ការស្វែងយល់ពីប្លង់រឹងប្រព័ន្ធនៅកម្ពុជា
នៅក្នុងប្រទេសកម្ពុជាជាទូទៅគេឃើញមានប័ណ្ណកម្មសិទិ្ធកាន់កាប់ដីចំនួនបីប្រភេទដែលត្រូវបាន ប្រើប្រាស់នៅទូទាំងប្រទេស។ ប្លង់កម្មសិទ្ធទាំងនេះរួមមាន៖ ប្លង់រឹង ប្លង់ទន់ និងប្លង់កម្មសិទ្ធិរួមគ្នា។ ប្លង់កម្មសិទ្ធិនីមួយៗផ្តល់សិទ្ធិ និងភាពរឹងមាំខុសៗគ្នា។ បច្ចុប្បន្ននេះមានប័ណ្ណកម្មសិទ្ធិកាន់កាប់ ដីមួយ ផ្សេងទៀតដែលគេហៅថាប្លង់រឹងប្រព័ន្ធជាភាសាអង់គ្លេសថា LMAP ដែលជាទម្រង់ នៃប្លង់ កម្មសិទ្ធិរឹងមាំបំផុតនៅកម្ពុជា។
សប្តាហ៍មុននៅក្នុងអត្ថបទភាគទី១ យើងបានសិក្សាថាអ្វីទៅជាប្លង់រឹងប្រព័ន្ធ និងអត្ថប្រយោជន៍សម្រាប់ ម្ចាស់ដីនៅពេល ទទួលបានប្លង់ប្រភេទនេះ។ នៅសប្តាហ៍នេះក្នុងអត្ថបទ ភាគទី២ Realestate.com.kh នឹងសិក្សាដោយ សង្ខេបអំពីការចេញប្លង់រឹងប្រព័ន្ធ តម្លៃសេវាកម្ម និងលក្ខខណ្ឌដែលអាចចេញប្លង់រឹង ប្រព័ន្ធបាននៅទូទាំងប្រទេស។
ការចេញប្លង់រឹងប្រព័ន្ធ និងថ្លៃសេវាផ្សេងៗពាក់ព័ន្ធ
ជាទូទៅការចេញប្លង់រឹងប្រព័ន្ធ គឺជាការទទួលខុសត្រូវរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយម្ចាស់ដី មិនចំណាយថ្លៃសេវាសម្រាប់ប្រតិបត្តិការចេញប្លង់រឹង ប្រព័ន្ធនេះនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកដាក់ ពាក្យសុំប្លង់រឹងប្រព័ន្ធ ឬផ្ទេរទៅប្លង់រឹងប្រព័ន្ធ អ្នកនឹងត្រូវបង់ ថ្លៃសេវាកម្ម ៤% ដូចគ្នាទៅនឹងការផ្ទេរប្លង់កម្មសិទ្ធិ ទូទៅដែរ។
ប្រសិនបើអ្នកចង់សិក្សាបន្ថែមអំពីដំណើរនៃការផ្ទេរប្លង់កម្មសិទ្ធិនៅកម្ពុជា។
បន្ថែមលើសពីនេះទៀត ប្រសិនបើអចលនទ្រព្យ ដែលត្រូវធ្វើប្លង់រឹងប្រព័ន្ធ ឬត្រូវផ្ទេរប្លង់នោះមិនទាន់ បង់ពន្ធប្រចាំឆ្នាំ ឬពន្ធផ្សេងៗទៀត (ពន្ធទាំងនេះអាស្រ័យលើតំបន់ ដែលដីរបស់អ្នកស្ថិតនៅ) អ្នកត្រូវ បង់ពន្ធទាំងអស់នោះជាមុនសិន មុនពេលអាចចេញប្លង់ឲ្យបាន។
លទ្ធភាពដែលអាចចេញប្លង់រឹងប្រព័ន្ធបាន
