ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 10 ខែ ធ្នូ ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ទីក្រុង​ចំនួន​ ​៧​ ​នឹង​អភិវឌ្ឍ​ជាទី​ក្រុង​ប្រកបដោយ​ផាសុ​ក​ភាព​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ទីក្រុង​ចំនួន​ ​៧​ ​នឹង​អភិវឌ្ឍ​ជាទី​ក្រុង​ប្រកបដោយ​ផាសុ​ក​ភាព​
រូបភាពគំរូ នៃ​ការរចនា​ទីក្រុង​បៃតង​ ដែល​ប្រកប​ដោយ​ផាសុកភាព​សម្រាប់​ការរស់នៅ​របស់​ប្រជាជន​ក្នុង ទីក្រុង។ រូបថត​ សហការី

​ភ្នំពេញ​៖​ ​ក្រសួងបរិស្ថាន​ ​នឹង​ពង្រីក​ការអនុវត្ត​ផែនការ​អភិវឌ្ឍ​ទីក្រុង​និរន្តរភាព​ ​នៅ​ទីក្រុង​គោលដៅ​ចំនួន៧បន្ថែម​ទៀត​ ​ក្នុង​ខេត្ត​នៃ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​ ​ដើម្បី​លើកកម្ពស់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ផាសុ​ក​ភាព​ ​និង​ធ្វើឲ្យ​ទីក្រុង​មាន​ភាព​បៃតង​ ​មាន​បរិស្ថាន​ស្អាត​ ​និង​ភាព​ទាក់ទាញ​។​

​ក្នុង​សិក្ខាសាលា​ត្រួតពិនិត្យ​លទ្ធផល​ការងារ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ឆ្នាំ២០១៩​ ​និង​ទិសដៅ​ការងារ​ឆ្នាំ២០២០​ ​នៅ​ទី​ស្តី​ការក្រ​សួង​ ​កាលពី​ថ្ងៃ​ចន្ទ​ ​លោក​សៅ​ ​សុភាព​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​បាន​មានប្រសាសន៍​ថា​ ​កំណើនប្រជាជន​ទាំង​នៅក្នុង​ទីក្រុង​ ​និង​ទីប្រជុំជន​ ​រួម​និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ ​បាន​បង្ក​ជា​បញ្ហា​ប្រឈម​ជាច្រើន​ដល់​ការគ្រប់គ្រង​សំណល់រឹង​រាវ​ ​គុណភាព​ខ្យល់​ ​ចរាចរណ៍​ ​កា​រៀបចំ​លំនៅ​ដ្ឋាន​ការ​ផ្គត់ផ្គង់​ថាមពល​ ​ទឹក​និង​ស្បៀងអាហារ​ ​ការគ្រប់គ្រង​ទឹកជំនន់​ ​និង​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​និង​ធម្មជាតិ​ជាដើម​។​ ​ករណីនេះ​ ​ទាមទារ​ឲ្យ​មានការ​រៀបចំ​គោលនយោបាយ​ ​និង​ផែនការ​យុទ្ធសាស្ត្រ​នានា​ ​ព្រមទាំង​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ ​និង​អ្នក​ពាក់ព័ន្ធ​នានា​ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ឲ្យបាន​ទាន់ពេល​វេលា​។​

​លោក​បន្ត​ថា​ ​ថ្មី​ៗ​នេះ​ ​ក្រសួង​បាន​ជួយ​គាំទ្រ​ដល់​សាលា​រាជធានី​ភ្នំពេញ​ ​ក្នុង​ការរៀបចំ​និង​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ផែនការ​អភិវឌ្ឍ​ទីក្រុង​និរន្ត​ភាព​សម្រាប់​រាជធានី​ភ្នំពេញ​ ​ឆ្នាំ២០១៨​-​២០៣០​ ​លើ​វិស័យ​មួយចំនួន​ ​ដើម្បី​រៀបចំ​ទីក្រុង​ឲ្យ​មាន​ភាព​ទាក់ទាញ​ ​មាន​ភាព​បៃតង​ ​និង​ផាសុ​ក​ភាព​សម្រាប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ ​ហើយ​ក្រសួង​ក៏​គ្រោង​នឹង​ពង្រីក​ការងារ​នេះ​ទៅកាន់​ទីក្រុង​ចំនួន៧បន្ថែម​ទៀត​ ​នៅ​ពេល​ឆាប់​ៗ​នេះ​។​

