ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 11 ខែ សីហា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ជប៉ុនចាប់អារម្មណ៍ចង់បណ្តាក់ទុន បើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ជប៉ុនចាប់អារម្មណ៍ចង់បណ្តាក់ទុន បើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ស្វាយចន្ទី

ស្វាយចន្ទី

(ភ្នំពេញ)៖ ក្រុមហ៊ុនជប៉ុនមួយ ដែលមានឈ្មោះថា Top Planning Japan Co., Ltd បានបង្ហាញនូវគ្រោងបង្កើនរោងចក្រ កែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា កម្រិតស្តង់ដារអន្តរជាតិ នាពេលឆាប់ៗខាងមុខនេះ។

ការបង្ហាញការចាប់អារម្មណ៍ក្នុងបើករោងចក្រនៅកម្ពុជានេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសលោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd ចូលជួបលោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្តែងការគួរសម និងរាយការណ៍ ជូនជ្រាបអំពីដំណើរការ នៃការសិក្សាពីសក្តានុពលដំណាំស្វាយចន្ទីកម្ពុជា។

លោក Murayama Tsetuo បានជម្រាបជូនលោករដ្ឋមន្ត្រីអំពីស្សាវតារបស់ក្រុមហ៊ុន ដែលមានមុខជំនួញធំៗជាច្រើនទាំងក្នុងប្រទេសជប៉ុន និងនៅលើពិភពលោក ទាក់ទងអចលនទ្រព្យ និងវិស័យកសិកម្ម។

លោកថា កន្លងមកនេះ ដោយទទួលបានការជួយឧបត្ថម្ភគាំទ្រពីអង្គការ JICA ក្រុមហ៊ុនបានធ្វើការសិក្សាស្រាវជ្រាវ អំពីសក្តានុពលដំណាំស្វាយចន្ទីកម្ពុជា ហើយលទ្ធផលនៃការសិក្សា គឺបានធ្វើតេស្តសាកល្បង រសជាតិគ្រាប់ស្វាយចន្ទីផលិតនៅកម្ពុជា ដោយប្រជាជនជប៉ុនបង្ហាញថា គ្រាប់ស្វាយចន្ទីកម្ពុជា មានរសជាតិឆ្ងាញ់ជាងគ្រាប់ស្វាយចន្ទីរបស់វៀតណាម ឥណ្ឌា និងអាហ្វិក។ ប៉ុន្តែជារួមគុណភាព អនាម័យ បរិមាណផលិត ការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ និងកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី នៅមានកម្រិត។

លោក Murayama Tsetuo កត្តាអវិជ្ជមានទាំងនេះ ធ្វើឲ្យក្រុមហ៊ុនមានឆន្ទៈ ចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា កម្រិតស្តង់ដារអន្តរជាតិ ធ្វើយ៉ាងណាកាត់បន្ថយ និងឈានទៅលុបបំបាត់ ចំណុចអវិជ្ជមានទាំងនេះ ដើម្បីឈានទៅលើកកម្ពស់បរិមាណ គុណភាព និងអនាម័យគ្រាប់ស្វាយចន្ទីកម្ពុជា ឲ្យស្ថិតក្នុងចំណាត់ថ្នាក់ពិភពលោក នាពេលអនាគត។

លោកនាយកក្រុមហ៊ុន បានធ្វើការស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសលោករដ្ឋមន្រ្តី មេត្តាជួយផ្តល់កិច្ចសហការ និងណែនាំបន្ថែមធ្វើយ៉ាងណា ឲ្យគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទីកម្ពុជា នាពេលអនាគតឲ្យទទួលបានជោគជ័យតាមការគ្រោងទុក។ ក្រៅពីគ្រាប់ស្វាយចន្ទី ក្រុមហ៊ុន ក៏ចាប់អារម្មណ៍ផងដែរ លើការដាំដុះ និងកែច្នៃសណ្តែកផ្កាយ ការចិញ្ចឹមឃ្មុំក្នុងចំការស្វាយចន្ទី និងការចិញ្ចឹមជ្រូកសាច់សរីរាង្គផងដែរ។

លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនតាមរយៈគម្រោងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ។ ជាងនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗមួយចំនួន ត្រូវបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ពីរាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA ដែលជាសរសៃឈាមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្នដល់ជាង ៧ភាគរយ ហើយសមិទ្ធផលនេះ មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងពីវិស័យឯកជនជប៉ុនបានឡើយ។

លោករដ្ឋមន្រ្តីបានស្វាគមន៍ ចំពោះលទ្ធផលនៃការសិក្សា ជាពិសេសគំនិតផ្តួចផ្តើនលើការវិនិយោគរោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទីកម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខ។

លោកបានជម្រាបជូនភ្ញៀវថា គម្រោងនេះ គឺស្របនឹងគោលនយោបាយរបស់ក្រសួង ដែលបាននិងកំពុងខិតខំជំរុញផលិតភាពផលិតកម្ម ឲ្យមានលក្ខណៈល្អប្រសើរទាំងបរិមាណ គុណភាព និងអនាម័យ តាមរយៈវិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម ដោយអនុវត្តតាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម» ដោយប្រើប្រាស់បច្ចេកវិទ្យាដាំដុះ កែច្នៃ វេចខ្ចប់ទាន់សម័យ សំដៅលើកកម្ពស់តម្លៃបន្ថែម កាត់បន្ថយការនាំចេញវត្ថុធាតុដើម។

លោករដ្ឋមន្ដ្រី វេង សាខុន បានបន្តទៀតថា តាមរយៈបទពិសោធន៍ ដែលក្រុមហ៊ុនមានសង្ឃឹមថា គម្រោងនេះ នឹងដំណើរការទៅដោយរលូន ហើយក្រសួង ក៏ដូចជាអង្គភាពពាក់ព័ន្ធ នឹងរង់ចាំផ្តល់កិច្ចសហការពេញលេញ ដើម្បីឲ្យការវិនិយោគនេះ សម្រេចទទួលបានជោគជ័យតាមការគ្រោងទុក។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនគួរតែរៀបចំផែនការដាំដុះ ឯកសារផ្លូវច្បាប់ បច្ចេកទេស ចងក្រងសហគមន៍ផលិត ហើយគួរអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីជាប្រយោជន៍សម្រាប់ប្រជាកសិករកម្ពុជា ក្រុមហ៊ុន និងជាពិសេសសេដ្ឋកិច្ចជាតិ៕

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់