ដំណើរការផ្តល់ប្លង់រឹងប្រព័ន្ធគឺមិនទាន់ត្រូវបានបញ្ចប់នៅទូទាំងប្រទេសនៅឡើយទេ។ ដំណើរការនេះ បានប្រើប្រាស់ប្រព័ន្ធ GPS ដៅកូអរដោនេច្បាស់លាស់ សម្រាប់ក្បាលព្រំដី នីមួយៗនៅក្នុងដំណើរការ ចុះបញ្ជីក្បាលដីទាំងអស់ ហើយជាលទ្ធផល ផែនទីនៃប្លង់ដីត្រូវបានបង្ហាញពីព្រំដី ដីដែលនៅជាប់គ្នា និងទិន្នន័យនៃការចុះបញ្ជីដីនោះ។ បច្ចុប្បន្នប្រតិបត្តិការ ចេញប្លង់រឹងប្រព័ន្ធនៅទូទាំងប្រទេស ត្រូវបាន គេប៉ាន់ប្រមាណថាត្រូវបានបញ្ចប់ប្រមាណ80%។
លទ្ធភាពដែលអាចចេញប្លង់រឹងប្រព័ន្ធបានផ្នែកលើសេណារីយ៉ូចំនួន៣៖
– ទីមួយប្រសិនបើក្រសួងដែនដី កំពុងធ្វើការធ្វើប្លង់រឹងប្រព័ន្ធដល់តំបន់វិនិច្ឆ័យ ដែលតំបន់នោះជាភូមិ ឬតំបន់ដែលអ្នករស់ ឬដីរបស់អ្នកទៅទីនោះ នោះមានន័យថាអ្នកគ្រាន់តែ ត្រូវធ្វើតាមអ្វី ដែលអាជ្ញាធរ មូលដ្ឋានប្រាប់អ្នកជូនដំណឹង។ រាល់ការងារទាំងនោះជាការទទួលខុសត្រូវរបស់អជ្ញាធរ និងមន្រ្តីពាក់ព័ន្ធ ដែលពួកគេនឹងទំនាក់ទំនងជាមួយអ្នក។
– ទីពីរប្រសិនបើដំណើរចេញប្លង់រឹងប្រព័ន្ធបានបញ្ចប់រួចរាល់នៅក្នុងតំបន់របស់អ្នក ឬតំបន់ ដែលមានដីរបស់អ្នក ហើយអ្នកមិនទាន់បានធ្វើប្លង់នេះ អ្នកអាចដាក់ពាក្យស្នើសុំធ្វើ ប្លង់នៅពេលក្រោយបាន ដែលប្លង់នេះហៅថា “ប្លង់រឹង ប្រព័ន្ធបំពេញបន្ថែម”។
– ទីបីប្រសិនបើតំបន់របស់អ្នកមិនទាន់ជាតំបន់វិនិច្ឆ័យសម្រាប់ការចេញប្លង់រឹងប្រព័ន្ធដោយរដ្ឋាភិបាលទេ ប្រាកដណាស់អ្នក មិនអាចដាក់ពាក្យសុំធ្វើប្លង់រឹងប្រព័ន្ធបានទេ។ ប៉ុន្តែអ្នកអាចដាក់ពាក្យសុំធ្វើប្លង់រឹងបាន។ ប្លង់រឹងគឺជាទម្រង់នៃ ប្លង់កម្មសិទ្ធិរឹងមាំផុតបន្ទាប់ពីប្លង់រឹងប្រព័ន្ធ ហើយនៅតែផ្តល់ឱ្យអ្នកនូវសិទ្ធិស្របច្បាប់លើដីរបស់អ្នក។
រងចាំអានអត្ថបទភាគទី៣ នៅសប្តាហ៍ក្រោយ យើងនឹងលើកឡើងអំពីដំណើរការដាក់ពាក្យស្នើសុំប្លង់រឹងប្រព័ន្ធ និងឯកសារ ទាំងអស់ដែលពាក់ព័ន្ធ។
ប្រភព៖ www.realestate.com.kh