គំនិតរកស៊ី ដើម្បីក្លាយជាអ្នកមាន លើវិស័យអចលនទ្រព្យនៅកម្ពុជា
សហគ្រិនអចលនទ្រព្យជំនាន់ថ្មីកម្ពុជា ត្រូវតែជាបុគ្គលដែលសម្បូរទៅដោយ ទស្សនៈ និងគំនិតរកស៊ីថ្មីៗលើវិស័យអចលនទ្រព្យ មិនអាចប្រើប្រាស់គំនិត ឬក្បួនរកស៊ីដដែលៗ និងយកគំនិតរកស៊ីគេទាំងស្រុងបានទេ ព្រោះតែស្ថានភាព ឬនិន្នាការរកស៊ីចេះតែវិវត្តន៍ទៅមុខ តម្រូវឲ្យសហគ្រិនបង្កើតនូវឧបករណ៍ សេវាកម្ម ឬផលិតផល ដើម្បីបំពេញចិត្តអតិថិជន ដើរឲ្យទាន់សម័យកាល។ ជាការពិតណាស់ ការបង្កើតនូវគំនិតថ្មីៗសម្រាប់អាជីវកម្មអចលនទ្រព្យ ជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ភាពរីកចម្រើន និងបន្តនិរន្តភាពក្រុមហ៊ុន ព្រោះអតិថិជនថ្មីៗចេះតែកើតឡើងតម្រូវបែបនេះថ្មីក៏មានទៅតាមនោះដែរ។ ម្យ៉ាងវិញទៀត ប្រទេសកម្ពុជាយើងកំពុងតែអភិវឌ្ឍន៍ តម្រូវការគំនិតច្នៃប្រឌិតមានច្រើន ដើម្បីធ្វើឲ្យបរិស្ថានសង្គមកាន់តែល្អប្រសើរ។
តាមការសង្កេតសហគ្រិនមានគំនិតរកស៊ីថ្មីៗអាចមានកត្តារួមផ្សំច្រើន តែសូមលើយក៣កត្តា ដែលជំរុញឲ្យពួកគេតែងមានគំនិតថ្មីប្លែក និងខុសពីគេ ហើយពេលខ្លះរហូតមនុស្សទូទៅនឹកស្មានមិនដល់ថា មិនគួរមានគំនិតរកស៊ីបែបនេះចេញមកបាន។
សហគ្រិនពោរពេញដោយគំនិតផ្តួចផ្តើមច្រើន មិនថាដឹកនាំបុគ្គលិក ឬគំនិតអភិវឌ្ឍន៍អាជីវកម្មខ្លួន បុគ្គលប្រភេទនេះតែងយកបេះដូងមកដឹកនាំ ហើយគំនិតថ្មីៗតែងលេចឡើង ដោយសារតែគេចង់ឃើញបុគ្គលិក ចង់ឃើញអតិថិជនមានការរីកចម្រើនទៅមុខជានិច្ច ដោយគោលដៅសំខាន់នៃគំនិតផ្តួចផ្តើមនេះ ដើម្បីតែភាពជោគជ័យរបស់ក្រុមការងារ និងអតិថិជន។ សហគ្រិនបែបនេះ តែងមានគំនិតថ្មីៗ ជាហូរហែ មិនចេះដាច់ ព្រោះតែគេមិនបាននៅស្ងៀម ឬរវល់គិតរឿងអ្វីផ្សេងច្រើនទេ គេផ្តោតសំខាន់លើអាជីវកម្មទាំងមូល សឹងតែគ្មានពេលសំរាកផង។
អ្នកទាំងអស់គ្នា ប្រហែលយល់ថា ម្ចាស់អាជីវកម្ម ជាពិសេសក្រុមហ៊ុនអចលនទ្រព្យទោះរវល់យ៉ាងណាក៏មានពេលចុងសប្តាហ៍ ឬចុងឆ្នាំសម្រាប់ដើរកម្សាន្តបែបលំហែកាយដែរ មិនអាចនៅជាមួយការងារជាប់រហូតនោះទេ តែមានសហគ្រិនវ័យក្មេងម្នាក់ ដែលមានសមត្ថភាពគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក មានឆន្ទៈខ្ពស់ ចង់ឃើញយុវជន ចង់ឃើញប្រជាពលរដ្ឋខ្មែរត្រូវបានគេទទួលស្គាល់លើពិភពលោក គាត់បានចំណាយពេលធ្វើការចាប់តាំងពីថ្ងៃបើកក្រុមហ៊ុនឆ្នាំ២០១៧ និងពេលបានជួបពិភាក្សាការងារ និងហូបអាហារថ្ងៃត្រង់ជាមួយខ្ញុំ(អ្នកនិពន្ធ) នៅថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០១៩ នៅភោនជីយដ្ឋានជប៉ុនមួយកន្លែងនៅបឹងកេងកង គាត់មិនទាន់បានឈប់សំរាកសូម្បីតែមួយថ្ងៃឡើយ។
