ការពិតកីឡាករ Cristiano Ronaldo មិនបានទិញឡាន Bugatti La Voiture Noire នោះទេ
អ្នកតំណាងរបស់កីឡាករ Cristiano Ronaldo បានចេញមកបដិសេធថា លោកមិនបានទិញរថយន្ត Bugatti La Voiture Noire ដែលមានតែមួយគ្រឿងគត់លើលោក ហើយមានតម្លៃ ១២,៥ លានដុល្លារនោះឡើយ ។
ក្នុងនាមជាកីឡាករតម្លៃខ្លួន ៣៥ លានដុល្លារក្នុងមួយឆ្នាំ Ronaldo ច្បាស់ណាស់ថាអាចទិញរថយន្តនោះបានយ៉ាងងាយស្រួល ប៉ុន្តែរបាយការណ៍ដែលអះអាងថាកីឡាករវ័យ ៣៤ ឆ្នាំខាងលើបានទិញរថយន្តនោះ ត្រូវអ្នកនាំពាក្យរបស់ Ronaldo ប្រាប់ទៅកាន់សារព័ត៌មាន Business Insider ថាជាព័ត៌មានមិនពិតប៉ុណ្ណោះ ។
សូមបញ្ជាក់ថា រថយន្តស្ព័ររបស់ប្រទេសបារាំង Bugatti La Voiture Noire នេះប្រើម៉ាស៊ីនចំណុះ ៨,០ លីត្រ Turbochanged ទំហំ ១៦ ស៊ីឡាំង ដែលអាចបើកដល់ល្បឿន ៤២០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ វាត្រូវបានផលិតឡើងដើម្បីអបអរពិធីខួបគម្រប់ ១១០ ឆ្នាំនៃការបង្កើតក្រុមហ៊ុន Bugatti ៕
ដោយ ៖ ឡុង
ប្រភព ៖ businessinsider