ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

តើរុស្ស៊ីបានត្រៀមធ្វើអ្វីខ្លះ ទម្រាំក្លាយជាម្ចាស់ផ្ទះ World Cup 2018 មុនឈានដល់ថ្ងៃប្រកួត?

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
No Threat to Russia's Plans to Host 2018 FIFA World Cup - Deputy PM
© Sputnik / Igor Zarembo

(ម៉ូស្គូ)៖ ដោយសារតែនេះជាលើកទីមួយសម្រាប់រដ្ឋាភិបាលក្នុងម៉ូស្គូ ដែលទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ប្រទេសរុស្ស៊ី បានចំណាយអស់កម្លាំងកាយចិត្ត ធ្វើយ៉ាងណារៀបចំព្រឹត្តិការណ៍នេះ ដើម្បីឲ្យដំណើរការទៅយ៉ាងហ្មត់ចត់បំផុត។ គិតត្រឹមខែមិថុនា ឆ្នាំ២០១៨ ប្រទេសរុស្ស៊ី បានចំណាយពេល៨ឆ្នាំ មនុស្សរាប់សែននាក់ និងទឹកប្រាក់ប្រមាណជា ១៤,២ពាន់លានដុល្លារសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ។ ចំនួនទឹកប្រាក់នេះត្រូវបានចាត់ទុកថា ជាខ្ទង់ចំណាយដែលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ World Cup។

រុស្ស៊ី ដំបូងឡើយបានរក្សាកញ្ចប់ថវិកាសម្រាប់ចំណាយលើព្រឹត្តិការណ៍នេះរហូតដល់ប្រមាណជា ២០ពាន់លានដុល្លារ ដែលក្រោយមកត្រូវកាត់បន្ថយមកត្រឹម ១០ពាន់លានដុល្លារ ដោយក្នុងនោះពាក់កណ្តាលត្រូវចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន។ ក្រោយមកការចំណាយត្រូវកើនឡើងជាបន្តបន្ទាប់។

ពហុកីឡដ្ឋានចំនួន១២ ដែលស្ថិតក្នុងទីក្រុងទាំង១១របស់ប្រទេសរុស្ស៊ី ត្រូវបានត្រៀមរៀបចំយ៉ាងសម្រឹតសម្រាំង សម្រាប់ការប្រកួត World Cup។ ក្នុងនាមជាផ្នែកមួយនៃការរៀបចំការប្រកួតបាល់ទាត់ FIFA World Cup 2018 អនុកម្មវិធីសហព័ន្ធទទួលបន្ទុកផ្នែកសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ បានអនុវត្តតួនាទីរបស់ខ្លួនដោយចំណាយថវិកាសរុបចំនួន ៣៥២,៥ពាន់លានរូប (លុយរុស្ស៊ី) ដោយក្នុងនោះ ១៧០,៣ពាន់លានរូប បានមកពីថវិកាសហព័ន្ធ ៣៥,១ពាន់លានរូប បានមកពីកញ្ចប់ថវិកាក្នុងតំបន់ និង១៤៧,១ពាន់លានរូប បានមកពីពួកវិនិយោគិន។

សហព័ន្ធបានជះលុយជាច្រើនសន្ធឹកសន្ធាប់ ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍ ដែលចំណាយអស់ប្រមាណជាង ១១៧,៨ពាន់លានរូប។ ការស្ថាបនាសណ្ឋាគារថ្មី ក៏ជាផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង ដែលត្រូវរៀបចំការប្រកួត World Cup ផងដែរ។

អាកាសយានដ្ឋានអន្តរជាតិ Platov ស្ថិតក្នុងទីក្រុងកំពង់ផែ Rostov-on-Don ត្រូវបានអភិវឌ្ឍន៍ឡើងដោយប្រព័ន្ធត្រួតពិនិត្យអាកាសចរណ៍ស្វ័យប្រវត្តិ ប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធឧតុនិយមសុទ្ធតែទំនើប។ ចំណែកអាកាសយានដ្ឋាន Koltsovo នៅក្នុងទីក្រុង Yekaterinburg ត្រូវបានគេធ្វើកំណែទម្រង់ឲ្យប្រសើរឡើង ជាមួយនឹងប្រព័ន្ធសម្រាប់ប្រតិបត្តិការហោះហើរទំនើប។ ទីក្រុងនេះ ក៏បានកសាងសណ្ឋាគារពីរធំៗ ព្រមទាំងសណ្ឋាគារតូចជាច្រើនទៀតផងដែរ។

