ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 16 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ក្រសួងការងាររំលឹកទៅរោងចក្រសហគ្រាស និងគ្រឹះស្ថាននានា បើកអតីភាពការងារជូនកម្មករនិយោជិត

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ក្រសួងការងាររំលឹកទៅរោងចក្រសហគ្រាស និងគ្រឹះស្ថាននានា បើកអតីភាពការងារជូនកម្មករនិយោជិត
កម្មករ-កម្មការិនី ធ្វើដំណើរចូលបម្រើការងារនៅក្នុងរោងចក្រ W and D ស្ថិតក្នុងភូមិឬស្សី សង្កាត់មានជ័យ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរំលឹកទៅម្ចាស់រោងចក្រសហគ្រាស និងគ្រឹះស្ថានដែលពាក់ព័ន្ធឲ្យអនុវត្តនបើកប្រាក់អតីតភាពការងារជូនកម្មករនិយោជិតតាមច្បាប់ស្តីពីការងារ។

កាលពី​ឆ្នាំ២០១៨ ក្រសួង​ការងារបានផ្លាស់ប្តូរ​នីតិវិធី​អនុវត្ត​ការទូទាត់​ប្រាក់​​អតីតភាព​ការ​ងារ​ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ ​កាត់ដេរ ​និង​ផលិត​ស្បែកជើង​ ពី​ការបើក​សរុប​នៅពេល​បញ្ចប់ការងារ​របស់​កម្មករ ​មកបើក​ជា​ទៀង​ទាត់​ក្នុង​ ១ឆ្នាំ​ ២ដងវិញ។ ​ហើយ​ត្រូវអនុវត្ត​ជា​ដំណាក់កាល​ទាំង​ប្រាក់​អតីត​ភាពការងារ​ថ្មី និង​ប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ២០១៩ ដោយ​​ចាប់ពី​ខែ ​មិថុនា ឆ្នាំ២០១៩។

ក្នុងសេចក្តីណែនាំចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងការងារបានជំរុញទៅម្ចាស់សហគ្រាស គ្រឹះស្ថានដែលពាក់ព័ន្ធផ្សេងទៀត ត្រូវអនុវត្តការបើកប្រាក់អតីតភាពការងារជូនកម្មករនិយោជិតតាមគោលការណ៍ថ្មីឲ្យខានតែបាន។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់ វី.អូ.ឌីបន្ថែមលើសេចក្តីណែនាំនេះថា ចំពោះការបើកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ ជូនកម្មករនិយោជិត ក្រៅពីសហគ្រាស គ្រឹះស្ថានវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង គឺត្រូវអនុវត្តចុងឆ្នាំ២០២១។

លោក ហេង សួរ បន្តថា ក្រសួងនឹងតាមដានការអនុវត្ត ការទូទាត់ប្រាក់អតីតភាពការងាររបស់ម្ចាស់រោងចក្រសហគ្រាសទាំងនោះ និងព្រមានចាត់វិធានការ​ពិន័យ​ចំពោះ​រោងចក្រសហគ្រាសទាំងឡាយណា​ដែលអនុវត្តមិនបានត្រឹមត្រូវតាមសេចក្តីណែនាំនេះ។

លោក បន្ថែមថា៖ «ប្រសិនជាមានការខកខាននូវការទូទាត់ណាមួយខុសពីគោលការណ៍ណែនាំរបស់ក្រសួង ហើយជាចេតនារបស់និយោជកនេះ គឺយើងនឹងបានការពិន័យទៅដល់និយោជកដែលគាត់រំលោភទៅលើការទូទាត់នេះ។ ទី១ និយោជកត្រូវទូទាត់ឲ្យគ្រប់ ប្រសិនជាការគណនារបស់គាត់ខ្វះ ឬមួយក៏មិនអនុវត្តត្រឹមស្មារតីនៃសេចក្តីណែនាំនេះ ហើយបន្ទាប់ពីបន្ថែមបង្រ្គប់ជូនដល់បងប្អូនកម្មករ គាត់ក៏ត្រូវរងពិន័យបន្ថែមពីអធិការកិច្ចការងារដែរ»។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា​ សេចក្តីណែនាំនេះ ហាក់ធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់កម្មករនិយោជិត ដោយថា ក្រសួងបានកំណត់ឲ្យគិតប្រាក់អតីតភាពការងារជូនកម្មករត្រឹមតែ១១ឆ្នាំ ខណៈកម្មករដែលបានធ្វើការងារយូរឆ្នាំជាងនេះនឹងបាត់ផលប្រយោជន៍។

លោក ប៉ាវ ស៊ីណា បន្តថា បញ្ហាមួយទៀតនោះ ការបញ្ឈប់កម្មករដោយខុសច្បាប់ គឺក្រសួងមិនបានបញ្ជាក់ច្បាស់លាស់ក្នុងការទូទាត់ប្រាក់អតីតភាពការងារជូនកម្មករនោះដែរ ដែលលោកថាប្រសិនបើពុំមានការបកស្រាយច្បាស់លាស់ទេ នឹងជំរុញឲ្យមានវិវាទការងាររវាងកម្មករ និងនិយោជកនៅពេលខាងមុខ។

លោក បន្ថែមថា៖ «ខ្ញុំឃើញសេចក្តីជូនដំណឹងនេះមានភាពខ្វះខាតមួយចំនួន ដែលខ្ញុំគិតថា នឹងធ្វើឲ្យមានវិវាទកើតឡើងចំពោះការបកស្រាយពីសំណាក់និយោជក ក៏ដូចជាកម្មករដែលគាត់មានអតីតភាពការងារច្រើនជាង១១ឆ្នាំ។ រីឯការប្តឹងផ្តល់ទៅតុលាការចំពោះការបញ្ឈប់កម្មករដោយពុំមានហេតុផលត្រឹមត្រូវដែលកម្មករមានសិទ្ធិប្តឹង ហើយនិយោជកមានសិទ្ធិមិនឆ្លើយតបទៅនឹងការទាមទារអីជាដើមនោះ ខ្ញុំគិតថា វាជាចំណុចមួយផ្តល់ឱកាសឲ្យនិយោជកច្រើនជាងកម្មករ។ ដូច្នេះ ចំនុចនេះ ក្រសួងកាងារត្រូវគិតឲ្យបានច្បាស់លាស់»។

វី.អូ.ឌី មិនអាចសុំការឆ្លើយតបពីតំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានទេ៕

លោក៖ ឃុត សុគន្ធ
ប្រភព៖ VOD

 

មតិយោបល់