ថ្ងៃ អង្គារ ទី 19 ខែ មិថុនា ឆ្នាំ 2018 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 19 ខែ មិថុនា ឆ្នាំ 2018
ទំនាក់ទំនង ៖ 077662291 - 015769791

៥​ចំណុច ដែល​អ្នកលក់​ដី​ឡូ​តិ៍​មិនដែល​ប្រាប់​អ្នក​!

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

៥ចំណុចដែលអ្នកលក់ដីឡូតិ៍មិនដែលប្រាប់អ្នក!

ភ្នំពេញ​៖ ក្នុងពេល​បច្ចុប្បន្ន កំណើន​នៃ​ការទិញ​លក់​ដី​ឡូ​តិ៍ កំពុងមាន​ស​ន្ទ​ស្សន៍​ខ្លាំងក្លា នៅក្នុង​ទីផ្សារ ជាពិសេស​នៅតាម​តំបន់​ទីក្រុង​សំខាន់ៗ ដែលមាន​កំណើន​វិនិយោគ​ច្រើន តួយ៉ាង​៖ តំបន់​ពាណិជ្ជកម្ម តំបន់ឧស្សាហកម្ម និង​តំបន់​ដែល​ត្រូវបាន​កំណត់ដោយ​រដ្ឋ ថា​ជាទី​តាំង​អភិវឌ្ឍន៍​នៅពេល​អនាគត​។​
​ជាក់ស្តែង​គម្រោង​ដី​ឡូ​តិ៍ គឺ​ពិតជា​បានផ្តល់​ផលប្រយោជន៍​ច្រើន ដល់​ពលរដ្ឋ ដោយហេតុថា ដី​គឺជា​ទ្រព្យ​ដ៏​ចាំបាច់​មួយ សម្រាប់​គ្រួសារ​នីមួយៗ ហើយ​ពួកគាត់ អាច​សាងសង់​លំនៅដ្ឋាន​បាន​យ៉ាង​សមរម្យ​។ គម្រោង​ដី​ឡូ​តិ៍ បាន​រីកដុះដាល​ខ្លាំង ចាប់ពី​ក្នុង​តំបន់​ក្បែរ​តំបន់​កណ្តាល ក្រុង តំបន់​ជាយក្រុង រួមទាំង​តំបន់​ឆ្ងាយ​ពី​ទីក្រុង ដែល​នៅ​ជិត​តំបន់​រោងចក្រ​ឧស្សាហកម្ម និង​តាម​បណ្តោយ​ផ្លូវជាតិ សំខាន់ៗ​ជាដើម​។​

​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ ធ្លាប់បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ ទិញ​ដី​ឡូ​តិ៍ ពិសេស​អ្នក​ដែលមាន​ចំណូល​ទាប និង​មធ្យម ប៉ុន្តែ​អ្នកជំនាញ​ក៏​ធ្លាប់បាន​រំលឹក​ឲ្យ​ប្រុងប្រយ័ត្ន ចំពោះ​ការទិញ​ដី​ពី​គម្រោង​ដី​ឡូ​តិ៍ ដែល​មិនមាន​ស្តង់ដារ នៃ​កា​រៀបចំ​ច្បាស់លាស់​ផងដែរ​។​

​កម្ពុជា​មិនទាន់មាន​បទបញ្ញត្តិ​ជាក់លាក់ ក្នុងការ​កំណត់​ឲ្យ​គម្រោង​ដី​ឡូ​តិ៍ អភិវឌ្ឍន៍​ទៅតាមស្តង់ដារ​ជាក់លាក់​ណាមួយ ដើម្បី​ធានាបាន​គុណភាព ការរៀបចំ​ប្លង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប​នៅឡើយ​។ អ្នកជំនាញ​ធ្លាប់បាន​លើកឡើង ពី​គុណវិបត្តិ​នៃ​គម្រោង​ដី​ឡូ​តិ៍ ដែល​ពុំបាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​រៀបចំ​ជាមុន​ថា​តើ​ប្លង់​គម្រោង នឹង​លក្ខណៈ​បែបណា​? ត្រូវ​សាងសង់​លំនៅដ្ឋាន​បែបណា​? ត្រូវមាន​ផ្លូវ និង​លូ​ទំហំ​ប៉ុន្មាន សមស្រប​ទៅ​ដង់ស៊ីតេ​ប្រជាជន ។​

