ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

​ប្អូន​ៗ​បាក់ឌុប​មិន​គួរ​អូស​រំលង​!​ អ្នក​ជំនាញ​ប្រាប់​គន្លឹះ​៤​ចំណុច​​​​មុន​ចូល​មហាវិទ្យាល័យ​

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

អប់រំ​៖ ពេលវេលា​នៃ​ការ​ប្រលង​យក​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​របស់​យុវជន​សិស្ស​ថ្នាក់​ទី​១២​ សម្រាប់​ឆ្នាំ​សិក្សា​ ២០១៧​នេះ ​កាន់​តែ​កៀក​ខិត​ជិត​ចូល​មក​ដល់​ហើយ គឺ​នៅ​ថ្ងៃទី២១-២២ ខែ​សីហា ខាង​មុខ​ ហើយបើ​រាប់​ចំនួន​ថ្ងៃ​ នៅ​​ជាង​​មួយ​សប្ដាហ៍​​ទៀត​ប៉ុណ្ណោះ ដូច្នេះ​ខណៈ​ពេល​នេះ​ពួក​គេ​​​មិន​ត្រឹម​តែ​គិត​គួរ​ពី​ការ​ប្រលង​នោះ​ទេ ចំពោះ​​​ការបោះជំហាន​សម្រាប់​ចូល​ដល់​ថ្នាក់​ឧត្ដម​សិក្សា​ក៏​ត្រូវ​ចាប់​ផ្ដើម​គិត​ពី​ពេល​នេះ​ទៅ​ដែរ​។

​លោក ហឿង ប៊ុនលី អតីត​សិស្ស​ប្រលង​បាក់​ឌុប​ សម័យ​ប្រលង​ឆ្នាំ​២០០៩ ​បច្ចុប្បន្ន​គឺ​ជា​សហគ្រិន​​ដ៏​ឆ្នើម​នៅ​ក្នុង​ក្រុង​កំពង់សោម​ ខេត្ត​ព្រះសីហនុ និង​មាន​ឈ្មោះ​បោះ​សំឡេង​ជា​មួយ​ភាព​ជោគជ័យ​លើ​មុខ​ជំនួញ​ស្ថិត​ក្នុង​វិស័យ​អប់រំ ​និង​អាជីវកម្ម​ផ្សេងៗ​ទៀត​ ​លោក​បាន​ឆ្លៀត​ឱកាស​ប្រាប់​ពី​គន្លឹះ​ជោគជ័យ​​ដល់​ប្អូនៗ​បញ្ចប់​ថ្នាក់​ទី១២​ថា “ពេល​ប្រលង​​បាក់ឌុប​ចប់​ហើយ ​កុំ​ភ្លេច​គិត​ដល់​៤​ចំណុច​នេះ”។

តាម​រយៈ​បទ​ពិសោធន៍​លោក​ផ្ទាល់ បន្ទាប់​ពី​ប្រលង​បញ្ចប់​ថ្នាក់​ទី១២​ហើយ​ភ្លាម​ លោក​បាន​ប្រញាប់​ទៅ​រក​សាលា​​មួយ​ ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ភ្លាម ដោយ​មិន​បង្អង់​នៅ​យូរ​ឡើយ ដោយទទួលបាន​អាហារូបករណ៍​៥០​ភាគរយ ពីសាកលវិទ្យាល័យមួយក្នុងខេត្តព្រះសីហនុ ហើយ​ចំណុច​ដែល​លោក​បាន​ប្រាប់​ទាំង​៤​ចំណុច​នោះ​រួម​មាន៖

១-ការ​កំណត់​គោលដៅ៖ លោក​ថា ការ​កំណត់​គោលដៅ​នេះ លោក​មិន​មែន​កំណត់​នៅ​ពេល​ប្រលង​បាក់​ឌុប​រួច​ហើយ​នោះ​ទេ តាម​ពិត​លោក​បាន​កំណត់​គោលដៅជីវិតពី​មុន​ប្រលង​មក​ម្ល៉េះ។ មូលហេតុលោក​មិន​មក​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ ដោយសារ​លោក​គ្មាន​សាច់ញាតិ​ ដែល​រស់​នៅ​ទី​ក្រុង​នោះ​ទេ ទើប​ទិសដៅ​នៃ​ការ​សិក្សា​ថ្នាក់​ឧត្ដម​របស់​លោក ​ឆ្ពោះ​ទៅ​ដល់​ខេត្ត​ព្រះសីហនុ ខណៈ​ដែល​ស្រុក​កំណើត​ នៅ​ឯខេត្ត​កំពត។