លោក​ថា​៖​ ​«​យើង​ត្រូវ​ខិតខំ​បន្ត​រៀបចំ​បញ្ចប់​នូវ​ផែនការ​នេះ​ ​សម្រាប់​ទីក្រុង​គោលដៅ៧ទៀត​ ​ក៏ដូចជា​ពិចារណា​គាំទ្រ​ដល់​បណ្តា​ទីក្រុង​ ​ទីប្រជុំជន​ ​ដែល​នៅ​សេសសល់​ ​ក្នុង​ការរៀបចំ​ផែនការ​អភិវឌ្ឍ​ទីក្រុង​ដោយ​និរន្ត​ភាព​ ​និង​ស្នើ​ឡើង​នូវ​យន្តការ​គៀង​គរ​ធនធាន​សម្រាប់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​»​។​

​លោក​តាំង​ ​ម៉េ​ង​ហ៊ា​ង​ ​ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច​បៃតង​នៃ​អគ្គ​លេខា​ដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន​ ​បាន​ឲ្យដឹង​ដែរ​ថា​ ​ទីក្រុង​និរន្ត​ភាព​ ​មានន័យថា​ ​ជាទី​ក្រុង​មួយ​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ផាសុ​ក​ភាព​ ​មានការ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ​រៀបចំ​ប្រព័ន្ធ​លូ​និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ​ ​ការ​បង្កើន​លំហ​របៃ​តង​ ​មាន​បរិស្ថាន​ស្អាត​ឬ​គ្មាន​សំរាម​ពាសវាលពាសកាល​ ​និង​ការ​មានការ​អភិរក្ស​តំបន់​បេតិកភណ្ឌ​ជាដើម​។​ ​លោក​ថា​៖​ ​«​ដូច្នេះ​មានន័យថា​ ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​ទីក្រុង​និរន្ត​ភាព​នេះ​ ​គឺ​យើង​គិតគូរ​ទាំង​ការ​អភិវឌ្ឍ​ទីក្រុង​ឲ្យ​មាន​និរន្ត​ភាព​ផង​ ​ទាំង​ការ​អភិរក្ស​នូវ​តំបន់​បេតិកភណ្ឌ​ដែល​ជាម​រក​ត​ដូនតា​របស់​យើង​ផង​ដែរ​»​។​

​លោក​តាំង​ ​ម៉េ​ង​ហ៊ា​ង​ ​បាន​បន្ត​ថា​ ​ទីក្រុង​ចំនួន៧​ ​ដែល​ក្រសួងបរិស្ថាន​ ​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​មួយចំនួន​ទៀត​ ​រួម​និង​ដៃ​គូរ​អ​ភិ​វឌ្ឍន៍៍​ ​គ្រោង​នឹង​រៀបចំ​ទៅជា​ទីក្រុង​និរន្ត​ភាព​ ​ដូច​នៅ​រាជធានី​ភ្នំពេញ​ ​គឺទី​ក្រុង​ស្ថិតនៅ​ក្នុង​ខេត្តសៀមរាប​ ​ព្រះសីហនុ​ ​កំពង់ចាម​ ​ត្បូងឃ្មុំ​ ​ប៉ោយប៉ែត​ ​និង​ស្វាយរៀង​។​ ​លោក​បញ្ជាក់​ថា​៖​ ​«​ការអនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​ចំនួន៧ទៅជា​ទីក្រុង​និរន្ត​ភាព​នេះ​ ​គ្រោង​នឹង​ចាប់ផ្តើម​ប្រកាសឲ្យប្រើ​ប្រាស់​ផែនការ​អភិវឌ្ឍ​នៅ​ចុងឆ្នាំ​នេះ​ ​ឬ​ដើមឆ្នាំ២០២០ខាងមុខ​»​។​

