Cristaino Ronaldo ក្លាយជាកីឡាករទាំង៥រូបដែលបង្ហាញខ្លួននៅ Champions League ច្រើនជាងគេ
ខ្សែប្រយុទ្ធ Cristaino Ronaldo របស់ក្លិប Real Madrid បានក្លាយជាកីឡាករមួយរូបក្នុង ចំណោម៥រូបដែលបានបង្ហាញខ្លួនច្រើនជាងគេនៅក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប UEFA Champions League ដោយឈរនៅចំណាត់ថ្នាក់លេខ៤ពីលើកីឡាករ Ryan Giggs អតីត កីឡាកររបស់ក្លិបបិសាចក្រហម ។ខាងក្រោមនេះគឺជាកីឡាករទាំង៥រូបដែលមានវត្តមានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៃការប្រកួត UEFA Champions League ៖
១- Iker Casillas ៖ វីរបុរសក្លិប Real Madrid ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិបយក្សព័រទុយហ្គាល់ Porto រូបនេះ បានបង្ហាញខ្លួនក្នុងការប្រកួតបាល់ទាត់ក្របខ័ណ្ឌកំពូលអឺរ៉ុប បានចំនួន ១៦៥ដង ហើយក្នុងនោះចាប់ផ្ដើមលេងតាំងពីដើមតង់រហូតដល់ ចំនួន ១៦៤ ដង។ បច្ចុប្បន្នអ្នកចាំទីរូបនេះ ឈរចំណាត់ថ្នាក់លេខ ១ក្នុងចំណោមកីឡាករដែលបង្ហាញខ្លួនច្រើនដងជាងគេនៅ Champions League។
២-Xavi ៖ អតីតខ្សែបម្រើដ៏ឆ្នើមរបស់ក្លិបអ្នកមានបុណ្យ Barcelona រូបនេះ បានបង្ហាញខ្លួនក្នុងការប្រកួត Champions League ចំនួន ១៥១ ដង ដោយស៊ុតបាល់បញ្ចូលទីបានចំនួន ១១គ្រាប់ មុនពេលចាកចេញពីក្លិបយក្សអេស្ប៉ាញមួយនេះទៅចូលរួមជាមួយក្លិបកាតារ Al Sadd SC កាលពីឆ្នាំ ២០១៥។
៣-Raul ៖ អតីតកីឡាកររបស់ក្លិបយក្សអេស្ប៉ាញ Real Madrid និងជាកីឡាករដែលពាក់លេខ ៧ មុន Cristaino Ronaldo ក្នុងក្លិបមួយនេះ មានវត្តមានក្នុងការប្រកួតបាល់ទាត់កំពូលអឺរ៉ុប UCL បានចំនួន ១៤២ ដង ដោយក្នុងនោះស៊ុតបាល់បញ្ចូលទីបាន ៧១ គ្រាប់។
៤-Cristaino Ronaldo ៖ ម្ចាស់ជើងឯក Ballon D’or ឆ្នាំ២០១៦រូបនេះ លេងក្នុងការប្រកួត Champions League ចំនួន ១៤១ដង ដូចកីឡាករ Ryan Giggs ដែរ តែខុសត្រង់ថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះនៅបន្តលេងនៅឡើយ ហេតុនេះចំនួននៃការបង្ហាញខ្លួនអាចនឹងបន្តកើនឡើងនៅពេលខាងមុខ។ ក្នុងការបង្ហាញខ្លួនទាំងនេះ Ronaldo ទាត់បាល់បំប៉ោងសំណាញ់ទី បានចំនួន ១០៧ គ្រាប់ កំពុងនាំមុខគេក្នុងចំណោមកីឡាករដែលស៊ុតចូលទីច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌបាល់ទាត់មួយនេះ។
៥-Ryan Giggs ៖ វីរបុរសរបស់ក្លិបបិសាចក្រហម Manchester United រូបនេះ បានបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌChampions Leagueឲ្យក្លិបមួយនេះ រហូតដល់ទៅ ១៤១ដង ដោយក្នុងនោះត្រូវបានដាក់ឲ្យចូលលេងតាំងពីដើមតង់ ចំនួន ១១៨ដង ហើយស៊ុតបាល់បញ្ចូលទីបាន ២៨គ្រាប់ មុនពេលចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ៕
ផ្តល់សិទ្ធិដោយ៖ nokorwatnews