ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

អភិបាលខេត្តដឹកនាំ មន្ត្រីរាជការ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក វណ្ណ ម៉ូលីវណ្ណ

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ខេត្តសៀមរាប៖លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ-អង្គភាព កងកំលាំងប្រដាប់អាវុធ គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង-ស្រុក បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក វណ្ណ ម៉ូលីវណ្ណ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាបិតានៃស្ថាបត្យកម្មខ្មែរ ដ៏ល្បីល្បាញ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ដើម្បីចូលរួមសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុតនិងរំលែកទុក្ខដ៏ក្រៀមក្រំផងដែរ។

លោក បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប បានមានប្រសាសន៍ថា ការមរណភាពរបស់លោក វណ្ណ ម៉ូលីវណ្ណ ដែលជាបិតានៃស្ថាបត្យកម្មខ្មែរ ដ៏ល្បីល្បាញទូទាំងព្រះរាជាណាចក្រកម្ពុជានោះ គឺ ជា ការ បាត់បង់ដ៏ធំធេង មិនត្រឹមតែ ចំពោះក្រុមគ្រួសារ ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ នូវធនធានមនុស្ស ដ៏សំខាន់ម្នាក់ដែលជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញ ទាំងចំណេះដឹង និង ទេពកោសល្យ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវប្បធម៌របស់ជាតិ។

សូមរម្លឹកផងដែរថា បិតានៃស្ថាបត្យកម្មខ្មែរ បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ ក្នុងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរសៀមរាប នាវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ រួចដឹកយកមកធ្វើបុណ្យ នៅក្នុងគេហដ្ឋានរបស់លោកផ្ទាល់ ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។បើយោងតាមឯកសារ លោកតា វណ្ណ មូលីវណ្ណ កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោកបានទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។

ក្នុងអារម្ភកថារបស់សាស្ត្រាចារ្យ Ashley Thomson ដែលធ្លាប់ជាសហការីរបស់លោកតា វណ្ណ មូលីវណ្ណ ក្នុងសៀវភៅ បុរីខ្មែរក្នុងសម័យទំនើប បានបញ្ជាក់ថា នៅឆ្នាំ១៩៤៦ យុវជន វណ្ណ មូលីវណ្ណ បានទៅប្រទេសបារាំងដំបូងរៀនច្បាប់ បន្ទាប់មករៀនស្ថាបត្យកម្ម និងសិល្បៈខ្មែរ។ ពេលដែលលោកត្រឡប់មកប្រទេសវិញនៅឆ្នាំ១៩៥៦នោះ បានក្លាយបិតានៃស្ថាបត្យកម្មខ្មែរសម័យទំនើប ដោយបានចូលបម្រើការជារាជការ។

ឯកសារនេះក៏បានបង្ហាញអំពីទម្រង់ស្នាដៃរបស់លោកតាដែរ ដោយបានពិពណ៌នាថា សំណង់ទាំងនោះសុទ្ធសឹងមានលំនាំឬរចនាបថថ្មី ប៉ុន្តែឈរលើមូលដ្ឋានស្ថាបត្យកម្មខ្មែរ បត់បែនទៅតាមស្ថានភាពទីតាំង របៀបរស់នៅ៖ វិមានឯករាជ្យ មន្ទីរពេទ្យកុមារ សាលសន្និសីទចតុមុខ ពហុកីឡាដ្ឋានជាតិ សាលមហោស្រពព្រះសុរាម្រឹត អាគារគ្រូបង្រៀន (កំពង់កន្ទួត) វិមានរដ្ឋ (ចម្ការមន) ទីស្តីការគណៈរដ្ឋមន្ត្រី អាកាសយានដ្ឋានសៀមរាប មន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ ស្ថានទូតនៃព្រះរាជាណាចក្រខ្មែរនៅបរទេសខ្លះ…។ ក្នុងសម័យសង្គមរាស្រ្តនិយម លោកតាត្រូវបានចាត់តាំងឱ្យដើរតួនាទីសំខាន់ខាងវប្បធម៌របស់រដ្ឋាភិបាល។ ជំនាន់នោះហើយ ដែលលោកតាបានរៀបចំសាកលវិទ្យាល័យវិចិត្រសិល្បៈក្នុងឋានៈជាសាកលវិទ្យាធិការ បំពេញនាទីជារដ្ឋមន្ត្រីក្រសួងសិក្សាធិការជាតិ គ្រប់គ្រងយុវជន និងកីឡា។

ក្រោយភៀសខ្លួនទៅបរទេសជិត២០ឆ្នាំក្នុងសម័យសង្គ្រាម លោកតាបានត្រឡប់ចូលប្រទេសវិញក្នុងឆ្នាំ១៩៩៣ ដើម្បីរួមចំណែកកសាងប្រទេស។ នៅក្នុងអាណត្តិពីរ ត គ្នា លោកមាន តួនាទីជាទេសរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌និងវិចិត្រសិល្បៈ រៀបចំដែនដីនគរោបនីយដ្ឋាននិងសំណង់។ ម្យ៉ាងទៀត លោកជាក៏ប្រធានអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងជាអនុប្រធានប្រឹក្សាជាន់ខ្ពស់វប្បធម៌ជាតិ។ លោកក៏ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ ព្រមទាំងជាឧត្តមទីប្រឹក្សានៃរាជរដ្ឋាភិបាល។

ចាប់ពីខែកក្កដា ឆ្នាំ២០១៤មក គឺនៅពេលដែលលោកតាមានវ័យកាន់តែទ្រុឌទ្រោម លោកតាបានចាកចេញពីរាជធានីភ្នំពេញមករស់នៅក្នុងខេត្តសៀមរាប ក្នុងគេហដ្ឋានបុរាណរបស់លោក ប្របតាមមាត់ស្ទឹងផ្នែកខាងលិច សម្រាប់ជីវិតចុងក្រោយ។ ដោយយល់ច្បាស់អំពីជីវិតមិនស្ថិតស្ថេរ លោកតាបានរៀបចំកសាងចេតិយសម្រាប់ខ្លួនលោកផ្ទាល់ និងក៏ជាស្នាដៃស្ថាបត្យកម្មដៃចុងក្រោយរបស់លោកដែរ។សូមបញ្ជាក់ផងដែរថា សព លោកតា វណ្ណ មូលីវណ្ណ ត្រូវបានក្រុមគ្រួសាររៀបចំ ដង្ហែទៅបូជា នៅថ្ងៃអាទិត្យ ទី៣០ ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅវត្តព្រះឥន្ទកោសីយ៍ខាងកើតស្ទឹងសៀមរាប ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលលោកតា បានធ្វើចេតិយនេះ យករចនាបថតាមប្រាសាទបាគង និងបានសាងសង់រួចរាល់នៅចុងខែកក្កដាឆ្នាំ២០១៦៕

ផ្តល់សិទ្ធិដោយ៖ nokorwatnews

ពាក្យទាក់ទង ៖
 

មតិយោបល់