​បើទោះបីជា​យ៉ាងណា នៅពេល​បច្ចុប្បន្ន គម្រោង​ដី​ឡូ​តិ៍​ខ្នាតតូច មធ្យម និង​ខ្នាត​ធំ បាន​អភិវឌ្ឍន៍ ឡើង​គ្រប់កន្លែង តាម​តំបន់​ជាយក្រុង ជាមួយនឹង​យុទ្ធសាស្ត្រ​លក់​ដ៏​ទាក់ទាញ រួម​នឹង​ការបង់ប្រាក់​ដ៏​ងាយស្រួល ដូចជា​ការបង់​រំលស់​រយៈ​វែង ដោយ​គ្មាន​ការប្រាក់​ជាដើម​។​

​ដើម្បី​លក់​គម្រោង​របស់ខ្លួន បាន​អ្នកលក់​ដី​ឡូ​តិ៍​តែងតែ​លើកឡើង​ពី​ចំណុច​ល្អ ហើយ​តែងតែ​លាក់​ចំណុច​អ​វិ​ជ្ជ​របស់​គម្រោង​។ ប៉ុន្តែ​ក្នុងនាម​ជា​អ្នកទិញ​ដ៏​ឆ្លាត​វៃ​ម្នាក់ អ្នក​ត្រូវ​ចេះ​អង្កេត​មើល ដោយ​ខ្លួនឯង ពី​សក្តានុពល​នៃ​ទីតាំងនៅ​ពេលបច្ចុប្បន្ន និង​ពេលអនាគត មុនពេល​សម្រេចចិត្ត​ទិញ​។​

​ខាងក្រោម​ជា​ចំណុច​មួយចំនួន ដែល​អ្នកលក់​ដី​ឡូ​តិ៍​ទំនង ជា​មិន​និយាយប្រាប់​អ្នក​នោះទេ​!

​ភាពមិនច្បាស់លាស់ នៃ​គម្រោង​អភិវឌ្ឍន៍​ក្នុង​តំបន់​ដី​ឡូ​តិ៍​
​អ្នកលក់​មួយចំនួន​តែង​និយាយថា គម្រោង​របស់ខ្លួន ស្ថិតនៅ​ជិត​តំបន់​អភិវឌ្ឍន៍​ខ្លាំង ឬ​នៅ​ជិត​រោងចក្រ ឬ​ជិត​គម្រោង​អភិវឌ្ឍន៍​ណាមួយ ដែល​នឹង​ទាក់ទាញ​មនុស្ស​មក​រស់នៅ​ច្រើន​។ ប៉ុន្តែ​អ្នកលក់ ប្រហែល​មិនបាន​ដឹងថា​តើ​គម្រោង​នោះ ជា​គម្រោង​អ្វី​ពិត​ប្រាក​ហើយ ត្រូវ​ចាប់ផ្តើម​នៅពេលណា​ទេ​។ ជាក់ស្តែង នាពេល​កន្លងមក​ធ្លាប់មាន​អ្នកទិញ​ដី​ឡូ​តិ៍​មួយចំនួន បាន​លើកឡើងថា ពួកគេ​បាន​ទិញ​ដី​ឡូ​តិ៍ ដែល​អ្នក​លក់បាន​អះអាងថា​នឹង មាន​គម្រោង​រោងចក្រ​នៅ​ជិត​នោះ​។ ប៉ុន្តែ​បន្ទាប់ពី​ទិញ​មួយ​រយៈពេល​ក្រោយមក តំបន់​នោះ​មិនមាន​ការសាងសង់​រោង​ចក្រ​ទេ ប៉ុន្តែ​បាន​អភិវឌ្ឍន៍​ជា​គម្រោង​ផ្សេង ដែល​មិនមាន​ផលចំណេញ សម្រាប់​អ្នករស់នៅ​ជិត​កន្លែង​នោះទេ​។​

