មានតូបតូច១លក់ផ្កានៅផ្សារធំថ្មី អាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយខែ
មានត្រឹមតូចមួយ លក់ផ្កាចម្រុះគ្រប់ប្រភេទ គ្រប់កម្មវិធី នៅផ្សារធំថ្មី អ្នកស្រី បុប្ផា អាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយខែៗ។អ្នកស្រី បុប្ផា អាជីវករលក់ផ្កា នៅផ្សារធំថ្មីរយៈពេលជាច្រើនឆ្នាំមកហើយនោះ បានប្រាប់ Sabay ថាជាទូទៅក្នុងថ្ងៃធម្មតា អ្នកស្រីអាចរកចំណូលបានជាមធ្យម ៤០០ដុល្លារក្នុងមួយថ្ងៃ។
ដោយឡែកប្រសិនបើមានកម្មវិធីច្រើន ឬចំថ្ងៃនិស្សិតទទួលសញ្ញាបត្រជាដើម អ្នកស្រីអាចលក់បានរហូតទៅដល់ ៨០០ដុល្លារ ទៅ ១០០០ដុល្លារក្នុងមួយថ្ងៃ។អ្នកលក់ផ្កាសម្ដីរួសរាយរាក់ទាក់រូបនេះ បន្តទៀតថា ចំណូលដែលរកបានច្រើនបំផុតគឺក្នុងរដូវបុណ្យទាន ដូចជាចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ អាចកើនទៅដល់ ៣០០០ ទៅ ៤០០០ដុល្លារឯណោះ ព្រោះមានអ្នកកុម្ម៉ង់ច្រើនជាងថ្ងៃធម្មតា។ ដូច្នេះហើយមិនថាតែថ្ងៃធម្មតា បុណ្យទាន មុខរបរលក់ផ្កានេះមិនសូវប្រឈមនឹងហានិភ័យប៉ុន្មាននោះទេ នៅតែមានតម្រូវការជាប្រចាំ ហើយចំពោះប្រាក់ចំណេញសុទ្ធវិញ អ្នកលក់ផ្ការូបនេះប្រាប់ថា អាចដល់ខ្ទង់ម៉ឺនដុល្លារក្នុងមួយខែៗ។
អ្នកស្រី បុប្ផា ប្រាប់ទៀតថា ចំពោះអតិថិជនវិញ មានគ្រប់ស្រទាប់វណ្ណៈទាំងអស់ ជាពិសេសអ្នកមានកម្រិតជីវភាពធូរធារតែងទិញផ្កាម្ដងៗអស់រាប់រយដុល្លារឯណោះ។ អ្នកស្រីប្រាប់ទៀតថា ចំពោះតម្លៃវិញមានគ្រប់កម្រិតអាស្រ័យទៅលើប្រភេទផ្កា ជាក់ស្ដែងកន្ត្រកផ្កាឈូក១កន្ត្រកតម្លៃ ចាប់ពី ១៥ដុល្លារឡើងទៅ៕
ផ្តល់សិទ្ធិដោយ៖ sabay