២-ការ​ចូល​រួម​សង្គម​៖​ ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដម​សិក្សា ត្រូវ​គិត​ដល់​ចំណុច​ចូល​រួម​សកម្មភាព​​អភិវឌ្ឍន៍​សង្គម​ផង​ព្រោះ​ការងារ​សង្គម​ វា​បាន​ធ្វើ​ឲ្យ​យើង​បាន​យល់​ដឹង​ច្រើន​បន្ថែម​ទៀត ក្រៅ​ពី​ការ​សិក្សា​ ម្យ៉ាង​ទៀត ​យើង​នឹង​មាន​ឱកាស​បង្កើត​នៅ​ការ​ទំនាក់ទំនង​ជា​មួយ​អ្នក​មាន​មុខ​មាត់​នៅ​ក្នុង​សង្គម​ផង​ដែរ​។ ជា​ពិសេស​វា​បាន​ផ្ដល់​នៅ​បទ​ពិសោធន៍​ដ៏​រឹងមាំ​នៅ​ពេល​យើង​បញ្ចប់​ការ​សិក្សាតែម្ដង​។

៣-កុំ​ភ្លេច​ការ​ខិតខំ​រៀន ​និង​ការ​តស៊ូ៖ ចំណុច​នេះ​លោក​ ហឿង ប៊ុនលី បាន​បញ្ជាក់​ថា លោក​បាន​ចាប់​ផ្ដើម​ចេះ​រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ការ​សិក្សា​​ ចាប់​តាំង​ពី​លោក​រៀន​ចប់​ឆ្នាំ​ទី​១​ចូល​ដើម​ឆ្នាំ​ទី២ ពេល​នោះ​បើក​សេវាកម្ម​បកប្រែ ​និង​សេវាកម្ម​គ្រូ​បង្រៀន​ជំនួស​គ្រូ​អវត្តមាន​តាម​មជ្ឈមណ្ឌល​នានា​ក្នុង​ក្រុង​ព្រះសីហនុ។ លោក​ថា ទោះ​រវល់​ប៉ុណ្ណា​ ក៏​លោក​មិន​ដែល​​អវត្តមាន​ម៉ោង​គ្រូ​រំលឹក​មេរៀន​ដែរ ហេតុ​ដូច្នេះ​ហើយ​ទើប​ពិន្ទុ​នៃ​ការ​សិក្សា​របស់​លោក​មិន​ដែល​ក្រោម​គេ​នោះ​ទេ។

៤-ត្រូវ​ដើរ​ទាន់​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ពិភពលោក​៖ ចំណុច​នេះ​លោក​ថា ការ​សិក្សា​បើ​គ្មាន​ការ​ស្រាវជ្រាវ​មុន​ទេ គឺ​មិន​អាច​ប្រកួត​ប្រជែង​ជា​មួយ​មិត្ត​រួម​ថ្នាក់​បាន​នោះ​ទេ។ ​ម្យ៉ាង​ទៀត​ការ​ស្រាវជ្រាវ​តាម​រយៈ​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ពិភពលោក​​នា​ពេល​សព្វ​ថ្ងៃ​នេះ ធ្វើ​ឲ្យ​យើង​កើន​ចំណេះ​ដោយ​នឹក​ស្មាន​មិន​ដល់​។​ ចំណុច​មួយ​ជា​ឧទាហរណ៍​ លោក​រៀន​មហាវិទ្យាល័យ​អក្សរសាស្ត្រ​ភាសា​អង់គ្លេស ប៉ុន្តែ​លោក​ក៏​អាច​បង្កើត​វែបសាយ​​ និង​ប្រើប្រាស់​បណ្ដាញ​សង្គម​នានា​​ផ្សេង​ៗ​ទៀត យ៉ាង​ស្ទាត់​ជំនាញ​ផង​ដែរ​។

​គួរ​រម្លឹក​ថា ​​នៅ​អត្ថបទ​ក្រោយ​ ខេឃ្យូប​ នឹង​ចុះ​ផ្សាយ​នៅ​​ជីវប្រវត្តិ​ពិស្ដារ​​លោក​ ហឿង ប៊ុនលី អគ្គនាយក​​ក្រុមហ៊ុន YEB Group ដែល​ជា​សហគ្រិន​វ័យក្មេង​កាន់​កាប់​អាជីវកម្ម​ច្រើន​មុខ​ក្នុង​ដៃ និង​មាន​​ប្រវត្តិ​តស៊ូ​ពី​កូន​អ្នក​ស្រែ​ចំការ​ ឡើង​មក​រៀន​​នៅ​ខេត្ត​ព្រះសីហនុ​ អំឡុង​ឆ្នាំ​២០០៩។ រយៈ​ពេល​ត្រឹម​តែ​ ៨​ឆ្នាំ​សោះ លោក​ជោគជ័យ​​ទាំង​ការ​សិក្សា និង​មុខ​ជំនួញ ពិត​ជា​មិន​សរសើរ​មិន​បាន​។ តើចង់ដឹងទេថា បទពិសោធន៍ជីវិត និងមុខជំនួញរបស់លោកមានអ្វីបន្ថែមទៀតដែរឬទេ?​

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់