របស់ខ្ញុំ​ គឺ​ធ្វើ​ឱ្យ​ឪពុកម្ដាយ​ មាន​មោទនភាព​លើ​សមត្ថភាព​របស់ខ្ញុំ​ ជាជាង​មាន​អារម្មណ៍​ថា​កូនស្រី​របស់​គាត់​ធ្វើការងារ​មនុស្ស​ប្រុស​៕

ដោយ៖ ប៉ា សុខេង
ប្រភព៖ Khmer Time

ពាក្យទាក់ទង ៖
 

មតិយោបល់