ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

កញ្ញា យិន ម៉ាណា ត្រូវ​ដោះលែង​ក្រោយ​ឃុំខ្លួន​បាន​២​ខែ​គត់​ករណី​បើកឡាន​បុក​មនុស្ស​ស្លាប់

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
យុវតី យិន ម៉ាណា (រូប​ស្ដាំ​កណ្ដាល) និង​ក្រុម​គ្រួសារ ពេល​មក​បង្ហាញ​ខ្លួន​នា​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ​២០១៩។
រូប​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ

យិន ម៉ាណា

កញ្ញា យិន ម៉ាណា ដែលបើករថយន្តបុកនិស្សិត ឌុំ រីដា ស្លាប់ ត្រូវបានសមត្ថកិច្ចបញ្ជូនដល់តុលាការ ដើម្បីបន្តនីតិវិធី (Video inside)

បាន​បង្ហោះ​ដោយ Fresh News នៅ ព្រហស្បតិ៍ 28 មីនា 2019

មន្ត្រី​ពន្ធនាគារ បាន​ដោះលែង កញ្ញា យិន ឃុនម៉ី ហៅ យិន ម៉ាណា កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ឧសភា​ហើយ ក្រោយ​ឃុំខ្លួន​បាន​២​ខែ​គត់​។ ការ​ដោះលែង​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​ពន្ធនាគារ អះអាង​ថា ធ្វើឡើង​តាម​បញ្ជា​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កំណត់​ឱ្យ​ជាប់ពន្ធនាគារ​តែ​២​ខែ ក្នុង​ករណី​កញ្ញា បើកឡាន​ស៊េរី​ទំនើប​បុក​មនុស្ស​ស្លាប់។ អ្នកឃ្លាំមើល​រិះគន់​ថា នេះ​ជា​ការ​សម្រេច​ដោយ​គ្មាន​វិជ្ជាជីវៈ របស់​ព្រះរាជអាជ្ញា។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​សង្គម និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន រិះគន់​ថា មន្ត្រី​តុលាការ​តែង​អនុវត្ត​ស្តង់ដារ​ពីរ ទើប​បណ្ដាល​ឱ្យ​មន្ត្រី​ទាំងនោះ រង​ការ​រិះគន់​ថា គ្មាន​វិជ្ជាជីវៈ​ចំពោះ​ការងារ​របស់​ខ្លួន។ លោក​ថា អ្នក​មាន​លុយ មានអំណាច ទោះ​បើកឡាន​បុក​សម្លាប់​មនុស្ស ដូច​ករណី​កញ្ញា យិន ម៉ាណា នេះ ក៏​អាច​ជាប់ទោស​ត្រឹម​រយៈពេល​ខ្លី​បំផុត​។ ចំណែក​អ្នក​គ្មាន​ប្រាក់ និង​អ្នកធ្វើការ​សង្គម ឬ​ហ៊ាន​តស៊ូ​មតិ មិន​រណប​គណបក្ស​កាន់អំណាច តែង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​យូរ។

លោក រ៉ុង ឈុន លើកទឹកចិត្ត​ឱ្យ​មន្ត្រី​តុលាការ​ហ៊ាន​ដោះលែង ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី ព្រោះ​លោក គ្មាន​ប្រព្រឹត្តិ​ទោស​អ្វី​ស្មើ​ទៅ​នឹង​ការ​បើក​ឡាន​បុក​មនុស្ស​ស្លាប់​នោះ​ទេ តែ​ត្រូវ​ទទួលរង​ទោស យូរ ជាង​អ្នក​បើកឡាន​បុក​មនុស្ស​ស្លាប់​ទៅទៀត៖ «ឱ្យ​តែ​អ្នកមាន​ឥទ្ធិពល អ្នកមាន​លុយ ទោះបី​ជន​នោះ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​យ៉ាងណាក៏ដោយ មិន​យូរ​មិន​ឆាប់​ត្រូវ​មាន​សេរីភាព​។ ប៉ុន្តែ​ដោយឡែក​សម្រាប់​អ្នក​ធ្វើ​ការងារ​សង្គម ដូច​លោក រ៉ាត់ រ័ត្នមុនី ក្ដី ហើយ​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក្ដី ដែល​បាន​ធ្វើ​កិច្ចការ​សង្គម​ហ្នឹង តែងតែ​ទទួលរង​គ្រោះ​ជាប់​ពន្ធនាគារ​មិន​ត្រូវ​បាន​លើកលែង​ឱ្យ​មាន​សេរីភាព​ទេ ដូច​ករណី លោក រ៉ាត់ រ័ត្នមុនី ជាដើម»។

ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយ​ពេល​មន្ត្រី​ពន្ធនាគារ​បាន​ដោះលែង កញ្ញា យិន ម៉ាណា កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៧ ឧសភា គឺ​បន្ទាប់ពី​កូនស្រី​របស់​សមាជិក​ក្រុមប្រឹក្សា​អាជ្ញាធរ​អប្សរា​រូប​នេះ អនុវត្ត​ទោស​ជាប់ពន្ធនាគារ បាន​២​ខែ​គត់ ក្នុង​សំណុំរឿង​បើកឡាន​បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់ កាលពី​ចុងខែ​មីនា នៅ​ខណ្ឌ​ទួលគោក។

ប្រព័ន្ធ​ឃោសនា​ក្នុងស្រុក (Freshnews) ស្រង់​សំដី​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ចុះផ្សាយ​ថា ការ​ដោះលែង​ធ្វើតាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង គឹមឡាក់ ដែល​ចេញ​ដីកា​បង្គាប់​ឱ្យ​ដោះលែង កញ្ញា យិន ម៉ាណា នៅ​ថ្ងៃ​ទី​២៧ ឧសភា។

កញ្ញា យិន ម៉ាណា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ​បើកបរ​ដោយ​ធ្វេស​ប្រហែល​បណ្ដាល​ឱ្យ​អ្នកដទៃ​ស្លាប់ និង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​(PJ) រយៈពេល​២​ខែ​កន្លង​ទៅ​នេះ។ កាលណោះ ចៅក្រម​បានសម្រេច​ដាក់ទោស​ពន្ធនាគារ កញ្ញា យិន ម៉ាណា ១​ឆ្នាំ។ ប៉ុន្តែ លុះដល់​ថ្ងៃ​ទី​១៧ ឧសភា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក អ៊ុក សុវណ្ណារិទ្ធិ សម្រេច​សម្រួល​ឱ្យ​អនុវត្ត​ទោស​ពន្ធនាគារ ២​ខែ និង​ព្យួរទោស​ដែល​នៅសល់។

មាត្រា​៨៥ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ចែងថា ជន​ណា​បើកបរ​ដោយ​ធ្វេស​ប្រហែល ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន បណ្ដាល​ឱ្យ អ្នកដទៃ​ស្លាប់ ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល ទៅ​១០​លាន​រៀល​។ ករណី​ជន​បង្ក​បើកបរ ដោយ​គ្មាន​ប័ណ្ណបើកបរ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បណ្ដាល​ឱ្យ​ស្លាប់​ច្រើន​នាក់ ឬ​បើក​រត់គេច​ពី​កន្លែង​កើត​ហេតុ ដើម្បី​គេច​ពី​ការទទួលខុសត្រូវ គឺ​ត្រូវ​ផ្ដន្ទាទោស ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​២៥​លាន​រៀល​ព្រមទាំង​ហាម​បើកបរ​រយៈពេល ៥​ឆ្នាំ។

មេធាវី​ការពារ​ក្ដី​ឱ្យ កញ្ញា យិន ម៉ាណា គឺ អ្នកស្រី​មេធាវី ស្រី សុផាន់ណារ៉ា ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (Thmeythmey.com) ថា កូនក្ដី អ្នកស្រី​ត្រូវ​បាន​តុលាការ​ហាម​មិន​ឱ្យ​បើកបរ​៣​ឆ្នាំ​។ អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី មេធាវី​ការពារ​ក្ដី របស់​កញ្ញា យិន ម៉ាណា បន្ថែម​បានទេ នៅ​ថ្ងៃទី​២៨ ឧសភា ដោយសារ​ទូរស័ព្ទ​មិន​ចូល។

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថា សំណុំរឿង កញ្ញា យិន ម៉ាណា មាន​ភាព​មិន​ប្រក្រតី​តាំងពី​ដំបូង​មក​ម្ល៉េះ ប៉ុន្តែ​ដោយសារ​មានការ​ជំរុញ​ពី​ក្រុម​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទើប​សមត្ថកិច្ច និង​តុលាការ​បង្ខំចិត្ត ដំណើរការ​នីតិវិធី។ លោក​ថា ការ​ដោះលែង​នេះ ជា​ការ​ធ្វើ​ឱ្យ​បាត់បង់​តម្លៃ​របស់​មន្ត្រី​តុលាការ​ខ្លួនឯង​បន្ថែម​ទៀត។

ពលរដ្ឋ​ទាមទារ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ស៊ើបអង្កេត​លើ​ចៅក្រម លោក អ៊ុក សុវណ្ណារិទ្ធិ ដែល​សម្រេច​ក្ដី​បែបនេះ​ដែរ៕

ដោយ៖ មួង ណារ៉េត
ប្រភព៖ RFA

 

មតិយោបល់