គាត់មិនមែនរវល់អង្គុយរាប់លុយចំណេញ ឬរកគំនិតធ្វើយ៉ាងណាក្លាយខ្លួនជាសេដ្ឋីអលចនទ្រព្យនោះទេ តែកំពុងអង្គុយគិតរកគំនិតថ្មីៗ យុទ្ធសាស្ត្រល្អ ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំក្មេងៗ ក្នុងក្រុមហ៊ុនឲ្យក្លាយជាបុគ្គលមួយដែលខ្លាំង គេទទួលស្គាល់ទាំងសមត្ថភាព និងចំណេះដឹងលើឆាកអន្តរជាតិ។
ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាថា សហគ្រិនដែលចេញរកស៊ីដោយបេះដូង ដើម្បីឃើញកម្ពុជារីកចម្រើន គឺគាត់ពោរពេញទៅដោយគំនិតផ្តួចផ្តើមថ្មីៗ ជាច្រើន ធ្វើយ៉ាងណាឲ្យក្រុមការងារ និងប្រជាពលរដ្ឋខ្មែរយើងពូកែៗកាន់តែច្រើន ហើយគេទទួលស្គាល់ស្មើមុខមាត់លើឆាកអន្តរជាតិ រឿងដែលជាតិសាសន៍គេធ្វើបាន យើងខ្មែរក៏អាចធ្វើបាន ហើយអាចល្អលើសគេ យើងមិនបានប្រឹងធ្វើដើម្បីឲ្យលើសគេទេ តែសម្រាប់កសាងសង្គមយើងឲ្យរឹងមាំ តាមរយៈគុណភាពនៃប្រជាពលរដ្ឋ មានសមត្ថភាព ចំណេះដឹង ជំនាញ គំនិតវិជ្ជមាន និងចេះរួបរួមស្រឡាញ់គ្នា។
ចំណែកផែនការយុទ្ធសាស្ត្រ គឺជាកត្តាដ៏សំខាន់សម្រាប់ឈានដល់ការបង្កើតគំនិតរកស៊ីថ្មីៗ ព្រោះការបង្កើតផែនការយុទ្ធសាស្ត្រក្រុមហ៊ុន បានលេចនូវសមិទ្ធផលជាគោលដៅ និងសកម្មភាពអនុវត្តការងារជាប្រចាំ ដើម្បីឈានសម្រេចគោលដៅ។ រាល់ដំណាក់កាលអនុវត្តផែនការតែងមាននូវបញ្ហាប្រឈមកើតឡើង ទាមទារឲ្យសហគ្រិនរកដំណោះស្រាយណាល្អ សាកសមនឹងបញ្ហា។ ត្រង់កន្លែងនេះហើយ ដែលគំនិតរកស៊ីថ្មីៗបានលេចជារូបរាងឡើងតិច ច្រើនអាស្រ័យលើការបញ្ចេញគំនិតបន្ថែមពីក្រុមការងារ។ ហើយគំនិតរកស៊ីល្អៗកើតមានបាន លុះត្រាតែមានផែនការយុទ្ធសាស្ត្រល្អ ដែលកើតចេញពីមេដឹកនាំខ្លាំងពូកែ។
ចំណុចសំខាន់មួយទៀត គឺក្តីស្រមៃ ផ្សារភ្ជាប់ជាមួយទស្សនៈវិស័យវែងឆ្ងាយ ជាការពិតណាស់ បើយើងគ្មានក្តីស្រមៃ យើងមិនអាចមានគំនិតប្លែកៗចេញមកនោះទេ។ ហើយក្តីស្រមៃរបស់សហគ្រិនអលចនទ្រព្យជំនាន់ថ្មី ត្រូវតែផ្សារភ្ជាប់ជាមួយទស្សនៈវិស័យវែងឆ្ងាយ ទើបអាចបង្កបង្កើតនូវគំនិតរកស៊ីថ្មីៗរាប់មិនអស់ និងប្រកបដោយភាពត្រឹមត្រូវសម្រាប់យកទៅអនុវត្តក្នុងក្រុមហ៊ុន។ ហើយគំនិតដែលកើតឡើងតាមរបៀបនេះ គឺប្លែកសឹងតែគ្មាននរណាគិតដល់ ព្រោះវាមិនមែនជាគំនិតចម្លងពីគេ តែជាគំនិតបង្កើតឡើងដោយភាពច្នៃប្រឌិតខ្ពស់បំផុត មិនមែនចេះតែកើតមានឡើងគ្រប់សហគ្រិននោះទេ។