​ផែនការអភិវឌ្ឍន៍​ប​ន្ទា​ប់ របស់​ម្ចាស់​គម្រោង​ដី​ឡូ​តិ៍​
​គម្រោង​ខ្លះ នឹង​ប្រាប់​អ្នក​អំពី​ផែនការអភិវឌ្ឍន៍​បន្ទា​ប់ ថា​នឹង​ត្រូវធ្វើ​អ្វី​បន្តទៀត ដើម្បី​ជំរុញ​សក្តានុពល​នៃ​ដី​ឡូ​តិ៍​របស់​ពួកគេ ឲ្យ​ក្លាយជា​តំបន់​អភិវឌ្ឍន៍ និង​ទាក់ទាញ​មនុស្ស​ចូលមក​រស់នៅ​ច្រើន​។ គម្រោង​ទាំងនេះ អាចមាន​ដូចជា​៖ ផ្សារ សួនច្បារ ភ្លើង​សាធារណៈ និង​កន្លែង​សាធារណៈ​ជាដើម​។ ប៉ុន្តែ​ម្ចាស់​គម្រោង​ខ្លះទៀត មិនមាន​ផែនការ​អ្វី​ទាំងអស់ ក្រៅពី​ផែន​ការលក់​គម្រោង​ឲ្យ​អស់​។ ចំណុច​នេះ អ្នកទិញ​ត្រូវ​សួរដេញដោល ឲ្យ​បានច្បាស់លាស់ នៅពេល​ចង់​ទិញ​ពី​គម្រោង​ណាមួយ ។​

​នេះ​អាចជា​បញ្ហា ប្រសិនបើ​តំបន់​នោះ មិនទាន់​ជា​តំបន់​ដែលមាន​សកម្មភាព​សេដ្ឋកិច្ច​មមាញឹក នៅ​ឆ្ងាយ​ពី​ផ្លូវជាតិ និង​ឆ្ងាយ​ពី​ទីប្រជុំជន ដោយហេតុថា អ្នក​ប្រហែល​ត្រូវ​រង់ចាំ​រយៈពេល​វែង ដើម្បី​អាច​សាងសង់​លំនៅដ្ឋាន​បាន ដែល​អាច​ទទួលបាន​ផលចំណេញ​។​

​អ្នកទិញ​អាច​ត្រូវ​រង់ចាំ​រយៈពេល​វែង​
​អ្នកជំនាញ​អះអាងថា ជាទូទៅ​គម្រោង​ដី​ឡូ​តិ៍ ដែល​វិនិយោគ​ត្រូវ​ទីតាំង​ល្អ អតិថិជន​អាច​រង់ចាំ​ក្នុង​រយៈពេល​តែ​២ ទៅ​៣​ឆ្នាំ​ប៉ុណ្ណោះ​។ បន្ទាប់ពី​រយៈពេល​នេះ នឹងមាន​ការសាងសង់​លំនៅដ្ឋាន​ជា​បន្តបន្ទាប់​។​

​ប្រាកដ​ណាស់ អ្នកលក់​ក៏​នឹង​ប្រាប់ថា ក្នុង​រយៈពេល​៣-៤​ឆ្នាំ​បន្ទាប់ តំបន់​នៃ​គម្រោង​នេះ នឹងមាន​ការផ្លាស់ប្តូរ ដោយសារ​មាន​គម្រោង​ថ្មីៗ នឹង​វិនិយោគ​ក្នុង​តំបន់​នេះ​។ អ្នក​ត្រូវ​ដឹងថា ករណី​ម្ចាស់​ដី​ឡូ​តិ៍ មិនមាន​គម្រោង​វិនិយោគ​បន្ថែម នៅលើ​ដី​ឡូ​តិ៍​នោះ ឬ​នៅ​ទីតាំង​ជាប់​គ្នា​នោះ ហើយ​គម្រោង​ហាក់​ស្ថិតនៅ​ឆ្ងាយ ពី​ចំណុចក្តៅ​នៃ​តំបន់​អភិវឌ្ឍន៍ អ្នក​អាច​នឹងត្រូវ​រង់ចាំ រយៈពេល​វែង​។​

​ចំណុច​ដែល​គួរ​កត់​ស​ម្កាល់​មួយទៀត​ករណី​ម្រោ​ង​ដី​ឡូ​តិ៍​ស្ថិតនៅក្នុង​តំបន់​ថ្មី ហើយ​ពុំទាន់​មាន​ផ្លូវធំ​របស់​រដ្ឋ ប្រសិនបើ​ម្ចាស់​គម្រោង​ដី​ឡូ​តិ៍​មិនមាន​ផែនការអភិវឌ្ឍន៍​ច្បាស់លាស់​រដ្ឋ​ក៏​មិន​ងាយ នឹង​អភិវឌ្ឍន៍​ផ្លូវ​ដើម្បី​ភ្ជាប់​ទៅ​តំបន់​ជុំវិញ​អោយ​ដែរ​។​

