ថ្ងៃ ច័ន្ទ ទី 24 ខែ កញ្ញា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 24 ខែ កញ្ញា ឆ្នាំ 2018
ទំនាក់ទំនង ៖ 077662291 - 015769791

តុលាការ​ភ្នំពេញ​ចោទ​និង​ឃុំខ្លួន​ស្ត្រី​ខ្មែរ​ជាង​៣០​នាក់​ពាក់ព័ន្ធ​នឹង​ជំនួញ​ពពោះ​ជំនួស

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
​តុលាការ​ភ្នំពេញ​ចោទ​និង​ឃុំខ្លួន​ស្ត្រី​ខ្មែរ​ជាង​៣០​នាក់​ពាក់ព័ន្ធ​នឹង​ជំនួញ​ពពោះ​ជំនួស
រូបឯកសារ៖ ស្ត្រី​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​ខែ​ក្នុង​ប្រទេស​ជប៉ុន។ (រូបថត Reuters)

កាលពី​ថ្ងៃ​ទី២១​ ​មិថុនា​កន្លង​ទៅ​ ​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​ខណ្ឌ​ឬ​ស្សីកែវ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ស៊ី​ឈ្នួលពរពោះ​ជំនួស​ ​ដោយ​ឃាត់​ខ្លួន​ស្រ្តី​ខ្មែរ​មាន​ផ្ទៃ​ពោះ​ចំនួន​៣៣​នាក់​ដែល​កំពុង​ពពោះ​ឲ្យ​ជនជា​តិចិន។

ភ្នំពេញ —នៅថ្ងៃ​សុក្រ​នេះ​ ​ស្រ្តី​ពពោះ​ខ្មែរ​ចំនួន​៣៣​នាក់​ ​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​តុលា​ការ​ភ្នំពេញ​ ​សម្រេច​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​ ​«អំពើ​លក់​-ជួញ​ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន»​ ​ក្រោយ​ពី​អាជ្ញាធរ​បាន​បង្រ្កាប​លើ​ជំនួញ​ពពោះ​ជំនួស​ដែល​គ្រប់គ្រប់​ដោយ​ជនជាតិ​ចិន​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ចុងខែ​កន្លង​ទៅ។​

លោក​ ​លី សុផាណា​ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​តាម​រយៈ​បណ្តាញ​សង្គម​តេឡេក្រាម​ ​នារសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ​ក្រោយ​ពី​បាន​សាកសួរ​ ​និង​ស្តាប់​ចម្លើយ​របស់​នារី​ពពោះ​ចំនួន​៣៣​នាក់​ ​ចៅក្រម​ស៊ើប​សួរ​បាន​សម្រេច​ដាក់​អ្នក​ទាំង​៣៣​ ​ក្រោម​ការ​ពិនិត្យ​ពី​បទ «អំពើ​លក់​-ជួញដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន»​ ​តាម​មាត្រា១៦​ ​នៃ​ច្បាប់​ស្តីពី​ការបង្រ្កាប​អំពើ​ជួញដូរ​មនុស្ស​ ​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។​

លោក​សរសេរបន្ថែម​ថា៖​

«ជន​ត្រូវ​ចោទ​ដែល​ដាក់​ក្រោម​ការ​ពិនិត្យ​មាន​៣៣​នាក់​ ​តែ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ចំនួន​៣២​នាក់​ ​ដោយ​ម្នាក់​ទៀត​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើប​សួរ​ ​សម្រាប់​កិច្ច​ពិភាក្សា​ដេញ​ដោល​ចំពោះ​មុខ»។​

