ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 04 ខែ កក្កដា ឆ្នាំ 2020
ទំនាក់ទំនង ៖ 077662291 - 015769791

ជម្លោះចិននិងវៀតណាមដណ្តើមឥណ្តូងប្រេងរាលដាលកាន់តែខ្លាំង

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Beijing deploys new deepwater drilling rig in South China Sea
Beijing has deployed a new oil rig in the disputed waters of the South China Sea. Photo: Weibo

កាសែត The South China Morning Post កាល ពី ថ្ងៃទី ២១ ខែកញ្ញា បានដក ស្រង់ព័ត៌មានពីគណនី បណ្តាញសង្គមឈ្មោះ Chang An Jian របស់គណៈ​កម្មាធិការ នយោបាយនិងច្បាប់មជ្ឈិមចិន បានឲ្យដឹងថា អណ្ដូង​ប្រេង Haiyang Shiyou 982 របស់ចិនស្ថិតនៅក្នុងជម្រៅទឹក ៣ ០០០ ម៉ែត្រនៅក្នុងសមុទ្រខាងកើត(សមុទ្រចិនខាងត្បូង)។

ប៉ុន្តែ​កាសែត ដដែល នេះចុះផ្សាយនៅថ្ងៃទី២៥ខែកញ្ញាថា មិនទាន់ដឹងថាអណ្ដូង​ប្រេង Haiyang Shiyou 982 នៅទីតាំង​ណា​ជាក់ស្ដែង។

ចាប់តាំងពីដើមខែកក្កដាឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ននេះ សមុទ្រខាង កើតដែលធ្វើឲ្យ​វៀត​ណាម​និងចិនប្រឈមមុខ​ដាក់គ្នាកាន់​តែ​ខ្លាំងគឺ​បន្ទាប់ពី​​ទី​ក្រុង​ក្រុងប៉េ​កាំង​បានបញ្ជូននាវាស្រាវជ្រាវរុករកប្រេង​Haiyang Dizhi 8​ និងក្រុមនាវា អមការពារ​ចូល​កាន់តំបន់សេដ្ឋកិច្ច​ផ្តាច់​មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រនៅភូមិសាស្ដ្រ តំបន់សមុទ្រខេត្ដ Vung Tau ប្រទេសវៀតណាម។

នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ៣ ខែតុលា អ្នកនាំពាក្យក្រសួងការ បរទេសវៀតណាមបានឲ្យដឹងថា នាវាស្រាវជ្រាវរុករកប្រេង Haiyang Dizhi 8 របស់ ចិននៅតែបន្តពង្រីកសកម្មភាពរបស់ខ្លួន​នៅក្នុងតំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខនិងតំបន់ខ្ពង់ រាបបាតសមុទ្ររបស់វៀតណាម។ វៀតណាមចាត់ទុកថានេះ ជាការរំលោភ​​ធ្ងន់ធ្ងរ​លើអធិបតេយ្យភាពនិង យុត្តាធិការរបស់​វៀតណាម​ដោយយោង​តាមអនុសញ្ញាអង្គការសហ​ប្រជាជាតិ​ស្តីពី​ច្បាប់សមុទ្រឆ្នាំ ១៩៨២ ដែលវៀតណាម​និងចិនជា​សមាជិក។

អណ្ដូងប្រេង Haiyang Shiyou 982 ត្រូវបានប្រគល់ឱ្យក្រុមហ៊ុនសេវាកម្មប្រេងចិន (COSL) ប្រើប្រាស់ពី​ខែ​មីនា​ឆ្នាំមុន​និងចាប់ផ្ដើមធ្វើ​សកម្មភាពនៅថ្ងៃទី ២១ ខែកញ្ញា នៅតំបន់​ដែនសមុទ្រមាន​ទឹកជ្រៅ​៣០០០ ម៉ែត្រ។ នេះគឺជាអណ្ដូងប្រេងធំបំផុត​និងទំនើបបំផុត​ដែល​មាន​​សមត្ថភាពទប់ខ្យល់បាន ២០០ គីឡូម៉ែត្រ​ក្នុងមួយម៉ោង​និងខួង​ក្នុងជម្រៅ ៩ ០០០ ម៉ែត្រ។