​បញ្ចុះបញ្ចូល​អតិថិជន ឲ្យ​ទិញ​ច្រើន ជាង​វិភាគ​ពី​តម្រូវការ​ជាក់ស្តែង​
​ភាពជាក់ស្តែង​នៃ​ការលក់​ដី​ឡូ​តិ៍​របស់​គម្រោង​មួយចំនួន គឺ​បាន​កំពុង​ធ្វើ​យុទ្ធនាការ​ទីផ្សារ​ខ្លាំងក្លា ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​ទិញ​គម្រោង​។ ប្រការនេះ អាចជា​ចំណុច​ល្អ​មួយ សម្រាប់​ទីផ្សារ ប៉ុន្តែ​ទោះយ៉ាងណា អ្នកទិញ​គួរ​ពិចារណា​ឲ្យ​បានច្បាស់លាស់ មុនពេល​ទិញ​ដោយហេតុ​ផល​ថា អ្នកលក់​ខិតខំ​លក់​តាម​បច្ចេកទេស​ក្នុង​ការចចារ ដែលមាន​ពេលខ្លះ បាន​និយាយ​បំប៉ោង​លើស​ទីផ្សារ ឬ​បញ្ចុះបញ្ចូល ដោយនិយាយ​កុហក​ជាដើម​។ ហើយ​ខ្លះទៀត គឺ​មិនបាន​វិភាគ​ឲ្យ​បានច្បាស់លាស់ ទៅតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​អ្នកទិញ​ឡើយ​។​

​ចំណុច​នេះ អតិថិជន​ត្រូវមាន​ភាពច្បាស់លាស់​ដោយ​ខ្លួនឯង ជាជាង​ជឿ​តាម​ការអូសទាញ​របស់​អ្នកលក់​។ ឧទាហរណ៍​ថា តើ​អ្នក​ចង់បាន​កន្លែង​រក​ស៊ី ឬ​ចង់បាន​កន្លែង​សាងសង់​លំនៅដ្ឋាន​ស្ងប់ស្ងាត់ អ្នកត្រូវការ​ដី​ភ្លាមៗ ឬ​អាច​រង់ចាំ​រយៈពេល​វែង ឬ​គ្រាន់តែ​បាន​ដី​មួយកន្លែង នៅ​ទីតាំង​ណា​ក៏បាន​។​ល​។​

​តំបន់ឧស្សាហកម្ម មិនមែនជា​តំបន់​លំនៅដ្ឋាន​
​តំបន់ឧស្សាហកម្ម និង​រោងចក្រ ជា​កន្លែង​ដែលមាន​ភាព​មមាញឹក​ខ្លាំង ទាំង​ការផលិត និង​ការដឹកជញ្ជូន ដែល​បានធ្វើ​ឲ្យ​តំបន់​សម្បូរ​ដោយ​ផ្សែង​ពុល និង​មាន​សំឡេង​រំខាន​ជាដើម​។ នៅក្នុង​ប្រទេស​ជឿនលឿន គេ​បាន​បែងចែក​ដាច់ពីគ្នា រវាង​តំបន់ឧស្សាហកម្ម និង​តំបន់​លំនៅដ្ឋាន​។​

​ដោយឡែក​សម្រាប់​កម្ពុជា តំបន់ឧស្សាហកម្ម ត្រូវបាន​យក​ធ្វើជា​ទីតាំង​លំ​ដ្ឋា​ន និង​កន្លែង​ប្រកប​អាជីវកម្ម​។ អ្នកទិញ​ដី​ឡូ​តិ៍ ត្រូវ​ដឹងថា​អនាគត​នៃ​តំបន់ឧស្សាហកម្ម នឹងមិន​ត្រូវបាន​រៀបចំ​ឲ្យ​ក្លាយជា​តំបន់​លំនៅដ្ឋាន ដែលមាន​សណ្តាប់ធ្នាប់​ល្អ​បាន​នោះទេ​។ ម្យ៉ាងវិញទៀត​គម្រោង​លំនៅដ្ឋាន​ធំៗ ប្រហែល​នឹងមិន​អភិវឌ្ឍន៍ នៅក្នុង​តំបន់ឧស្សាហកម្ម​ទេ​។​

​អ្នកលក់ អ្នក​អភិវឌ្ឍន៍ និង​ម្ចាស់​គម្រោង ជា​ភាគី​បីនាក់​ផ្សេងគ្នា​
​ចំណុច​នេះ បាន​កើតជា​បញ្ហា​ចោទ​សម្រាប់​អ្នកទិញ​ដី​ឡូ​តិ៍ក​ន្ល​ង​មក ឬ​អាច​និយាយបានថា ជាការ​ឆបោក​មួយ ចំពោះ​អ្នកទិញ​ផងដែរ​។​

