ថ្ងៃ ច័ន្ទ ទី 24 ខែ កញ្ញា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 24 ខែ កញ្ញា ឆ្នាំ 2018
ទំនាក់ទំនង ៖ 077662291 - 015769791

លោកម៉ាក្រុង៖​បារាំង​មិន​​អាច​ទទួល​យក​បាន​ទេ ចំពោះ​ការ​ចាប់​បង្ឃាំង​ជនអន្តោប្រវេសន៍ ​តាម​ជំរំ​នៅ​ព្រំដែន

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
លោក Emmanuel Macron ​ប្រធានាធីបតី​បារាំង នៅចំពោះ​មុខ​អង្គសភា​បារាំង ថ្ងៃ​ទី​​៩​កក្កដា ២០១៨
REUTERS/Charles Platiau

កាលពីរសៀលថ្ងៃចន្ទ ទី៩កក្កដា លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានចូលទៅថ្លែងសន្ទរកថានយោបាយ នៅចំពោះមុខអង្គសភាបារាំង ដើម្បីបង្ហាញអំពីបន្ទាត់នយោបាយធំៗរបស់លោក។ ទាក់ទិននឹងបញ្ហាជនអន្តោប្រវេសន៍យ៉ាងច្រើនគំហុក ដែលកំពុងបង្កភាពស្មុគស្មាញក្នុងសង្គមបារាំង ព្រមទាំងបញ្ហា រកាំរកូស នៅទូទាំងអឺរ៉ុបផងនោះ លោកម៉ាក្រុង បានថ្លែងថា បារាំងក៏ដូចជាអឺរ៉ុប មិនអាចបិទទ្វារ ឱបដៃមិនជួយយុវជនអាហ្វ្រិក ដែលប្រថុយជីវិតធ្វើចំណាកស្រុក​នោះទេ។ លោកម៉ាក្រុងបន្ថែមថា ប្រទេសអឺរ៉ុបទាំងអស់ ត្រូវតែសាមគ្គីគ្នា ដោះស្រាយបញ្ហានេះ​រួមគ្នា មិនត្រូវយករួចខ្លួនតែម្នាក់ឯងនោះឡើយ។

ប្រសាសន៍លោក ម៉ាក្រុង ប្រធានាធិបតី​បារាំង ថ្លែង​នៅ​មុខ​​អង្គសភា​​បារាំង​

“យុវជនអាហ្វ្រិក ដែលបានសម្រេចចិត្តចាកចោលភូមិដ្ឋាន ទាំងប្រថុយគ្រោះថ្នាក់បំផុត គឺដោយសារពួកគេ អស់សង្ឃឹម គ្មានជំរើស ទោះបីជាដឹងថាខ្លួនគេ នឹងមិនអាចទទួលបាន នូវសិទ្ធិជ្រកកោននៅអឺរ៉ុប ក្នុងនាមជាជនភៀសខ្លួនក៏ដោយ។ តែពួកគេនៅតែផ្សងជីវិត ធ្វើដំណើរមក”។ “បារាំង ព្រមទាំងអឺរ៉ុប ត្រូវតែស្ថាបនា នូវចំណងសហប្រតិបត្តិការជាដៃគូ ដើម្បីជួយទ្វីបអាហ្វ្រិក និងយុវជនអាហ្វ្រិក ព្រោះថា ជាមួយនឹងបទពិសោធន៍ដែលកំពុងកើតឡើងនាពេលនេះ បានរំលឹកឲ្យយើងគ្រប់គ្នាដឹងថា យើងមិនមែននៅលើកោះមួយដាច់តែឯងនោះទេ តែយើងទាំងអស់គ្នាមានវាសនាជាប់នឹងគ្នាទៅវិញទៅមក”។ “គោលនយោបាយទាំងឡាយណា ដែលមានលក្ខណៈអត្មានិយម ជាតិនិយម យករួចខ្លួនតែម្នាក់ឯង តែមួយរយៈពេលខ្លី គឺមិនអាចដោះស្រាយបញ្ហាជនអន្តោប្រវេសន៍នេះបានទេ។ ផ្ទុយទៅវិញ គឺវាផ្ទេរបញ្ហានេះ ទៅកាន់ប្រទេសមួយផ្សេងទៀត។ ហើយចុងក្រោយ គឺវានឹងធ្វើឲ្យប្រទេសអឺរ៉ុប បែកបាក់គ្នា មើលមុខគ្នាលែងត្រង់”។

បក​ប្រែ​​សំរួល​ដោយ៖ ម៉ម ពិសី
ប្រភព៖ RFI

 

មតិយោបល់