ថ្ងៃ សៅរ៍ ទី 21 ខែ កក្កដា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 21 ខែ កក្កដា ឆ្នាំ 2018
ទំនាក់ទំនង ៖ 077662291 - 015769791

Twitter​ផ្អាកព្យួរ​គណនីជាង​៧០លាន ដែល​សង្ស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
witter
រូបស្លាកសញ្ញា​twitter ក្នុង​ប្រស្រីភ្នែក​
©REUTERS/Fabrizio Bensch

Twitter បាន​ផ្អាកព្យួរ​គណនី​ដល់​ទៅ​ជាង ៧០​លាន​គណនី ក្នុងរយៈពេល​តែពីរខែ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការផ្សាយព័ត៌មាន​មិនពិត នៅ​លើ​បណ្តាញ​សង្គម។ នេះបើតាម​ការចុះផ្សាយ កាលពី​ថ្ងៃ​ម្សិលមិញ របស់​កាសែត​អាមេរិក Washington Post។ ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ ដែល​ប្រើប្រាស់​Twitter ជាមធ្យោបាយ​បញ្ចេញ​យោបល់ និង​ជំហរ​នយោបាយ​របស់​រដ្ឋាភិបាល​អាមេរិក បាន​កោតសរសើរ​ការងារ​បោសសម្អាត​របស់​បណ្តាញ​Twitter ប៉ុន្តែ បាន​ចោទសួរ​ដែរ​ថា តើ​កាសែត​Washington Post ឬ​The New York Times ដែល​ឧស្សាហ៍​សរសេរ​នយោបាយ​របស់លោក នៅ​លើ​ទំព័រមុខ​នោះ មាន​ស្ថិតនៅ​ក្នុង​ចំណោម​បញ្ជីរ​គណនី​ដែល​Twitter បានផ្អាកព្យួរ​ដែរឬទេ។

បណ្តាញ​សង្គម​Twitter បើក​យុទ្ធនាការ​តាម​ប្រមាញ់ គណនី​ដែល​គេ​សង្ស័យថា ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ។ តាម​កាសែត​អាមេរិកាំង Washington Post ដែល​បាន​ស្រង់ទិន្នន័យ បញ្ជាក់​ដោយ​Twitter ក្នុងរយៈពេល ពីរខែ គឺ​ខែ​ឧសភា​ហើយ​និង មិថុនា Twitter បានសម្រេច​ផ្អាកព្យួរ​គណនី ជាង ៧០​លានគណនី។ ជាមធ្យម Twitter ផ្អាក​គណនី​ដែល​គេ​សង្ស័យថា ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត បាន​ប្រមាណ ១លាន​គណនី ក្នុង​មួយថ្ងៃ។ តួលេខ​នេះ​កើនឡើង​ខ្លាំង​នៅ​ខែ​ឧសភា ព្រោះ​ថា នៅក្នុង​តែ​មួយសប្តាហ៍ បណ្តាញ​Twitter ត្រូវ​ផ្អាកព្យួរ​គណនី​សង្ស័យ ដល់ទៅ​១៣​លាន​គណនី។

នៅក្រោយ រងការរិះគន់​ដែល​ថា មាន​នយោបាយ​ធូររលុង បណ្តោយ​ឲ្យ​មាន​ការសរសេរ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ជាពិសេស នៅក្នុង​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង ឆ្នាំ ២០១៦ Twitter ក៏​ដូចជា​បណ្តាញ​សង្គម​នាំមុខ​គេ​មួយទៀត គឺ Facebook បាន​ចាប់​បង្កើត​យន្តការ និង​ច្បាប់​ថ្មី ដើម្បី​ត្រួតពិនិត្យ​គណនី​ដែលទិសដៅ​ផ្សព្វផ្សាយ​ឃោសនា​នយោបាយ។ ​ កាលពី​ខែ​ឧសភា Twitter បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​បទបញ្ជា​ថ្មី សម្រាប់​គណនី​ដែលចុះផ្សាយ​ពីរឿង​នយោបាយ។

ទៅតាម​ច្បាប់​ថ្មី​របស់​Twitter ម្ចាស់​គណនី​ត្រូវ​ផ្តល់​ឯកសារ​ជាក់ស្តែង ដែល​អាច​បញ្ជាក់ថា ពួកគេ​ស្ថិត​នៅ​ក្នុង​ទឹកដី អាមេរិក។ ជាក់ស្តែង នៅពេល​ដែល​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​របស់​សភា អាមេរិក ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៦​វិច្ឆិកា​ខាងមុខ ម្ចាស់​គណនី​Twitter ដែល​ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សភា​អាមេរិក ត្រូវបញ្ជាក់​អត្តសញ្ញាណ និង​រូបថត​នៅលើ​គណនី​របស់ខ្លួន។ វិធានការ​របស់​Twitterធ្វើឡើង​ដើម្បី​ជៀសវាង​ការចោទប្រកាន់ ដូចកាល​ពីពេល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដែលនៅពេលនោះ​សារ​ជាច្រើន ទាក់ទង​នឹង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាមេរិក ត្រូវ​បាន​សរសេរ​ចេញពី​​គណនី ដែល​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ គ្មាន​ម្ចាស់​ពិតប្រាកដ ឬ​ក៏​ចេញ​ពី​គណនី ដែល​មាន​ម្ចាស់​រស់នៅ ក្នុង​ទឹកដី​រុស្ស៊ី។

នៅ​ខែ​កុម្ភៈ ដើម​ឆ្នាំនេះ តុលាការ​អាមេរិកាំង​បាន​សម្រេច​ចោទប្រកាន់​ជនជាតិ​រុស្ស៊ី​១៣​រូប ពី​បទ​ចូលរួម ក្នុង​សង្រ្គាមផ្សព្វផ្សាយ​ព័ត៌មាន នៅ​លើ​បណ្តាញ​សង្គម ដើម្បី ប្រឆាំង​អាមេរិក។ តាម​ការចោទប្រកាន់​របស់តុលាការ អាមេរិក សង្រ្គាម​ព័ត៌មាន របស់​ជនជាតិ​រុស្ស៊ី​ទាំងនោះ បាន​បង្កើត​ភាពតានតឹង រើសអើងពូជសាសន៍ និង​នយោបាយ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦។ នៅ​មួយ​ឆ្នាំមក​នេះ រដ្ឋអាជ្ញា​ពិសេស លោក​Robert Mueller កំពុង​បើក​ការស៊ើបអង្កេត​លើការលូកដៃ​របស់​រុស្ស៊ី​ក្នុង​ការបោះឆ្នោត​អាមេរិកាំង និង​ទំនាក់ទំនង​រវាង​ក្រុមឃោសនា​បោះឆ្នោត​របស់​លោកដូណាល់ ត្រាំ ជាមួយ​រុស្ស៊ី ដែល​អាច​ជួយ​ឲ្យ​លោក​ដូណាល់ ត្រាំ បាន​ឈ្នះឆ្នោត ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក៕

ដោយ៖ ឈាង បុប្ផា
ប្រភព៖ RFI

ពាក្យទាក់ទង ៖
 

មតិយោបល់