នៅទីក្រុង សាម៉ារ៉ា ឯណោះវិញ ខ្សែរថភ្លើងថ្មីៗត្រូវបានគេដាក់ដំណើរការ ស្របពេលដែលព្រលានយន្តហោះ Khrabrovo ត្រូវបានគេដំឡើងកាន់តែទំនើប។ ដោយឡែកអាកាសយាន្តដ្ឋានក្នុងទីក្រុងសំខាន់ៗមួយចំនួនទៀត រាប់ទាំងរដ្ឋធានី ម៉ូស្គូ ត្រូវបានជួសជុល និងធ្វើឲ្យកាន់តែទំនើបឡើង។

កាលពីថ្ងៃទី២៧ ខែមីនាកន្លងទៅនេះ ក្រសួងឧស្សាហកម្មសំណង់ លំនៅដ្ឋាន និងសេវាកម្មសាធារណៈរបស់រុស្ស៊ី បានរាយការណ៍ឲ្យដឹងថា រាល់ទំនួលខុសត្រូវទាំងអស់ត្រូវបានដាក់ឲ្យអនុវត្ត។ ដោយឡែកកិច្ចការសំខាន់មួយទៀតគឺ ស្ថានីយគ្រប់គ្រងសំរាមនៅទីក្រុង Volgograd។ ចំណែកនៅទីក្រុង Yekaterinburg ដែលជាកន្លែងដែលរៀបចំចំនួន៤ប្រកួត បានចំណាយប្រាក់រហូតដល់ ៧,៤ពាន់រូប ដែលទឹកប្រាក់នេះ លើសពីប្រាក់សម្រាប់បម្រុងទុកនៃកញ្ចប់ថវិការដ្ឋ និងថវិកាតំបន់ទៀត។

គណៈកម្មាធិការរៀបចំកម្មវិធីក្នុងស្រុក បានបើកទទួលអ្នកស្ម័គ្រចិត្តដើម្បីបំពេញការងារសម្រាប់ព្រឹត្តិការណ៍នេះ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦។ ហើយគិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅពេលដែលកាលបរិច្ឆេទទទួលអ្នកស្ម័គ្រចិត្តត្រូវបានបញ្ចប់ កម្មវិធីអ្នកស្ម័គ្រចិត្តរបស់ FIFA World Cup 2018 ទទួលបានកំណត់ត្រាថ្មីដោយទទួលបានពាក្យស្នើសុំធ្វើការស្ម័គ្រចិត្ត ប្រហែល១៧៧ពាន់នាក់។ គណៈកម្មាធិការនេះ នឹងទាក់ទងមួយអ្នកស្ម័គ្រចិត្តសរុបចំនួន ១៧០៤០នាក់ និងអ្នកស្ម័គ្រចិត្តតាមទីក្រុងទាំង១១ ដែលត្រូវរៀបចំការប្រកួតចំនួនជាង១៨ពាន់នាក់។

អ្នកស្ម័គ្រចិត្តទាំងនោះទទួលការបណ្តុះបណ្តាលនៅតាមមជ្ឈមណ្ឌលស្ម័គ្រចិត្តទាំង១៥ នៃគណៈកម្មាធិការ រៀបចំកម្មវិធីក្នុងស្រុក ដែលមានមូលដ្ឋាននៅតាមសាកលវិទ្យាល័យចំនួន១៥ និងមជ្ឈមណ្ឌលអ្នកស្ម័គ្រចិត្តនៅតាមទីក្រុងនានា។ ការបណ្ដុះបណ្ដាលនឹងត្រូវបានធ្វើឡើងជាភាសាបរទេស ហេតុនេះអ្នកស្ម័គ្រចិត្តអាចជាជនជាតិរុស្ស៊ី ឬបរទេស។

ដោយឡែកសម្រាប់សេវាដឹកជញ្ជូនសាធារណៈ នឹងត្រូវបានដំណើរការដោយឥតគិតថ្លៃសម្រាប់អ្នកដែលមានសំបុត្រចូលទស្សនាក្នុងអំឡុងនៃការប្រកួត World Cup ក្នុងនោះរួមមានសេវាកម្មជិះរថភ្លើង និងរថយន្តដឹកអ្នកដំណើរ ដែលតភ្ជាប់រវាងទីក្រុងទាំង១១ ដែលរៀបចំការប្រកួត។ ក្រៅពីនេះ ប្រទេសរុស្ស៊ី មានភាពមមាញឹកជាខ្លាំងសម្រាប់កិច្ចការសំខាន់ៗជាច្រើនទៀត ហើយទីបំផុតព្រឹត្តិការណ៍នេះត្រូវបានដំណើរទៅតាមការគ្រោងទុក បន្ទាប់ពីការត្រៀមរង់ចាំអស់រយៈពេល១០ឆ្នាំ បន្ទាប់ពីប្រទេសប្រេស៊ីលធ្វើម្ចាស់ផ្ទះ World Cup 2014៕

ប្រភព៖ Fresh News

ពាក្យទាក់ទង ៖
 

មតិយោបល់