​កញ្ញា​ ​សេង​ ​សៀង​គង់​ ​អាយុ២០ឆ្នាំ​ ​ជា​និស្សិត​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ ​បាន​គាំទ្រ​ចំពោះ​ការរៀបចំ​ទីក្រុង​ ​និង​ទីប្រជុំជន​នានា​ ​ឲ្យ​ក្លាយជា​ទីក្រុង​និរន្ត​ភាព​នេះ​ ​ដើម្បីឲ្យ​ទីក្រុង​ ​និង​ទីប្រជុំជន​នានា​មាន​បរិស្ថាន​ស្អាត​ ​មាន​អនាម័យ​ ​ប្រជាជន​រស់នៅ​ដោយ​ផាសុ​កភាព​ ​និង​អាច​ទាក់ទាញ​ទេសចរណ៍​ផង​ដែរ​។​ ​តែ​យ៉ាងណា​ ​កញ្ញា​ ​ក៏បាន​ស្នើ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ពង្រឹង​វិធានការ​បន្ថែម​ទៀត​ទៅលើ​បញ្ហា​គ្រប់គ្រង​សំរាម​ ​និង​គួរ​មានការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ ​និង​ទីប្រជុំជន​នៅ​តាម​បណ្តា​ខេត្ត​ ​អំពី​បរិស្ថាន​ ​និង​ការ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​។​

​កញ្ញា​ថា​៖​ ​«​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​ ​និង​ទី​ក្រុង​ធំៗ​មួយចំនួន​ ​ពួកគាត់​មានការ​យល់ដឹង​ច្រើន​ ​ប៉ុន្តែ​ការយល់​ដឹង​របស់​ពលរដ្ឋ​មួយចំនួន​ទៀត​ ​ជាពិសេស​មនុស្ស​វ័យ​ចំណាស់​នៅ​តាម​សហគមន៍​ ​ឬ​ទីប្រជុំជន​មួយចំនួន​ ​នៅ​មានកម្រិត​នៅឡើយ​ ​ដូច្នេះ​ខ្ញុំ​គិតថា​ក្រសួង​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​បង្កើន​ការ​ផ្សព្វផ្សាយ​ឲ្យ​ទៅដល់​សហគមន៍​ទាំងនោះ​ ​ដើម្បីឲ្យ​ពួកគាត់​យល់ដឹង​ពី​បរិស្ថាន​ ​និង​ថែរក្សា​បរិស្ថាន​»​។​

​បើ​តាម​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ​លោក​ ​ទិន​ ​ពន្លក​ ​ក្រៅពី​ការ​អភិវឌ្ឍ​ទីក្រុង​ដោយ​និរន្តរភាព​ ​អគ្គលេខាធិការ​ដ្ឋាន​ ​ក៏បាន​និង​កំពុង​បន្ត​ការសិក្សា​ស្រាវជ្រាវ​ ​និង​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​មួយចំនួន​ទៀត​ ​សំដៅ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ ​ជំរុញ​ការប្រើ​ប្រាស​ថាមពល​និរន្ត​ភាព​ ​ការ​អភិរក្ស​ជីវចម្រុះ​និង​ជីវ​សុវត្ថិភាព​ ​និង​ការ​អភិវឌ្ឍន​បច្ចេកវិទ្យា​បៃតង​ ​រួម​និង​ការងារ​ជាអាទិភាព​មួយចំនួន​ទៀត​ ​ដើម្បី​រួមចំណែក​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​ជាតិ​ផង​ដែរ​៕​

ដោយ៖ ប៉ិច សុធារី
ប្រភព៖ Khmer Time

ពាក្យទាក់ទង ៖
 

មតិយោបល់