ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សុក្រ ទី 22 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ក្រុម​មេដឹកនាំ​អាស៊ាន​ ដាក់ចេញ​វិធានការ​អាទិភាព​លប់​បំបាត់​គ្រប់​ទម្រង់​នៃ​អំពើ​កេង​ប្រវ័ញ្ច​ និង​រំលោភ​បំពាន​កុមារ​នៅ​លើ​អ៊ីនធឹណិត

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
Leaders told to create a truly child-friendly ASEAN
Credit Photo : asean2019.go.th

ក្រុម​មេដឹកនាំ​អាស៊ាន​ ប្រកាស​ដាក់ចេញ​វិធានការ​អាទិភាព​ ដើម្បី​រួមគ្នា​លប់​បំបាត់​គ្រប់​ទម្រង់​នៃ​អំពើ​កេង​ប្រវ័ញ្ច​ និង​រំលោភ​បំពាន​កុមារ​នៅ​លើ​បណ្តាញ​អ៊ីនធឹណិត។ វិធានការ​ជា​អាទិភាព​ទាំងនោះ​ រួមមាន​ការ​បង្កើត​ក្របខណ្ឌ​ច្បាប់​ថ្នាក់​ជាតិ​នៅ​តាម​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​ ដើម្បី​កែ​លម្អ​ស្តង់ដារ​ និង​គោលនយោបាយ​គាំពារ​កុមារ​ ពី​អំពើ​កេងប្រវ័ញ្ច​ និង​រំលោភបំពាន​គ្រប់​ទម្រង់​នៅ​លើ​បណ្តាញ​អ៊ីនធឹណិត ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ព្រម​ទាំង​ការជំរុញ​ឲ្យ​មាន​ឡើង​នូវ​ការ​បង្កើត​អង្គភាព​ជំនាញ​ថ្នាក់​ជាតិ​ ដើម្បី​ដឹកនាំ​ និង​សហការ​ស៊ើប​អង្កេត​សំណុំរឿង ​ទាក់ទង​នឹង​ករណី​បទ​ល្មើស​ទាំង​នេះ។

ការប្រកាស​ដាក់ចេញ​ជា​វិធានការ​អាទិភាព​ដើម្បី​ទប់​ស្កាត់​បញ្ហា​កេងប្រវ័ញ្ច​ និង​រំលោភ​បំពាន​ផ្លូវភេទ​គ្រប់​ទម្រង់ ​ចំពោះ​កុមារ​នៅ​លើ​បណ្តាញ​អ៊ីនធឹណិត​នេះ​ ធ្វើ​ឡើង​ខណៈ​ក្រុម​មេ​ដឹក​នាំ​អាស៊ាន​ ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៥​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ពី​ថ្ងៃ​ទី២​ ដល់​ថ្ងៃ​ទី៥​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ នេះ។

សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​មេ​ដឹក​នាំ​អាស៊ាន​ទាំង ១០ប្រទេស ជំរុញ​ឲ្យ​មាន​ការ​ពង្រឹង​យន្តការ​ប្រមូល​ទិន្នន័យ​តាមដាន​ និង​រាយការណ៍​ពាក់ព័ន្ធ​នឹង​សម្ភារៈ​នានា ​ដែល​ចាត់​ទុក​ថា ចូលរួម​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ​នៅ​លើ​បណ្តាញ​អ៊ីនធឹណិត។ ពួកគេ​ក៏​ចង់​ឃើញ​ឲ្យ​មានការ​កែ​លម្អកម្មវិធី​សិក្សា​ថ្នាក់​ជាតិ​ និង​តាម​សាលារៀន​ ដើម្បី​លើក​កម្ពស់​ការយល់​ដឹង​អំពី​អំពើ​កេង​ប្រវ័ញ្ច​ និង​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​ ក្នុង​គ្រប់​ទម្រង់​នៅ​លើ​បណ្តាញ​អ៊ីនធឹណិត។

ក្រុម​មេ​ដឹក​នាំ​អាស៊ាន​ កត់​សម្គាល់​ថា​ ភាព​ជឿន​លឿន​យ៉ាង​ឆាប់​រហ័ស​ និង​ការ​រីកសាយ​ភាយ​នៃ​វិស័យ​អ៊ីនធឹណិត និង​បច្ចេកវិជ្ជា​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ កំពុង​ធ្វើ​ឲ្យ​កុមារ​កាន់​តែ​ច្រើន​ឡើងៗ ប្រឈម​នឹង​ភាព​ងាយ​រង​គ្រោះ​ទៅ​នឹង​ទម្រង់​នៃ​ការផលិត​ និង​ចែកចាយ​សម្ភារៈ​រំលោភ​បំពាន​ផ្លូវភេទ​កុមារ​ និង​ទម្រង់​ដទៃ​ទៀត​ នៃ​អំពើ​កេង​ប្រវ័ញ្ច​លើ​កុមារ​នៅ​តាម​បណ្តាញ​អ៊ីនធឹណិត ដែល​គ្មាន​ព្រំដែន​កំណត់៕

ដោយ៖ មាន ឫទ្ធិ
ប្រភព៖ RFA

ពាក្យទាក់ទង ៖
 

មតិយោបល់