អ្នកលក់​៖ គ្រាន់តែ​ជា​អ្នកទទួលខុសត្រូវ​លក់​គម្រោង​ឲ្យ​អស់ ក្នុង​រយៈពេល​ណាមួយ​។ ពួកគេ​មិនមែនជា​អ្នកទទួលខុសត្រូវ ក្នុងករណី​មាន​វិវាទ​ណាមួយ កើតឡើង​ឡើយ​។​

អ្នក​អភិវឌ្ឍន៍​៖ ជា​អ្នកវិនិយោគ​ដែល​បាន​សហការ​រួមគ្នា​ជាមួយ​ម្ចាស់​ដី ដើម្បី​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​ដើម្បី​លក់ និង​ចែក​ប្រាក់ចំណេញ​។​

ម្ចាស់​ដី​៖ ជា​អ្នកមាន​ដី និង​បានផ្តល់​សិទ្ធិ​វិនិយោគ​ឲ្យ​អ្នក​អភិឌ្ឍន៍ ដើម្បី​រៀបចំ​ដី ឲ្យ​ទៅជា​តំបន់​មាន​សក្តានុពល ហើយ​លក់​បន្តទៅ​ឲ្យ​ពលរដ្ឋ​។​
​បញ្ហា​កើតមាន នៅពេលដែល​អ្នក​អភិវឌ្ឍន៍ បាន​ប្រមូល​លុយ​អតិថិជន​រួច មិន​ព្រម​ប្រគល់​ឲ្យ​ម្ចាស់​ដី ដែល​ករណីខ្លះ គឺមាន​ការរត់​គេចខ្លួន​ជាដើម​។ ករណីនេះ ម្ចាស់​ដី និង​អតិថិជន ត្រូវមាន​បញ្ហា​នឹង​គ្នា​។​

​ជាការ​ប្រុងប្រយ័ត្ន អ្នកទិញ ត្រូវ​ទិញ​ពី​គម្រោង​អភិវឌ្ឍន៍ ដែល​បាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ច្បាស់លាស់​។ ត្រូវ​ចងចាំ​ថា នៅពេល​ទិញ​ដី​ពី​គម្រោង​ណាមួយ អ្នក​ត្រូវ​សួររក​ឯកសារ​ស្របច្បាប់​របស់​គម្រោង​ដី​ឡូ​តិ៍​ជាមុនសិន​។ ឯកសារ​ទាំងនេះ អាចមាន​ដូចជា​៖ អាជ្ញា​បណ្ណ​សាងសង់ ប្លង់​មេ​របស់​គម្រោង និង​ប្លង់រឹង​ជាដើម​។​

​សរុបសេចក្តី​ទៅ គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ ពិតជា​បានរួម​ចំណែក ដល់​ភាព​រីក​ម្រើ​ន​នៃ​វិស័យ​អចល​ទ្រព្យ ប៉ុន្តែ​គ្រាន់តែ​មាននៅ​ចំណុច​អសកម្ម​ខ្លះ របស់​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ដំណើរ​ការទិញ​លក់ វិជ្ជាជីវៈ ផ្លូវច្បាប់ និង​ទស្សនវិស័យ ទៅ​ថ្ងៃ​អនាគត​របស់​គម្រោង​។ ដូច្នេះ ដើម្បី​ធានាថា អ្នក​នឹងមិន​ខាតបង់​ប្រាក់ និង​ពេលវេលា ជាមួយ​គម្រោង​ដែល​មិន​ច្បាស់លាស់​ណាមួយ អ្នក​ត្រូវធ្វើ​ការស្វែងយល់ អំពី​ទីផ្សារ ឬ​ធ្វើការ​ជាមួយ​អ្នកជំនាញ និង​ស្វែងរក​ជំនួយ ពី​ភ្នាក់ងារ​អចលនទ្រព្យ ឬ​ជំនួយ​ផ្នែក​ច្បាប់ មុននឹង​សម្រេចចិត្ត​ទិញ​ដី​ឡូ​តិ៍ ពី​គម្រោង​ណាមួយ​៕

ប្រភព៖ www.realestate.com.kh

ពាក្យទាក់ទង ៖
 

មតិយោបល់