ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ហ្វី​លីពីន ដឹក​សំរាមនាំចូល​ដោយ​ខុសច្បាប់​​៦៩​កុងតឺន័រ ទៅចោល​នៅ​​កាណាដាវិញ​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
សកម្មជនបរិស្ថានដែលបង្ហាញបដាមានន័យថា “ប្រទេសហ្វីលីពីនមិនមែនជាកន្លែងចាក់សំរាម” នៅក្បែរកប៉ាល់ដឹកទំនិញ MV Bavaria ដែលដឹកសំរាមទៅចាក់នៅកាណាដាវិញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ រូបថត: EPA

សកម្មជនបរិស្ថានដែលបង្ហាញបដាមានន័យថា “ប្រទេសហ្វីលីពីនមិនមែនជាកន្លែងចាក់សំរាម” នៅក្បែរកប៉ាល់ដឹកទំនិញ MV Bavaria ដែលដឹកសំរាមទៅចាក់នៅកាណាដាវិញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ រូបថត: EPA
រដ្ឋាភិបាល​ហ្វីលីពីន បាន​ដឹក​សំរាម​ដែល​មានប្រភព​មក​ពី​ប្រទេសកាណាដា​ចំនួន ​៦៩​កុងតឺន័រ ត្រលប់​ទៅវិញ។

មន្រ្តី​រដ្ឋបាល​កំពង់ផែ Subic Bay នៃកោះ Luzon របស់ហ្វី​លីពីន បានប្រាប់​ទីភ្នាក់​ងារ​សារព័ត៌មានបារាំង​ AFP ថា សំរាម​ទាំងនោះត្រូវ​បាន​ដឹក​ចេញ​នៅ​ថ្ងៃសុក្រ​នេះ។ មន្រ្តីហ្វីលីពីនដដែលនេះ ឲ្យដឹងថា ការ​ដឹក​ជញ្ជូន​នេះត្រូវ​ចំណាយ​ពេល​ប្រហែល ​២០ថ្ងៃ ទើប​ដល់កំពង់ផែក្រុង Vancouver នៃ​កាណាដា។

កាលពីចុងខែមេសា​ ប្រធានាធិបតីហ្វីលី​ពីន លោក​ ឌូតឺតេ ទុក​ពេល​១សប្តាហ៍ឲ្យ​កាណាដា​ដឹក​សំរាមទាំងអស់​​​ត្រលប់​ទៅវិញ​។ លោក​ ឌូតឺតេ លើកឡើង​ថា ​ប្រទេសកាណាដា​កំពុងចាត់ទុកហ្វីលីពីន​ជាប្រទេស​សម្រាប់​ចាក់​សំរាមរបស់​ខ្លួន​។ លោកថា បើកាណាដាមិនព្រម​ដឹក​សំរាម​ទាំងនោះត្រលប់​ទៅវិញទេ ហ្វីលីពីននឹងធ្វើការឆ្លើយតប​ទៅវិញឲ្យបាន​ចាស់​ដៃ។

សំរាម​ទាំងអស់​នោះ ត្រូវបាន​ដឹក​ចេញ​ពីប្រទេស​កាណាដាទៅ​ចោលនៅប្រទេស​ហ្វីលីពីន​ដោយក្រុមហ៊ុន​មួយនៅចន្លោះពីឆ្នាំ២០១៣ និង២០១៤។ ក្រុមហ៊ុន​ដែល​ដឹកសំរាម​ទាំងនោះ បាន​បន្លំ​ថា វា​ជាប្រភេទ​សំណល់​សម្ភារប្លាស្ទិកចាស់ៗ។ ប៉ុន្តែ តាមពិត​ទៅនៅក្នុង​កុងតឺន័រទាំង​១០៣ ដែល​ដឹក​ចូល​មកនោះគឺជាសំរាម​ផ្ទះបាយ និង​ខោ​ទឹក​នោម​មនុស្ស​ចាស់ដែល​ប្រើហើយ ជាដើម​។

ក្នុងចំណោមសំរាម​ទាំង ១០៣កុងតឺន័រ មាន​តែសំរាម​ ២៦កុងតឺន័រប៉ុណ្ណោះ ដែលត្រូវបាន​កប់​ចោលក្នុងវាល​​ចាក់​សំរាម​របស់​ហ្វីលីពីន ក្រៅពី​នេះរក្សាទុក​ដដែល។​ រដ្ឋាភិបាល​កាណាដាក្នុងរយៈពេល​ពាក់​កណ្ដាលទសវត្សមកនេះ បានព្យាយាម​ម្តងហើ​យ​ម្តង​ទៀតឲ្យ​ហ្វីលីពីនព្រម​ទទួល​យកសំរាម​ទាំង​នោះ។ ទោះបីជាមានការបញ្ចុះបញ្ចូល​យ៉ាងណាក៏ដោយ ក៏​នៅឆ្នាំ២០១៦ តុលាការហ្វីលីពីនបាន​សម្រេច​ឲ្យដឹកសំរាម​ទាំងនោះ​ទៅកាណាដាវិញ។

បញ្ហាសំរាម​នេះ បាន​ធ្វើឲ្យ​ទំនាក់​ទំនងការទូត​រវាងប្រទេសទាំង​ពីរ​មាន​បញ្ហានឹងគ្នាទៀតផង។ ជាក់​ស្ដែងកាល​ពីដើម​ខែនេះ រដ្ឋាភិបាល​លោក​ ឌូតឺតេ បានកោះ​ហៅ​ឯកអគ្គរាជទូត និង​កុងស៊ុ​ងរបស់​ខ្លួន​ត្រលប់​មកប្រទេសវិញ ករណី​ដែល​កាណាដា​បរាជ័យក្នុងការដឹក​សំរាម​ទាំងនោះ​ត្រលប់​ទៅវិញ​។​

ទោះយ៉ាងក៏ដោយ​ អ្នក​តាម​ដាន​បញ្ហានេះ យល់​ឃើញថា ​ការដឹកសំរាម​ទាំង ៦៩កុងតឺន័រត្រលប់​ទៅ​ឲ្យ​កាណាដាវិញនាពេលនេះ អាចនឹង​​ជួយ​ស្ដារទំនាក់ទំនងរវាង​កាណាដា និងហ្វីលីពីន ឲ្យ​មាន​ភាពប្រសើ​រឡើងវិញបាន។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ក៏បានរិះគន់ផងដែរចំពោះ​ប្រទេសអ្នកមាន ដូចជា សហរដ្ឋអាមេរិក កាណាដា និងជប៉ុន ដែលបាន​ដឹក​កាកសំណល់មិនអាចកែច្នៃយកមក​ចោល​នៅក្នុងប្រទេស​ក្រីក្រ។ រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏មាន​គម្រោង​​ដឹកសំរាម​ទាំងនោះត្រលប់​ទៅប្រទេស​ដើម​ដូចហ្វីលីពីនដែរ។

លោក៖ ស៊ុន សុខេន
ប្រភព៖ VOD

ពាក្យទាក់ទង ៖
 

មតិយោបល់