វៀតណាមចោទថា ចាប់ពីដើមខែកក្កដាឆ្នាំ ២០១៩ ក្រុមនាវាស្រាវជ្រាវរុករកប្រេង Haiyang Dizhi 8 (មាននាវាអមការពារ ៣០ គ្រឿង) បានចូលកាន់​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខនិង​តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនិង​ធ្វើ​សកម្មភាពស្រាវជ្រាវ​រុករកប្រេង​និង​ឧស្ម័ន ដោយខុសច្បាប់។ កងឆ្មាំ​សមុទ្រវៀតណាម​បានស្នើឲ្យ​នាវារបស់ចិន​បញ្ឈប់សកម្មភាព​ស្រាវ​ជ្រាវ​រុករកនិង​ចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ប៉ុន្តែមិនបានផលទេ។

អនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ បានចែងថា​នៅក្នុងតំបន់សេដ្ឋកិច្ច​ផ្តាច់​មុខ​នៃបណ្តាប្រទេសណាមួយ នៅពេលប្រទេសដទៃចង់ស្រាវជ្រាវ​រុករក​ឬធ្វើនេសាទ​នោះពួក​គេត្រូវ តែសុំការអនុញ្ញាតពីប្រទេសសាមីខ្លួន។ បើ​គ្មាន​ការយល់​ព្រម​ពី​ប្រទេស​សាមីខ្លួន​នោះ​គឺសកម្មភាព​នោះ​ទៅជា​ការ​រំលោភលើច្បាប់អន្តរជាតិ រំលោភអធិបតេយ្យភាព និងយុត្តាធិការ​របស់​ប្រទេសមានតំបន់សេដ្ឋកិច្ចផ្តាច់មុខ។

សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា គេមាន​អធិបតេយ្យភាពលើតំបន់ថ្មប៉ប្រះទឹកនៅភាគខាងត្បូងនៃសមុទ្រខាងកើតនោះជាកន្លែងដែលកំពុងតែមានជម្លោះនេះ។

លោកស្រី Le Thi Thu Hang អ្នកនាំពាក្យ​ក្រសួង​ការបរទេសវៀតណាម​បានលើក​ឡើងថា វៀត​ណាម​បាន​ជួបពិភាក្សាជាមួយ​ភាគី​ចិនជាច្រើនលើកច្រើនសារ​តាមរ​យៈ​ការផ្ញើរកំណត់ទូត​ជំទាស់និងស្នើ​ឲ្យ​ភាគី​ចិន​បញ្ឈប់ភ្លាមៗនូវ​ការ​រំលោភលើអធិបតេយ្យភាព ហើយដកក្រុមនាវាទាំងអស់ចេញពី​តំបន់​ដែន​​សមុទ្រ​​របស់វៀតណាម ព្រមទាំងគោរពសិទ្ធិ អធិបតេយ្យភាពនិង​យុត្តាធិកា​ររបស់វៀតណាម។

សាស្រ្តាចារ្យ Stein Tonnesson ជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន ស្រាវជ្រាវ សន្តិភាព Oslo របស់​ប្រទេស​ន័រវែស​បានលើកឡើងថា យោងទៅតាមច្បាប់សមុទ្រ ចិនគ្មានសិទ្ធិធ្វើ​អាជីវកម្ម​ធនធាន​នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាត សមុទ្ររបស់ប្រទេស​ដទៃ​ទេ​។ លោកថាចិនកំពុងព្យាយាមដំណើរការខ្សែបន្ទាត់ព្រំដែន​ដើម្បី​បម្រើ​ដល់​ការ​អភិវឌ្ឍប្រទេសជាតិរបស់ខ្លួន​ដោយមិនគោរពច្បាប់​អន្តរជាតិ។

ជាញឹកញាប់សហរដ្ឋអាមេរិកបានបង្ហាញក្តីបារម្ភចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើតថា បានធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសជិតខាង និង ប៉ះពាល់ដល់ការធ្វើនាវាចរណ៍ជាអន្តរជាតិ។​

ប៉ុន្តែការប្រឹងប្រែងរបស់វៀតណាម ការបារម្ភរបស់អាមេរិក និងការបកស្រាយផ្សេងៗទៀត មិនបានធ្វើឱ្យចិនផ្លាស់ប្តូរសកម្មភាពនោះទេ គឺសកម្មភាពរុករកប្រេងនិងឧស្ម័ននៅតែបន្ត ហើយចិនអះអាងថា កន្លែងដែលពួកគេកំពុងធ្វើសកម្មភាពទាំងនេះជាកម្មសិទ្ធិរបស់ចិន។​

លោក៖ ពៅ មេត្តា
ប្រភព៖ VOD

 

មតិយោបល់