កាលពី​ថ្ងៃ​ទី២១​ ​មិថុនា​កន្លង​ទៅ​ ​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​ខណ្ឌ​ឬ​ស្សីកែវ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ស៊ី​ឈ្នួលពរពោះ​ជំនួស​ ​ដោយ​ឃាត់​ខ្លួន​ស្រ្តី​ខ្មែរ​មាន​ផ្ទៃ​ពោះ​ចំនួន​៣៣​នាក់​ដែល​កំពុង​ពពោះ​ឲ្យ​ជនជា​តិចិន​ ​និង​ជន​សង្ស័យ​ប្រុស​ស្រី​ចំនួន​៥​នាក់​ ​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់​បន្ទាប់ពី​មាន​ការឆែកឆេរ​ផ្ទះ​ចំនួន​ពីរ​ ​ក្នុង​រាជធានី​ភ្នំពេញ។​

បើ​តាម​លោក​ ​លី សុផាណា​ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី២៨ ខែមិថុនា​នេះ​ថា​ ​មនុស្ស​៥​នាក់​ដែល​រួម​ជនជា​តិចិនម្នាក់​នោះ​ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ ​«ការជួញដូរ​មនុស្ស​ដោយ​ឆ្លង​ដែន​ ​និង​បទ​អន្តរការី​ជា​មួយ​ស្រ្តី​ពពោះ»​ ​និង​ត្រូវ​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើប​ ​ដើម្បីបន្ត​ការ​ស៊ើប​សួរ។​

លោក​ ​ស៊ឹង សែន​ករុណា​ ​មន្រ្តី​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​ប្រាប់​ ​VOA​ ​នាល្ងាច​ថ្ងៃ​សុក្រ​នេះ​ថា​ ​ការឃុំ​ខ្លួន​ស្រ្តី​ដែល​កំពុង​មាន​ផ្ទៃ​ពោះជា​បណ្តោះ​អាសន្នដើម្បីស៊ើប​សួរ​ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ស្រ្តី និង​ទារក​ក្នុង​ផ្ទៃ។​ ​លោក​បន្ថែម​ថា​ ​តុលា​ការ​គួរ​អនុញ្ញា​ត​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទាំង​នោះ​បាន​នៅ​ក្រៅ​ឃុំ​ ​ឬ​អាច​មាន​វិធី​ផ្សេង​ដែល​អាច​សម្រួល​ដល់​ពួក​គេ​ ​មុន​នឹង​សាលក្រម​ចូល​ជាស្ថាពរ។​

លោក​បញ្ចាក់​ថា៖​

«យើង​ដឹង​ហើយ​នៅ​ក្នុង​មន្ទី​ឃុំឃាំង​វា​មាន​ផល​លំបាក​ច្រើន​នៅ​ក្នុង​ទី​នោះ​ ​ទាំង​សុខភាព​គាត់ បរិយា​កាស​អី​ផ្សេងៗ​ខាង​ក្នុង​ហ្នឹង វាអត់​មាន​ភាព​ល្អ​ប្រសើរ​ទេ ហើយ​ក៏​វា​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​ពួក​គាត់ នៅ​ក្នុង​ពេល​ដែល​ចូល​ទៅ​ក្នុង​ហ្នឹង ហើយ​ជា​ពិសេស​ក្មេង​ដែល​កំពុង​លូតលាស់​នៅ​ក្នុង​ផ្ទៃ។ អញ្ចឹង​វា​ជា​រឿង​មួយ​ដែល​យើង​មើល​ទៅ​វា​មាន​ភាពអ​មនុស្ស​ធម៌​ ​ចំពោះ​ការ​ចាត់​វិធាន​ការលើ​រឿង​ហ្នឹង»។​

នេះ​ជា​ករណី​ទី​ពីរ​ហើយ​ដែល​ករណី​នៃ​ការពរពោះ​ជំនួស​ត្រូវ​បាន​បញ្ជូន​មក​កាត់​ទោស​នៅតុលា​ការ​កម្ពុជា បន្ទាប់ពីឆ្នាំ​មុន​ស្ត្រី​ជន​ជាតិ​អូស្ត្រាលីម្នាក់​ឈ្មោះ​ ​Tammy- Alayne Chales​ ​និង​ជន​ជាតិ​ខ្មែរ​២​នាក់​ត្រូវ​បានតុលា​ការ​ចោទ​ប្រកាន់​នឹង​បញ្ជូនទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ។​