ដូច្នេះយុវជនខ្មែរជំនាន់ក្រោយ ចេញរកស៊ីត្រូវតែមានក្តីស្រមៃ និងទស្សនៈវិស័យវែងឆ្ងាយ មិនអាចេញរកស៊ីតាមគ្នា ឬចម្លងគំនិតគេបានទេ ព្រោះរកស៊ីរបៀបនេះ មិនយូរអង្វែង និងគ្មានតម្លៃសម្រាប់យើង និងសង្គមជាតិ ហើយកម្ពុជាត្រូវការសហគ្រិនដែលឆ្នើមៗ ពោរពេញដោយថាមពល ឆន្ទៈ ការប្តេជ្ញាចិត្តក្នុងការអនុវត្តការងារដើរស្របតាមគោលដៅដ៏ត្រឹមត្រូវ។
ជាក់ស្តែងក្រុមហ៊ុនអភិវឌ្ឍន៍អលចនទ្រព្យបុរី ប៉េង ហួត ចាប់ផ្តើមចេញរកស៊ីតាំងពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៩នេះ ជិត២០ឆ្នាំហើយ ដែលមានគម្រោងអភិវឌ្ឍន៍ជាង៣០ ផ្តោតសំខាន់លើលំនៅឋានទំនើបទាន់សម័យ ផ្សារទំនើប ដែលគម្រោងនីមួយៗ តែងតែបង្ហាញនូវភាពខុសប្លែក និងគំនិតច្នៃរចនាប្លង់ផ្សេងៗគ្នា ស្របតាមសម័យកាល និងនិន្នាការសង្គម ខុសប្លែកពីគម្រោងអភិវឌ្ឍន៍ផ្សេងៗ ដោយសារម្ចាស់ក្រុមហ៊ុនមានគំនិតរកស៊ីថ្មីៗច្រើន។
ម្ចាស់ក្រុមហ៊ុនអលចនទ្រព្យម្នាក់នៅកម្ពុជា បានទទួលស្គាល់ថា ការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ជាពិសេសប្លង់រចនាបែបទាន់សម័យ វាពិតជាកត្តាមួយដល់សំខាន់ដែលធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យគ្រប់គម្រោងអភិវឌ្ឍន៍កន្លងមក ហើយសព្វថ្ងៃក្រុមហ៊ុននៅតែបន្តបង្កើតអ្វីដែលថ្មីៗ សម្រាប់បំពេញតម្រូវការអតិថិជនរបស់ខ្លួន។
ត្រង់ចំណុចនេះសហគ្រិនជោគជ័យជាច្រើន តែងតែសង្កត់ធ្ងន់លើការបង្កើតគំនិតថ្មីៗលើអាជីវកម្ម បើចង់ឲ្យអាជីវកម្មមានជីវិតរស់បានយូរអង្វែង មិនថាអាជីវកម្មធំ ឬតូច និងវិស័យអ្វីនោះទេ។ ជាពិសេសអ្នកអភិវឌ្ឍន៍អចលនទ្រព្យតែម្តង គួរវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍លើអាជីវកម្ម ហើយការធ្វើបែបនេះ ត្រូវបានក្រុមហ៊ុនធំៗ បានអនុវត្តរួចមកហើយ ព្រោះគេយល់ថា មានតែការស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីទេ ទើបអាចឲ្យក្រុមហ៊ុនបន្តជោគជ័យ។ បើយើងនៅតែអនុវត្តគំនិតដដែល លទ្ធផលមិននៅដដែលទេ មានតែការធ្លាក់ចុះតែប៉ុណ្ណោះ រហូតធ្វើឲ្យអាជីវកម្មក្ស័យធនតែម្តង៕
អត្ថបទ៖ដកស្រងចេញពីសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី»
ប្រភព៖ Business Cambodia