ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ព្រហសតិ៍ ទី 14 ខែ វិច្ឆិកា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ខេត្តព្រះសីហនុ កំពុងអង្រួនបេះដូងអ្នករកស៊ីឱ្យមានសង្ឃឹមរស់ឡើងវិញ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ខេត្តព្រះសីហនុ ស្រុកកំណើតខ្ញុំ

ក្រោយពីមានវិបត្តិមួយចំនួនមិនចេះចប់ ផលប៉ះពាល់ជាច្រើនបានកើតឡើងនៅខេត្តព្រះសីហនុ ទាំងវិបត្តិដីធ្លី ការរកស៊ីតូចធំនិងតម្លៃទីផ្សារផ្សេងៗ។បញ្ហាទាំងនេះបានកើតឡើង ស្របពេលរាជរដ្ឋាភិបាលប្រកាសបិទអាជីវកម្មអនឡាញមក បានធ្វើឱ្យខេត្តមួយនេះហាក់ជួបបញ្ហាប្រឈមមួយចំនួន ពីព្រោះសំណង់និងដីធ្លីមួយចំនួនត្រូវស្អុយកណ្ដាលទីជាដើម។ដូច្នេះ ក្ដីព្រួយបារម្ភបានកើតឡើង ស្របពេលដែលមានការថយចុះ ក្នុងការទិញលក់ឬជួលផ្សេងៗ។

ទន្ទឹមនឹងការបិទអាជីវកម្មនេះ រាជរដ្ឋាភិបាលក៏បានត្រៀមទុករួចជាស្រាច់ នូវការលម្អផ្សេងៗ ដើម្បីជម្រុញសក្ដានុពលឡើងវិញ។ការកែលម្អនេះ មិនត្រឹមផ្ដល់ផលវិជ្ជមានដល់ខេត្តនេះវិញទេ ថែមទាំងពាំនាំនូវស្ថេរភាពខេត្តនេះឡើងវិញទៀតផង ក្រោយមានឈ្មោះមិនល្អនាពេលកន្លងមក។ការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល គឺមានភាពមមាញឹកខ្លាំងណាស់ ពោលខិតខំទាំងកែប្រែខេត្តទាំងមូលនិងព្យាយាមទាក់ទាញវិនិយោគិនបន្ថែម។

ជាក់ស្ដែងមួយរយៈនេះសង្កេតឃើញនូវសមិទ្ធផលផ្លែផ្កាធំៗ ដែលជាក្ដីសង្ឃឹមដ៏ធំសម្រាប់ខេត្ត​ ជាពិសេសអ្នកដែលរកស៊ីខាតដើមខាតចុងកន្លងមកដូចជា៖

គម្រោងជួសជុលហេដ្ឋារចនាសម្ព័ន្ធខេត្តទាំងមូល៖ កាលពីពេលថ្មីៗនេះ​ ក្រសួងបានសម្រេច​ធ្វើការ​ស្ថាបនា​ និង​សាងសង់​​ផ្លូវ​៣៤ខ្សែ​ ស្មើនឹង​ ៨៤៥០៥​ ម៉ែត្រ​ ក្នុង​ក្របខណ្ឌ​នៃ​ថវិកា​ទទួល​បាន​ពី​ការ​ដោះដូរ​​ធនធាន​នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បីស្រោចស្រង់ខេត្តទាំងមូល ក្រោយមានខូចខាតយ៉ាងដំណំរួចមក។មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន​ សែន​ បានជម្រុញឱ្យក្រសួង ស្ថាប័ន​ ចុះមកជួយកសាងឡើងវិញនូវហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងព្រះសីហនុ នៅរដូវប្រាំងខាងមុខ​ នឹងចាប់ផ្តើមដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនខ្សែដើម្បីបំរើឱ្យវិស័យទេសចរណ៍ និងវិនិយោគ។ការកសាងផ្លូវឡើងវិញនេះ នឹងត្រូវចាយថវិកាប្រមាណ១៥០លានដុល្លារ ដើម្បីធ្វើផ្លូវ និងប្រព័ន្ធលូផងដែរ ហើយត្រូវចាប់ផ្តើមក្នុងខែវិច្ឆិកា ដែលចំណាយពេលប្រមាណ៨ខែក្នុងការសាងសង់។ក្នុងនោះផ្ទាល់ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ផ្លូវទាំងអស់នេះ បំរើផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ព្រោះកាលណាមានផ្លូវ គឺមានសង្ឃឹម ការធ្វើដំណើរមានភាពងាយស្រួល កាត់បន្ថយពេលវេលា និងចំណេញថវិកា ក៏ដូចជាការចូលរួមអភិវឌ្ឍក្រុងព្រះសីហនុ។

នាពេលថ្មីៗនេះក៏ឃើញមានគម្រោងពង្រីកគម្រោងទីក្រុងវៃឆ្លាត ក្នុងគោលបំណងពង្រីកគម្រោងទីក្រុងវៃឆ្លាតបន្ថែមទៀតក្នុងប្រទេសកម្ពុជាពិសេស ខេត្តព្រះសីហនុផ្ទាល់តែម្ដង។

លំហូរវិនិយោគ៖ ក្រោយស្ងាត់មិនបានប៉ុន្មាន ការគ្រោងទុកផ្សេងៗបានកើតឡើង ដោយសង្កេតឃើញថារាជរដ្ឋាភិបាលខិតខំ ពង្រឹងសក្ដានុពលខេត្ត ដោយព្យាយាមបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២កន្លែង ដោយនៅថ្ងៃទី៧ តុលា ឆ្នាំ២០១៩ នេះក៏មានជំនួបពិសេសរវាងអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន ជាមួយនឹងក្រុមហ៊ុន ធនិន ថារិទ្ធ អ៉ីមផតអិចផត ខូអិលធីឌី និងក្រុមហ៊ុន Central Gain Cambodia Co,Ltd ដែលជាម្ចាស់ដីអចិន្ត្រៃយ៍ប្រមាណ ១.៦០០ហិកតា ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ដែលជាគោលដៅសម្រាប់តំបន់សេដ្ឋកិច្ចពិសេសនិងមួយកន្លែងទៀត នៅលើផ្ទៃដីជាង៥៥ហិកតា។ហើយនាពេលថ្មីៗនេះ ក៏ឃើញមានគណ:ប្រតិភូវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន ៤០ក្រុមហ៊ុន មកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុផងដែរ។

ទន្ទឹមនឹងនោះក៏មាននូវគម្រោងផ្សេងៗជាច្រើន ដូចជាការសាងសង់សំណង់ថ្មីៗជាច្រើន ដើម្បីពង្រឹងសក្ដានុពលខេត្ត ហើយការខិតខំស្ដារឡើងវិញទាំងនេះ អាចជាសាខីមួយដែលបញ្ជាក់ថា រដ្ឋកំពុងស្វះស្វែងខ្លាំងដើម្បីស្រោចស្រង់ខេត្តឡើងវិញនិងជួយដល់ប្រជាពលរដ្ឋក្នុងការប្រកបរបរអាជីវកម្មផងដែរ។

អត្ថបទដោយ៖ នឹម ផានុន
ប្រភព៖ Business Cambodia

 

មតិយោបល់