​កាលពី​ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ​២០១៨​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា​ ​សេចក្ដី​ព្រាង​ច្បាប់​ពាក់​ព័ន្ធនឹង​ការគ្រប់​គ្រង​សេវា​ពពោះ​កូន​ជំនួស​ ​ដែល​រដ្ឋាភិបាលចាប់​ផ្តើម​ពិ​គ្រោះ​កាលពី​ដើម​ឆ្នាំ​២០១៧ ត្រូវ​បាន​ពន្យារ​ពេល​ដាក់​ឆ្លង​ទៅ​គណៈ​រដ្ឋ​មន្រ្តី ដើម្បីសិក្សា​ឲ្យ​កាន់​តែលម្អិត​បន្ថែម​ទៀត។​

ការតាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់​គ្រង​សេវា​ពពោះ​កូន​ជំនួស​នេះ​ ​ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​អូស្ត្រាលីម្នាក់ និង​ពលរដ្ឋ​ខ្មែរ​២​នាក់​កាលពី​ឆ្នាំ​២០១៦​ ​ដោយ​ចោទ​ពីបទ​ ​«ធ្វើ​ជាអន្តរការី​រវាង​អ្នក​សុំ ហើយ​និង​ស្ត្រី​ពពោះ និង​សុំ​ឲ្យ​ផ្ដល់​ឯកសារ​ដោយ​ទុច្ចរិត»​ ​ក្រោយ​ពួក​គេ​បាន​ផ្ដល់​សេវា​នេះ។​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០១៧​ ​បាន​សម្រេច​ឲ្យ​អ្នក​ទាំង​បី​ជាប់​ពន្ធនាគារ​១៨ខែ​ ​ពាក់​ព័ន្ធនឹង​សំណុំ​រឿង​ជួលស្រ្តី​ខ្មែរ​ឲ្យ​ពពោះ​ជំនួស​នេះ ខណៈ​ដែល​ច្បាប់​ពាក់​ព័ន្ធនឹង​ការពពោះ​ជំនួស​នៅ​មិន​ទាន់​កើត​មាន​នៅ​ឡើយ។​

ចាប់​ពីឆ្នាំ​២០១៥មក​ ​កម្ពុជា​បាន​ក្លាយ​ជា​គោល​ដៅ​ដ៏​ពេញ​និយម​មួយ​សម្រាប់​ឪពុក​ម្តាយ ដែល​មាន​បំណង​ស្វែងរក​ការ​ស៊ី​ឈ្នួលពពោះ​ជំនួស​ ​បន្ទាប់ពី​សេវា​កម្ម​នេះ​ត្រូវ​បាន​ហាមប្រាម​ក្នុង​ប្រទេស​ថៃ ឥណ្ឌា និង​នេប៉ាល់។​

បើ​តាម​របាយការណ៍​ឆ្នាំ​២០១៧​ ​និង​លើក​ទិសដៅ​ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​បង្ហាញ​ថា បទ​ល្មើស​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ​ក្នុង​ឆ្នាំ​២០១៧ មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដោយ​សារ​មាន​បញ្ហា​ប្រឈម​និង​ខ្វះខាត​មួយ​ចំនួន​ដូចជា​ឧក្រិដ្ឋជន​មាន​ល្បិចកល​ខ្ពស់ ការ​ត្រួត​ពិនិត្យ និង​គ្រប់​គ្រង​ពលករ​ចំណាក​ស្រុក​តាម​ព្រំដែន​មិន​ទាន់​បាន​ល្អ មន្រ្តី​មួយ​ចំនួន​នៅ​ខ្វះខាត​ការ​ពង្រឹង​សមត្ថភាព​ជា​ដើម៕

បរភព៖VOA

ពាក្យទាក់ទង ៖
 

មតិយោបល់