ចង់ទារលុយក្នុងសំណុំរឿងចាស់ ! ប៉ូឡូញផ្តើមគំនិតទារសំណងសង្គ្រាមលោកពីអាល្លឺម៉ង់១ ០០០ពាន់លានដុល្លារ តែអាល្លឺម៉ង់តបថា ហួសពេល និងចប់ហើយ
គេហទំព័រសារព័ត៌មាន Independent របស់អង់គ្លេសដែលដកស្រង់សម្តីរបស់លោក Witold Waszcykowski រដ្ឋមន្ត្រីការបរទេសប៉ូឡូញ ថ្លែងប្រាប់វិទ្យុក្នុងស្រុក RMF កាលពីសប្តាហ៍មុនឲ្យដឹងថា រដ្ឋាភិបាលប៉ូឡូញមានសិទ្ធិទទួលសំណងការខូចខាតក្នុងសង្គ្រាមលោកលើកទី២ចន្លោះឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥ បង្កការឈ្លានពានដោយប្រទេសអាល្លឺម៉ង់នារបបណាហ្ស៊ី (NAZI) ដែលមានទំហំទឹកប្រាក់ប្រមាណ១ ០០០ពាន់លានដុល្លារអាមេរិក ។
គំនិតផ្តួចផ្តើមរបស់ប៉ូឡូញលើការចង់ទារប្រាក់សំណងសង្គ្រាមលោកលើកទី២ពីអាល្លឺម៉ង់នេះ គឺមិនត្រឹមតែលោករដ្ឋមន្ត្រីការបរទេសប៉ូឡូញ Witold Waszcykowski ប៉ុណ្ណោះទេ សូម្បីលោកមេធាវី Jaroslaw Kaczynski ប្រធានគណបក្សអភិរក្សកាន់អំណាច និងលោកស្រី Beata Szydlo នាយករដ្ឋមន្ត្រីប៉ូឡូញក៏បានលើកឡើងដែរ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗ ។ដំណើរការកម្រើកឡើងពាក់ព័ន្ធនឹងរឿងប៉ូឡូញចង់ទារសំណងពីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២នេះដែរ បានកើតឡើងក្រោយពេលលោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel រិះគន់អំពីរបបនីតិរដ្ឋនៅប្រទេសប៉ូឡូញ រួចហើយក៏បង្កឲ្យប្រទេសទាំងពីរមានភាពកករល្អក់នឹងគ្នា ។
ឆ្លើយតបទៅនឹងបំណងរបស់រដ្ឋាភិបាលប៉ូឡូញចង់ទារសំណងសង្គ្រាមលោកលើកទី២ប្រមាណ១ ០០០ពាន់លានដុល្លារអាមេរិកពីអាល្លឺម៉ង់នេះត្រូវបានមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បញ្ជាក់ថា «អាល្លឺម៉ង់ទទួលខុសត្រូវចំពោះសង្គ្រាមលោកពីអតីតកាល ។ រឿងដោះស្រាយសំណងការខូចខាតក្នុងសង្គ្រាមបង្កឡើងដោយរបប NAZI បានធ្វើចប់សព្វគ្រប់តាំងពីឆ្នាំ១៩៥៣មកម្ល៉េះ ។ អាល្លឺម៉ង់បានចេញសងការខូចខាតឲ្យប្រទេសជាច្រើន ខណៈកាលណោះប៉ូឡូញសម្រេចចិត្តមិនយកសំណងពីអាល្លឺម៉ង់ទេ ។ ដូច្នេះ អាល្លឺម៉ង់ចាត់ទុកថា រឿងនេះចប់សព្វគ្រប់ហើយ » ។
មន្ត្រីរដ្ឋាភិបាលប៉ូឡូញធ្លាប់បានលើកឡើងឲ្យដឹងដែរថា ការណ៍ដែលនាំឲ្យប៉ូឡូញសម្រេចចិត្តមិនយកសំណងពីអាល្លឺម៉ង់នាពេលនោះ គឺដោយសារប៉ូឡូញទទួលសម្ពាធពីអតីតសហភាពសូវៀតក្នុងនាមប៉ូឡូញអតីតជាសមាជិកកុម្មុយនីស្ត ។បច្ចុប្បន្ន ទាំងអាល្លឺម៉ង់ ទាំងប៉ូឡូញ គឺជាប្រទេសសមាជិកសហភាពអឺរ៉ុប និងជាសមាជិកអង្គការ NATO សម្ព័ន្ធមិត្តជាមួយមហាអំណាចអាមេរិក ដូច្នេះពាក់ព័ន្ធនឹងសំណងក្នុងសំណុំរឿងចាស់នេះនឹងអាចធ្វើឲ្យប្រទេសទាំងពីររកាំរកូសមើលមុខគ្នាមិនចំឡើយ ៕
ផ្តល់សិទ្ធិដោយ៖ dtn7